យោងតាមម្ចាស់អាជីវកម្ម និងបណ្តាអ្នកជំនាញខាងឧស្សាហកម្មកៅស៊ូបានឲ្យដឹងថា ពាណិជ្ជកម្មកៅស៊ូឆ្លងដែនខុសច្បាប់ កំពុងតែកាក់កបខ្លាំងនៅក្នុងប្រទេសកម្ពុជា ស្របពេលតម្លៃកៅស៊ូនៅលើទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងគំហុក ហើយវាកំពុងតែគំរាមកំហែងដល់ក្រុមហ៊ុនកែច្នៃស្របច្បាប់នានានៅក្នុងប្រទេស។
នៅឆមាសទី១ដើមឆ្នាំនេះ តម្លៃកៅស៊ូក្នុងស្រុកបានធ្លាក់ចុះប្រហែល៣០ភាគរយដោយសារតែសម្ពាធពិភពលោក ធ្វើឲ្យបណ្តារោងចក្ររក្សាខំប្រតិបត្តិការបស់ខ្លួនទាំងត្រដរ។
ហើយខណៈដែលពន្ធនាំចេញកៅស៊ូធម្មជាតិត្រូវបានកំណត់ន្លោះពី២ភាគយទៅ១០ភាគរយ ប្រទេសវៀតណាម បានចាត់វិធានការបន្ធូរបន្ថយផលប៉ះពាល់លើកសិករដាំកៅស៊ូរបស់ខ្លួន ដោយកាត់បន្ថយពន្ធនាំចេញពី៥ភាគរយមកនៅត្រឹម១ភាគរយកាលពីខែធ្នូឆ្នាំមុន មុនពេលលើកលែងពន្ធទាំងអស់កាលពីថ្ងៃទី២ខែតុលា។
លោក ប្រាចាយ៉ា ជុំប៉ាស៊ុត (Prachaya Jumpasut) នាយកគ្រប់គ្រងក្រុមហ៊ុន The Rubber Economist Ltd ជាក្រុមហ៊ុនវិភាគអំពីឧស្សាហកម្មកៅស៊ូដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បានមានប្រសាសន៍ថា ពាណិជ្ជកម្មកៅស៊ូខុសច្បាប់នៅអាស៊ីអាគ្នេយ៍ គឺងាយនឹងធ្វើឲ្យប៉ះពាល់ដល់ពន្ធនាំចេញណាស់។
លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា “ការរត់ពន្ធពិតជាកើតមានមែនរវាងការធ្វើពាណិជ្ជកម្មនៅព្រំដែន។ វាទំនងជាមានច្រើនជាងនេះ នៅពេលមានការកែប្រែពន្ធនាំចេញ”។
លោក ហ្វីលីប ម៉ុននីន (Philippe Monnin) ទីប្រឹក្សាផ្នែកបច្ចេកទេសនៅទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (French Development Agency) បានលើកឡើងថា កសិករដាំកៅស៊ូកម្ពុជា ជាច្រើនបានបង្ខំចិត្តលក់កៅស៊ូរបស់ខ្លួនឲ្យទៅឈ្នួញកណ្តាល នៅពេលបណ្តារោងចក្រកែច្នៃក្នុងស្រុកគ្មានលទ្ធភាពទិញ។
លោកបានមានប្រសាសន៍ថា “ដោយសារតម្លៃធ្លាក់ចុះ រោងចក្រមានប្រាក់តិចតួចសម្រាប់ទិញពីម្ចាស់ចម្ការកៅស៊ូតូចៗដែលរាល់ថ្ងៃត្រូវស្វែងរកអ្នកលក់ ហើយត្រូវបានតម្រូវឲ្យលក់ទៅឲ្យឈ្មួញកណ្តាលដែលលក់ចេញបន្តទៅថៃ និងវៀតណាម”។
ទោះបីជាតម្លៃបានចាប់ផ្តើមរើបឡើងបន្ទាប់ពីបណ្តាប្រទេសផលិតកៅស៊ូធំៗនៅអាស៊ី បានព្រមព្រៀងកំណត់តម្លៃអប្បបរមាកាលពីខែតុលាក្តី ក៏បណ្តាម្ចាស់រោងចក្រនិយាយថា ខ្លួននៅតែមិនអាចប្រកួតប្រជែងជាមួយអ្នកទិញនៅក្នុងទីផ្សារខ្មៅដែលកំពុងសម្លឹងមើលរកឱកាសកេងចំណេញពីការលើកលែងពន្ធរបស់ប្រទេសវៀតណាម។
លោក ឃុន ម៉េង ប្រធានក្រុមហ៊ុនផលិតកៅស៊ូ ឃុន ម៉េង គ្រុប បានមានប្រសាសន៍ថា លោកបានបង្ខំចិត្តបញ្ឈប់ការងារកម្មករ៧០នាក់ក្នុងចំណោមកម្មករ១០០នាក់របស់លោកដោយសារតែលោកទិញកៅស៊ូមិនបាន។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ការរត់ពន្ធកៅស៊ូទៅកាន់ប្រទេសវៀតណាម ធ្វើឲ្យរោងចក្ររបស់យើងពិបាកទិញកៅស៊ូពីកសិករ។ យើងបានកាត់បន្ថយប្រតិបត្តិការពី២៤ម៉ោងក្នុងមួយថ្ងៃមកនៅចន្លោះពី៥ម៉ោងទៅ៨ម៉ោងក្នុងមួយថ្ងៃ”។
លោកស្រី ហ៊ិន ភាកា ម្ចាស់រោងចក្រផលិតកៅស៊ូ លី សុខគីម នៅក្នុងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា លោកស្រីបង់ពន្ធជិត១០០ដុល្លារសម្រាប់ការនាំចេញកៅស៊ូក្នុងមួយតោន ធ្វើឲ្យលោកស្រីមិនអាចទិញក្នុងតម្លៃដូចនៅលើទីផ្សារខ្មៅបាន។ លោកស្រីបានមានប្រសាសន៍ទៀតថា “យើងត្រូវបង់ពន្ធ ចំណែកឯពួកគាត់អត់ទេ។ បើយើងទិញពីកសិករដោយឲ្យតម្លៃដូចគ្នា យើងនឹងខាត”។
សូម្បីមន្ត្រីរដ្ឋាភិបាលក៏ទទួលស្គាល់ដែរថា ឧស្សាហកម្មកៅស៊ូ ដែលជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយកសិកម្មរបស់ខ្លួន កំពុងរងការគំរាមកំហែង។
លោក ប៉ុល សុផា អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានរបស់លោកមិនអាចដោះស្រាយបញ្ហាទីផ្សារខ្មៅបានទេ។លោកបានលើកឡើងបន្តថា “អគ្គនាយកដ្ឋានកសិកម្មគ្មានសមត្ថកិច្ចបញ្ឈប់សកម្មភាពរត់ពន្ធទាំងនោះទេ ប៉ុន្តែអាជ្ញាធរខេត្តគឺជាអ្នកទទួលបន្ទុកចាត់វិធានការ”៕ សុខុម