38 C
Phnom Penh

នគរ​​​បាល​​​កូរ៉េ​​​លើក​​​ឡើង​​​ថា ស្ត្រី​​​ខ្មែរ​​​ត្រូវ​​​គេ​​​សម្លាប់​​​ដើម្បី​​​ទទួល​​​បាន​​​​​​ប្រាក់​​​ធានារ៉ាប់​​​រង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​មួយ​​​ចុះ​​​ផ្សាយ​​​ដោយ​​​កាសែត today’s Korea JoongAng Dialy បាន​​​ឲ្យដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ នគរបាល​​​កូរ៉េ​​​បាន​​​ចាប់​​​ខ្លួន​​​បុរ​​​សម្នាក់​​​ ពី​​​បទ​​​​​​សង្ស័យ​​​ថា​​​បាន​​​​​​សម្លាប់​​​ប្រពន្ធ​​​ជន​​​ជាតិ​​​ខ្មែរ​​​ ដែល​​​កំពុង​​​មាន​​​ផ្ទៃពោះ​​​ ដើម្បី​​​​​​ប្រមូល​​​ប្រាក់​​​ប្រហែល​​​៨,៥លាន​​​ដុល្លារ​​​ ពី​​​ធានារ៉ាប់​​​រង​​​​​​អាយុជីវិត​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ចំនួន​​​២៦ ដែល​​​បុរស​​​រូប​​​នេះ​​​បាន​​​ទិញ​​​ឲ្យ​​​នាង​​​។

អត្ថបទ​​​កាសែត​​​នេះ​​​​​​បាន​​​ចុះ​​​ផ្សាយ​​​ថា  បុរស​​​អាយុ​​​៤៥​​​ឆ្នាំ ដែល​​​គេ​​​បញ្ចេញ​​​ឈ្មោះ​​​ត្រឹម​​​តែ​​​ថា “Lee” នោះ​​​ត្រូវ​​​បាន​​​សង្ស័យ​​​ថា បាន​​​ឲ្យ​​​ថ្នាំ​​​ងងុយ​​​ដេក​​​ទៅ​​​ប្រពន្ធ​​​ជន​​​ជាតិ​​​ខ្មែរ​​​លេប​​​មុន​​​ពេល​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន​​​បុក​​​រថយន្ត​​​ធុន​​​ធំ​​​ ដែល​​​កំពុង​​​ចត​​​​​​នៅ​​​ស្ងៀម​​​មួយ​​​គ្រឿង ខណៈ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​អង្គុយ​​​នៅ​​​កៅអី​​​មុខ​​​ជាប់​​​តៃកុង​​​។

អត្ថបទ​​​កាសែត​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា លោក Lee បាន​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន​​​ទៅ​​​បុក​​​នឹង​​​រថយន្ត​​​​​​ដឹក​​​ទំនិញ​​​ចំណុះ​​​៨​​​តោន ដែល​​​ចត​​​នៅ​​​ចំណត​​​បន្ទាន់​​​មួយ​​​នា​​​វេលា​​​ម៉ោង​​​ប្រហែល​​​៣ និង​​​៤០នាទី​​​ទៀប​​​ភ្លឺ​​​ កាល​​​ពី​​​ថ្ងៃទី​​​២៣​​​ ខែ​​​សីហា​​​។ ប្រពន្ធ​​​របស់​​​គាត់​​​ដែល​​​ជា​​​ជន​​​អន្តោប្រវេសន៍​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា​​​គឺ​​​អង្គុយ​​​នៅ​​​កៅ​​​មុខ​​​ជាប់​​​តៃ​​​កុង​​​ហើយ​​​បាន​​​ស្លាប់​​​។ នាង​​​មាន​​​ផ្ទៃពោះ​​​ប្រាំពីរ​​​ខែ​​​ហើយ​​​”។

អត្ថបទ​​​កាសែត​​​នេះ​​​​​​បាន​​​ចុះ​​​ផ្សាយ​​​ទៀត​​​ថា គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ដែល​​​បណ្តាល​​​ឲ្យមាន​​​មនុស្ស​​​ស្លាប់​​​នេះ​​​កើត​​​ឡើង​​​នៅ​​​ចម្ងាយ​​​៣៣៥គីឡូម៉ែត្រ ពី​​​ទី​​​ក្រុង​​​ Busan ជា​​​ទីក្រុង​​​ធំទី​​​២ បន្ទាប់​​​ពី​​​ទីក្រុង​​​សេអ៊ូល​​ រីឯ​​​ប្តី​​​ជន​​​ជាតិ​​​កូរ៉េ​​​​​​នោះ គ្រាន់​​​តែ​​​រង​​​របួស​​​ស្រាល​​​តែ​​​ប៉ុណ្ណោះ​​​។ នគរ​​បាល​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​ដក​​​ស្រង់​​​សំដី​​​របស់​​​បុរស​​​នេះ​​​មក​​​ថា  “គ្រោះ​​​ថ្នាក់​​​នេះ​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​ខ្ញុំ​​​ងោក​​​មួយ​​​ភ្លែត​​​​​​ទៅលើ​​​ចង្កូត​​​រថយន្ត​​​”។

អត្ថបទ​​​កាសែត​​​នេះ​​​មិន​​​បាន​​​ប្រាប់​​​​​​ឲ្យ​​​ដឹង​​​ពី​​​ឈ្មោះ​​​របស់​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​រូប​​​នេះ​​​​​​ ឬ​​​អត្តសញ្ញាណ​​​របស់​​​នាង​​​ឡើយ ហើយ​​​បាន​​​​​​ចុះ​​​ផ្សាយ​​​ត្រឹម​​​តែ​​​ថា នាង​​​បាន​​​រៀប​​​ការ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​​តែ​​​ប៉ុណ្ណោះ​​​ ។ ហើយ​​​​​​គ្រោះ​​​ថ្នាក់​​​នេះ​​​ដំបូង​​​ឡើយ​​​ត្រូវ​​​នគរ​​​បាល​​​សន្និដ្ឋាន​​​ថា ជា​​​ឧបទ្ទវហេតុ​​​មួយ។

អត្ថបទ​​​កាសែត​​​នេះបាន​​​ចុះ​​​​​​ផ្សាយ​​​បន្ត​​​ទៀត​​​ថា “ករណី​​​នេះ​​​ស្ទើរ​​​តែ​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​គ្រោះ​​​ថ្នាក់​​​ដ៏​​​សោក​​​នាដកម្ម​​​មួយ​​​ទៅ​​​ហើយ​​​​​​រហូត​​​ដល់​​​នគរ​​​បាល​​​បាន​​​​​​ដឹង​​​ថា លោក Lee ​​​បាន​​​ទិញ​​​​​​ប័ណ្ណ​​​ធានារ៉ាប់រង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដល់​​​ទៅ​​​២៦​​​ឲ្យ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ ​​​ដែល​​​គាត់​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​សរុប​​​មក​​​វិញ​​​ចំនួន​​​៩,៦ពាន់​​​លាន​​​វ៉ុន [៨.៦៤០.៨៦៤ដុល្លារ​​​]​​​​​​​​​​​​​​​” នោះ​​​។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ចំនួន​​​ទឹក​​​ប្រាក់សរុប​​​ដែល​​​លោក Lee​​​ ត្រូវ​​​បង់​​​ក្នុង​​​មួយ​​​ខែ​​​ៗ​​​សម្រាប់​​​ធានារ៉ាប់​​​រង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ទាំង​​​២៦​​​នេះ គឺ​​​ប្រហែល​​​២.៧០០ដុល្លារ។

អត្ថបទ​​​កាសែត​​​នេះ​​​បាន​​​ចុះផ្សាយ​​​បន្ថែម​​​ថា “យោង​​​តាម​​​ការ​​​វិភាគ​​​លើ​​​ខ្សែ​​​អាត់​​​វីដេអូ​​​កាម៉េរា​​​សុវត្ថិភាព​​​ បាន​​​បង្ហាញ​​​ថា លោក Lee ​​​បាន​​​គ្រប់​​​គ្រង​​​រថយន្ត​​​របស់​​​ខ្លួន​​​នៅ​​​ពេល​​​​​​កើត​​​ហេតុ​​​នោះ​​​មិន​​​ដូច​​​អ្នក​​​បើក​​​បរ​​​ដែល​​​ងងុយ​​​ដេក​​​នោះ​​​​​ឡើយ​​​។ លោក Lee បាន​​​បើក​​​ភ្លើង​​​ហ្វា បំភ្លឺ​​​ទៅ​​​ខាង​​​មុខ​​​ចម្ងាយ​​​ប្រមាណ​​​៤០០ម៉ែត្រ​​​ពី​​​រថយន្ត​​​ធុន​​​ធំ​​​ ហើយ​​​បាន​​​បើក​​​ទៅ​​​បុក​​​រថយន្ត​​​នោះ​​​ប្រកប​​​ដោយ​​​ជំនាញ​​​។ លោក Lee បាន​​​ពាក់​​​ខ្សែក្រវាត់​​​សុវត្ថិភាព​​​​​​នៅ​​​ពេល​​​​​​កើត​​​ហេតុ​​​ ចំណែក​​​ប្រពន្ធ​​​របស់​​​គាត់​​​មិន​​​ពាក់​​​នោះ​​​ឡើយ​​​”។

នគរ​​​បាល​​​​​​ត្រូវ​​​បាន​​​គេ​​​ដក​​​ស្រង់​​​សំដី​​​មក​​​​​​ថា “វាមិនអាច​​​ទៅ​​​រួច​​​ទេ​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ចង្កូត​​​រថយន្ត​​​ដូច​​​អ្វី​​​ដែល​​​លោក Lee បាន​​​ធ្វើ​​​ ប្រសិន​​​បើ​​​អ្នក​​​បើក​​​បរ​​​ពិត​​​ជា​​​ងងុយ​​​ដេក​​​មែន​​​នោះ​​​”។

ខ្សែ​​​អាត់​​​វីដេអូ​​​ស្តី​​​ពី​​​គ្រោះ​​​ថ្នាក់​​​កាល​​​ពីថ្ងៃ​​​ទី​​​២៣ ខែសីហា​​​នេះ​​​ ដែល​​​ត្រូវ​​​បាន​​​ចាក់​​​ផ្សាយ​​​តាម​​​កញ្ចក់​​​ទូរទស្សន៍​​​កូរ៉េ​​​ខាង​​​ត្បូង​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​បាន​​​បង្ហាញ​​​ថា បើ​​​យោង​​​តាម​​​​​​ភ្លើង​​​ចង្កៀង​​​​​​​​មុខ​​​របស់​​​រថយន្ត​​​នេះ​​​បង្ហាញ​​​ថា រថយន្ត​​​នេះ​​​ស្ថិត​​​ក្នុង​​​ល្បឿន​​​មួយ​​​ថេរ ហើយ​​​បាន​​​បើក​​​ឆ្ពោះ​​​ត្រង់​​​សំដៅ​​​ទៅ​​​រថយន្ត​​​ធុន​​​ធំ​​​ដែល​​​ចត​​​នៅ​​​ស្ងៀម​​​តែ​​​ម្តង​​​។

យោង​​​តាម​​​កាសែត today’s Korea JoongAng Daily  បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា​​​ បុរស​​​ជន​​​ជាតិ​​​កូរ៉េ​​​រូប​​​នេះ​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​នគរ​​​បាល​​​ ដែល​​​ថា ករណី​​​នេះ​​​ជា​​​ករណី​​​ឃាត​​​កម្ម​​​។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក សុទ្ធ​​​ ឌីណា ឯក​​​អគ្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​កំពុង​​​ទាក់​​​ទង​​​នគរ​​​បាល​​​នៅ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ជាប់​​​ជា​​​និច្ច​​​ ប៉ុន្តែ​​​ថា ពួក​​​គេ​​​នៅ​​​មិន​​​ទាន់​​​ផ្តល់​​​របាយការណ៍​​​អំពី​​​ករណី​​​នេះ​​​ទៅ​​​ស្ថាន​​​ទូត​​​របស់​​​លោក​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចំពោះ​​​ករណី​​​នេះ​​​ខ្ញុំ​​​កំពុង​​​សហការណ៍​​​ជាមួយ​​​នគរ​​​បាល​​​កូរ៉េ​​​នៅ​​​ឡើយ​​​ ដើម្បី​​​បញ្ជាក់​​​ថា តើ​​​នាង​​​ត្រូវ​​​គេ​​​សម្លាប់​​​ដោយ​​​របៀប​​​ណា​​​។ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​នគរ​​​បាល​​​​​​កូរ៉េ​​​នៅ​​​មិន​​​ទាន់​​​បង្ហាញ​​​ករណី​​​ពិត​​​ដល់​​​ខ្ញុំ​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ ស្ថាន​​​ទូត​​​កម្ពុជា​​​របស់​​​យើង​​​នៅ​​​តែ​​​ព្យាយាម​​​ជំរុញ​​​ឲ្យ​​​ពួកគេ​​​​​​ស្វែង​​​រក​​​មូល​​​ហេតុ​​​ពិត​​​ប្រាក​​​ដ​​​”។ លោក ឌីណា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​រូប​​​នេះ​​​បាន​​​ប្តូរ​​​ឈ្មោះ​​​ទៅ​​​ជា​​​ឈ្មោះ​​​កូរ៉េ បន្ទាប់​​​ពី​​​នាង​​​បាន​​​រៀបការ​​​រួច ប៉ុន្តែ លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មាន​​​ការ​​​សង្ស័យ​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​ ហើយ​​​ខ្ញុំ​​​បាន​​​ទាក់​​​ទង​​​មន្ត្រី​​​នគរ​​​បាល​​​កូរ៉េ​​​ហើយ​​​ ហើយ​​​ពួក​​​គេ​​​បាន​​​និយាយ​​​ថា ខ្លួន​​​នឹង​​​សហការ​​​ជាមួយ​​​ស្ថាន​​​ទូត​​​ដើម្បី​​​បញ្ជាក់​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​ករណី​​​នេះ​​​”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស