38 C
Phnom Penh

មន្ត្រី​​​ គ.ជ.ប. បាន​​​លើក​​​ឡើង​​​ថា​​​ កា​​​រដោះដូរ​​​សមាជិក​​​សភា​​​នឹង​​​ជា​​​រឿង​​​ស្រប​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទេព នីថា អគ្គលេខាធិការ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.)​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​ អាច​​​ជា​​​សមាជិក​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​ចំនួន​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ទោះ​​​បី​​​ជា​​​លោក​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ធ្វើ​​​កុបកម្ម​​​ក៏​​​ដោយ។

លោក សុវណ្ណារ៉ា ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កា​​​លពី​​​ដើម​​​ខែ​​​នេះ​​​ក្រោម​​​ការ​​​ចោទ​​​​​​ប្រកាន់​​​របស់​​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​តវ៉ា​​​ដែល​​​មាន​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​​​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ដោយ​​​ធ្វើ​​​​​​ឲ្យ​​​សមាជិក​​​ និង​​​មន្ត្រី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជាង​​​១០​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ទាំងអស់​​​ ប៉ុន្តែ មាន​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​។

លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា គណបក្ស​​​សង្គ្រោះ​​​​​ជាតិ​​​​​​នឹង​​​ស្នើ​​​ឲ្យ​​​ លោក យន់ ថារ៉ូ ដែល​​​ជា​​​បេក្ខភាព​​​តំណាង​​​រាស្ត្រ​​​លេខ​​​រៀង​​​ទី២​​​មណ្ឌល​​​បន្ទាយ​​​មាន​​​ជ័យ​​​បើក​​​ផ្លូវ​​​សម្រាប់​​​លោក​​​ សុវណ្ណារ៉ា ដែល​​​ជា​​​​​​បេក្ខភាព​​​តំណាង​​​រាស្ត្រ​​​លេខ​​​រៀង​​​ទី​​​៣​​​​​​មិន​​​ជាប់​​​ឆ្នោត​​​ អំឡុង​​​ការ​​​បោះឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ដោះដូរ​​​នេះ​​​នឹង​​​ផ្តល់​​​អភ័យ​​​ឯកសិទ្ធិ​​​​​​តំណាង​​​រាស្ត្រ​​​ដល់​​​លោក​​​ សុវណ្ណារ៉ា ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស ហើយ​​​បង្ខំ​​​ឲ្យ​​​តុលាការ​​​ចេញ​​​សេចក្តី​​​បង្គាប់​​​ដោះ​​​លែង​​​លោក​​​។

លោក ទេព​​​ នីថា បាន​​​លើក​​​ឡើង​​​ថា ការ​​​ដោះ​​​ដូរ​​​បែប​​​នេះ​​​សម្រាប់​​​លោក​​​ សុវណ្ណារ៉ា នឹង​​​អាច​​​ទៅ​​​រួច​​​ប្រសិន​​​បើ លោក ថារ៉ូ លា​​​លែង​​​ពី​​​តំណែង​​​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​បោះ​​​ឆ្នោត​​​ចែង​​​ថា  ប្រសិន​​​បើ​​​សមាជិក​​​សភា​​​រូប​​​ណា​​​ស្លាប់​​​ លា​​​លែង​​​ពី​​​តំណែង​​​ ឬ​​​ក៏​​​បាត់​​​បង់​​​បេក្ខភាព​​​តំណាង​​​រាស្ត្រ​​​របស់​​​​​​ខ្លួន​​​ បេក្ខភាព​​​បន្ទាប់​​​ដែល​​​នៅ​​​ក្នុង​​​គណបក្ស​​​តែ​​​មួយ​​​គួរ​​​តែត្រូវ​​​បាន​​​ប្រកាស​​​ជ្រើស​​​រើស​​​ជា​​​សមាជិក​​​សភា​​​នៃ​​​គណបក្ស​​​ពាក់​​​ព័ន្ធ​​​”។

ប៉ុន្តែ លោក​​​ ទេព នីថា បាន​​​និយាយ​​​ថា លោក​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​ថា តើ​​​លោក សុវណ្ណារ៉ា នឹង​​​ត្រូវ​​​ដោះលែង​​​ពី​​​ពន្ធនាគារ​​​ដើម្បី​​​មក​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​​​​ជា​​​សមាជិក​​​សភា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពាក់​​​ព័ន្ធនឹង​​​បញ្ហា​​​អភ័​​​យ​​​ឯកសិទ្ធិ​​​ វា​​​គ្មា​​​ន​​​អ្វី​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ គ.ជ.ប.​​​ទេ។​​​ ប៉ុន្តែ សម្រាប់​​​ករណី​​​របស់​​​លោក សុវណ្ណារ៉ា តុលាការ​​​នៅ​​​មិន​​​ទាន់​​​ចេញ​​​សេចក្តី​​​សម្រេច​​​ចុង​​​ក្រោយ​​​នៅ​​​ឡើយ​​​ទេ ហេតុ​​​ដូច្នេះ​​​ការ​​​ដោះ​​​ដូរ​​​អាច​​​ទៅ​​​រួច​​​”។

លោក ហែម សុជាតិ មេធាវី​​​របស​​​់លោក សុវណ្ណារ៉ា បាន​​​​​​លើក​​​ឡើង​​​ថា ប្រសិនបើ​​​ លោក សុវណ្ណារ៉ា ក្លាយ​​​ជា​​​មាជិក​​​សភា​​​ លោក​​​នឹង​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​ភ្លាមៗ។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់មក​​​តុលាការ​​​ត្រូវ​​​តែ​​​ដោះ​​​លែង​​​គាត់​​​ពី​​​ពន្ធនាគារ​​​ដោយ​​​ស្វ័យប្រវត្តិ ហើយ​​​តុលាការ​​​មិន​​​អាច​​​ឃុំ​​​ឃាំង​​​គាត់​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​បាន​​​ឡើយ”។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ថារ៉ូ ដើម្បី​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។ លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា លោក​​​នៅ​​​មិន​​​ទាន់​​​ស្នើ​​​សុំ​​​ដោយ​​​ផ្ទាល់​​​ទៅ​​​លោក​​​ ថារ៉ូ ឲ្យ​​​លាលែង​​​ពី​​​តំណែង​​​នៅ​​​ឡើយ​​​ទេ។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ចង់​​​ឲ្យគាត់​​​មាន​​​អារម្មណ៍​​​មិន​​​ល្អ​​​ឡើយ​​​ ព្រោះ​​​គាត់​​​ទើប​​​តែ​​​មាន​​​ជំងឺ​​​ដាច់​​​សរសៃ​​​ឈាម​​​ក្នុង​​​ខួរ​​​ក្បាល ហើយ​​​គាត់​​​មាន​​​សុខភាពមិន​​​ល្អ​​​នោះ​​​ទេ​​​”៕ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស