38.1 C
Phnom Penh

ក្រោយពី​អគ្គិភ័យ មន្ត្រី​ប្រាប់​អាជីវករ​ថា​ត្រូវ​សង់​តូប​​ដោយ​ខ្លួន​ឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​សំណល់​ផេះផង់​ភាគច្រើន​ត្រូវ​បាន​សម្អាត​ចេញ​ពី​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ​នោះ កាលពី​ថ្ងៃ​អង្គារ​ មន្ត្រី​ម្នាក់​បាន​ប្រាប់​ក្រុម​អាជីវករ​ដែល​តូប​លក់ដូរ​និង​ទំនិញ​របស់​ពួកគាត់​ត្រូវ​បាន​បំផ្លាញ​ដោយ​អគ្គិភ័យ​ដែល​ឆាបឆេះ​អស់​រយៈ​ពេល​ជាង​២​ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ឲ្យ​ចាប់​ផ្តើម​ការ​សង់​តូប​ឡើងវិញ​ដោយ​ខ្លួន​ឯង។fire-folo

ថ្វីបើ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក្តី ក៏តូប​លក់ដូរ​ជាង​២០០​តូប​ត្រូវ​ឆេះ​ខ្ទេច និង​តូប​ជាច្រើន​ទៀត​ខូចខាត​ក្នុង​អគ្គិភ័យ ដែល​បាន​ឆេះ​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ព្រឹក ​ដែល​បង្ក​ឡើង​ដោយសារ​បញ្ហា​ឆ្លង​អគ្គិសនី។

កាលពី​ថ្ងៃ​អង្គារ កន្លែង​ភ្លើង​ឆេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ បន្ទាប់ពី​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិនទ្រី ដែល​មាន​តែ​មួយក្នុង​ក្រុង បាន​ឲ្យ​ត្រាក់ទ័រ​ រថយន្ត​ដឹក​សម្រាម​ និង​កម្មករ​ជាង​៣០​នាក់​ចូល​ជួយ​សម្អាត។

លោក គួច ចំរើន អភិបាល​ខណ្ឌ​ដូនពេញ​បាន​មាន​ប្រសាសន៍​ថា ការ​រាប់​ចំនួន​តូប​នៅ​ពេល​ថ្មី​បំផុត​នេះ​បាន​កំណត់​ចំនួន​តូប​ដែល​ឆេះ​ខ្ទេច​មាន​២០៥​តូប។ ម្ចាស់​តូប​បាន​ចំណាយ​ពេល​សឹងតែ​មួយ​ថ្ងៃ​ច័ន្ទ កកេះ​កកាយ​តាម​គំនរ​ផេះផង់​រក​សំណល់​ទំនិញ​របស់​ខ្លួន ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ ពួកគាត់​មាន​ពេល​តិចតួច​ណាស់ ក្រៅតែពី​ឈរ​មើល​ការ​បោស​សម្អាត​ប៉ុណ្ណោះ។

លោក ចំរើន បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​បង​ប្អូន​​សង្ឃឹម​លើ​ការ​រកស៊ី​និង​​រៀបចំ​សាជាថ្មី អ៊ីចឹង​បងប្អូន​មាន​កិច្ចការ​ច្រើន​ត្រូវធ្វើ​និង​លឿន។

លោក​បាន​ប្រាប់​អាជីវករ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ផ្សារ​ចាស់​ថា “សូម…​សង់តូប​របស់​បងប្អូន​ឡើងវិញ​ដោយ​ខ្លួន​ឯង ពីព្រោះបងប្អូន​នឹង​ត្រូវ​រង់ចាំ​យូរ​បើ​ចាំ​រដ្ឋ​ជួយ​នោះ”។ លោក​បាន​បន្ថែម​ថា បើ​ពួកគាត់​ចាប់​ផ្តើម​សង់​ដោយ​ខ្លួន​ឯង ពួកគាត់​អាច​ហើយ​រួចរាល់​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ។

លោក​មាន​ប្រសាសន៍​ទៀត​ថា “ការ​ខូច​ខាត​នេះ​មាន​ចំនួន​ទឹកប្រាក់​ប្រហែល១,៥​លាន​ដុល្លារ ប៉ុន្តែ​យើង​មិន​បាន​គិត​ថា​នឹង​មាន​អគ្គិភ័យ​កើត​ឡើង​នោះ​ទេ។ ហើយ​គ្មាន​ច្បាប់​ណា​ដែល​ចែង​ថា រដ្ឋាភិបាល​ត្រូវ​សង​ការ​ខូចខាត​ដល់​បងប្អូន​ឡើយ អ៊ីចឹង​តើ​មានអី​ត្រូវ​សង​?”

លោក សាន សុខលុច អាជីវករអាយុ​២៩​ឆ្នាំ ដែល​លក់​ទឹកអប់​និង​គ្រឿង​ប្លាទីន បាន​និយាយ​ថា គាត់​បាន​ខាតបង់​ជិត​១០.០០០​ដុល្លារ​ដោយសារ​អគ្គិភ័យ​នោះ ហើយ​មិន​រំពឹង​ថា សាលា​ក្រុង​នឹង​ជួយ​គាត់​នៅ​ពេល​ឆាប់​នេះ​ទេ។ លោក​បាន​និយាយ​ទៀត​ថា “គេ​បាន​និយាយ​ថា ត្រូវការ​ពេល​ជាង​បួន​ខែ​ដើម្បី​ជួយ​យើង ប៉ុន្តែ ខ្ញុំ​មិន​មាន​ពេល​បួន​ខែ​ត្រូវ​រង់​ចាំ​ទេ ដូច្នេះ ខ្ញុំ​ចាំបាច់​ត្រូវ​សង់​ឡើង​វិញ​ដោយ​ខ្លួន​ខ្ញុំ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស