34 C
Phnom Penh

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​​​​ថា ការសើុប​​​អង្កេត​​​លើ​​​ក្រសួង​​​សុខាភិបាល​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ចុង​​​ក្រោយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​នឹង​​​បញ្ជូន​​​មន្ត្រី​​​ទៅ​​​ប្រទេស​​​សិង្ហបុរី​​​នៅ​​​ថ្ងៃ​​​នេះ​​​សម្រាប់​​​ការ​​​សើុប​​​អង្កេត ​​​”ដំណាក់​​​កាល​​​​​​ចុង​​​ក្រោយ​​​” ​​​លើ​​​ករណី​​​ពុក​​​រលួយ​​​ក្នុង​​​ក្រសួង​​​សុខាភិបាល​​​ ដែល​​​ត្រូវ​​​បាន​​​លាត​​​ត្រដាង​​​លើក​​​ដំបូង​​​នៅ​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​មួយ​​​ដែល​​​មូល​​​និធិពិភព​​​លោក​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​អេដស៍​​​​​​ របេង​​​ និង​​​គ្រុន​​​ចាញ់​​​ បា​​​ន​​​ប្រកាស​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​មុន​​​។global-fund

ក្នុង​​​ចំណោម​​​លទ្ធផល​​​រក​​​ឃើញ​​​ដ៏​​​អាក្រក់​​​បំផុត​​​នៅ​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​របស់​​​មូលនិធិ​​​ពិភព​​​លោក​​​ (Global Fund) គឺ​​​ថា មន្ត្រី​​​នៅ​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ បារ៉ាស៊ីតសាស្ត្រ​​​-បាណក​​​សាស្ត្រ (CNM) បាន​​​ឃុប​​​ឃិត​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​​​​ផលិត​​​មុង​​​បរទេស​​​ ដើម្បី​​​​​​កឹបកេង​​​ប្រាក់​​​របស់​​​មូល​​​និធិពិភព​​​លោក​​​ ដែល​​​ទុក​​​សម្រាប់​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​។

ប្រាក់​​​​​​ជាង​​​៣៥០.០០០ដុល្លារ​​​ត្រូវ​​​បាន​​សូក​​​ប៉ាន់ទៅ​​​លោក ឌួង សុជាតិ ដែល​​​បាន​​​ចូល​​​និវត្តពី​​​តំណែង​​​​​ប្រធាន​​​របស់​​​ CNM កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ និង​​​ប្រហែល៦០.០០០​​​ដុល្លារសូក​​​ប៉ាន់​​​អនុប្រធាន​​​របស់​​​លោក​​​ នេះ​​​បើ​​​យោង​​​តាម​​​របាយការណ៍​​​ដែល​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​ Vestergaard Frandsen របស់​​​ប្រទេសស​​​្វីស និង​​​ក្រុម​​​ហ៊ុន​​ Sumitomo Chemical Singapore​​​ របស់​​​ប្រទេស​​​សិង្ហបុរី​​​ បាន​​​សូក​​​ប៉ាន់​​​មន្ត្រី​​​ទាំង​​​នេះ​​​ដើម្បី​​​ទទួល​​​បានកិច្ច​​​សន្យា​​​របស់​​​មូលនិធិពិភព​​​លោក។

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​មួយ​​​ជា​​​មួយ​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើពុក​​​រលួយនៃ​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិលមិញ លោក ឱម​​​ យិុន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំងអំពើ​​​ពុក​​​រលួយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​ពេល​​​នេះ​​​អង្គភាព​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​សហប្រតិបត្តិការ​​​ជាមួ​​​យ​​​មន្ត្រី​​​សិង្ហបុរី​​​ ដើម្បី​​​បញ្ចប់​​​ការ​​​សើុប​​​​​​អង្កេត​​​នេះ។ លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា “ថ្ងៃ​​​​​​ស្អែក​​​យើង​​​នឹង​​​បញ្ជូន​​​អ្នក​​​សើុប​​​អង្កេត​​​របស់យើង​​​ទៅ​​​សិង្ហបុរី។ ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​ដំណាក់​​​កាល​​​ចុង​​​ក្រោយ​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​សរុប​​​របស់​​​យើង​​​”។

នៅ​​​ពេល​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​សាក​​​សួរ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ការ​​​សើុប​​​អង្កេត​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួ​​​យ​​​​​​ចំណាយ​​​ពេល​​​យូរ​​​ម្លេ៉ះ​​​ ដោយ​​​សារ​​​ថា មូល​​​និធិពិភព​​​លោក​​​​​​បាន​​​ធ្វើ​​​កិច្ច​​​ការ​​​នេះ​​​ជា​​​ច្រើន​​​រួច​​​មក​​​ហើយ​​​នោះ លោក ឱម យិុន​​​ទៀង ហាក់​​​ដូច​​​ជា​​​រួញ​​​រា​​​។ លោក​​​បាន​​​ឆ្លើយ​​​តប​​​​​​ថា “វា​​​មិន​​​ទាន់​​​លើស​​​មួយ​​​ឆ្នាំ​​​នៅ​​​ឡើយ​​​ផង​​​ វា​​​មិន​​​យូរ​​​ពេក​​​ទេ​​​។ អស់​​​លោក​​​និយាយ​​​ថា មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ ប៉ុន្តែ តើ​​​អស់​​​លោក​​​ប្រាកដ​​​ទេ?”។

លោក អ៊ាង មូលី​​​​​ ប្រធាន​​​គណៈកម្មការ​​​សម្រប​​​សម្រួល​​​របស់​​​មូល​​​និធិពិភព​​​លោក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ការ​​​ជូន​​​ដំណឹង​​​អំពី​​​ស្ថាន​​​ភាព​​​នៃ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ឡើយ​​​ទេ។ និយាយ​​​អំពី​​​ជោគ​​​វាសនា​​​របស់​​​លោក ឌួង សុជាតិ​​​ វិញ​​​ លោក អ៊ាង មូលី​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​ប៉ាន់​​​ស្មាន​​​ថា តើ​​​ចុង​​​ក្រោយ​​​​​​នឹង​​​មាន​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​ឬ​​​យ៉ាង​​​ណា​​​ឡើយ​​​​​​។​​​​​​ លោក​​​បាន​​​លើក​​​ឡើង​​​ថា “អ្វី​​​ដែល​​​ខ្ញុំ​​​ដឹង​​​គឺ​​​ថា គាត់​​​ [លោក សុជាតិ] បាន​​​សង​​​ប្រាក់​​​នោះ​​​វិ​​​ញ​​ហើយ​​​។ ប៉ុន្តែ ថា​​​តើ​​​នឹង​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ឬ​​​យ៉ាង​​​ណា​​​នោះ​​​ ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ វា​​​ស្រេច​​​លើ​​​​​​អង្គភាព​​​ប្រឆាំង​​អំពើ​​​ពុក​​​រលួយ​​​”៕សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ Colin Meyn)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស