26 C
Phnom Penh

អាជ្ញាធរ​អប្សរា​បដិសេធ​ការ​អះអាង​ថា​អង្គរវត្ត​ជួល​ឲ្យ​គេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​អប្សរា ដែល​គ្រប់គ្រង​ឧទ្យាន​បុរាណ​អង្គរ​នៅ​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​ការ​អះអាង​របស់​លោក​ ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​ដ៏​មាន​ប្រជាប្រិយ​កាលពី​សប្តាហ៍​មុន ដែល​ថា ឧទ្យាន​ប្រាសាទ​អង្គរ​ “ត្រូវ​បាន​ជួល” ឲ្យ​ក្រុមហ៊ុន​វៀតណាម។

លោក សូណង់ដូ អ្នក​រិះគន់​រដ្ឋាភិបាល​ល្បី​ឈ្មោះ ដែល​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ បាន​និយាយ​ក្នុង​ពេល​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា ឧទ្យាន​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ។

លោក ម៉ម សូណង់ដូ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​និយាយ​ថា មិន​ថា​យើង​ខ្សោយ​និង​ប្រឈម​ហានិភ័យ​យ៉ាងណា​ទេ យើង​មិន​អាច​ជួល​អង្គរ​វត្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ឡើយ។ តើ​មាន​មូលហេតុ​អ្វី? ដឹង​ទេ ព្រោះ​អង្គរ​វត្ត​ជា​អត្តសញ្ញាណ​ជាតិ​របស់​យើង។ មាន​រូប​អង្គរវត្ត​លើ​ទង់ជាតិ​របស់​យើង មាន​អត់? “ដូច្នេះ បើ​ពួកគេ​ជួល​វា​ទៅ​ឲ្យ​វៀតណាម លក់​វា បញ្ចាំ​វា​៩៩​ឆ្នាំ តើ​ទង់ជាតិ​យើង​មាន​ន័យ​អី​ទៀត?”

ក្នុង​សេចក្តី​បំភ្លឺ​មួយ​កាលពី​ថ្ងៃ​ពុធ អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា អាជ្ញាធរ​នេះ​តែ​មួយ​គត់​ជា​ស្ថាប័ន​មាន ​”បេសកកម្ម​ការពារ រៀបចំ និង អភិរក្ស​មណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គរ”។ សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ថា “អង្គរវត្ត​មិន​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ ឬ​ជន​បរទេស​ណា​ម្នាក់​ ឬ បញ្ចាំ ឬ ជួល​រយៈ​ពេល​៩៩​ឆ្នាំ​ ដូច​ដែល​បាន​លើក​ឡើង​ដោយ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ឡើយ”។

បើទោះជា​ ក្រុមហ៊ុន​សូគីម៉ិច ដែល​ជា​របស់​លោក សុខ គង់ ពាណិជ្ជករ​ដ៏​មាន​ឥទ្ធិពល ដែល​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​កើត​នៅ​ប្រទេស​កម្ពុជា ទទួល​បាន​សិទ្ធិ​ប្រមូល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​ក៏ដោយ ក៏​សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ថា ទំនាក់​ទំនង​រវាង​អាជ្ញាធរ​អប្សរា​និង​ក្រុមហ៊ុន​នេះ ​មិនលើស​ពី​នេះ​ទេ។

សេចក្តី​បំភ្លឺ​ដដែល​មាន​ខ្លឹមសារ​ទៀត​ថា “អាជ្ញាធរ​អប្សរា​មិន​ជួល​អង្គរ​ឲ្យ​ក្រុមហ៊ុន​ សុខា អូតែល [សូគីម៉ិច]​ទេ តែ​ ខ្លួន​បាន​ជួល​ក្រុមហ៊ុន​នេះ​ឲ្យ​ធ្វើការ​ប្រមូល​ចំណូល​តាម​រយៈ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ ដែល​ជា​[ប្រភេទ​នៃ]​រដ្ឋបាល​សាធារណៈ​សាមញ្ញ​បំផុត”។

អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា មុន​ការ​រៀបចំ​នេះ ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៩៩ ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ដែល​ប្រមូល​ដោយ​មន្ត្រី​រដ្ឋាភិបាល បាន​ធ្លាក់​ចុះ​ហួស​ពី​ការ​រំពឹង​ទុក។ សេចក្តី​បំភ្លឺ​បន្ត​ទៀត​ថា “តាម​ការពិត ក្រោយ​ពេល​ដែល​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ពី​ស្ថាប័ន​រដ្ឋ​អស់​មួយ​រយៈ​ពេល ហើយលទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រសិទ្ធភាព​ទន់ខ្សោយ​រួច​មក ទើប​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្រេច​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ការ​ប្រមូល​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ជំនួស​ស្ថាប័ន​រដ្ឋ​វិញ”។ “ប៉ុន្តែ​ការ​ទទួល​ខុសត្រូវ​លើ​ការ​ការពារ អភិរក្ស និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​អង្គរ ស្ថិត​ក្នុង​សមត្ថកិច្ច​ស្ថាប័ន​រដ្ឋ​ដដែល ជាពិសេស អាជ្ញាធរ​អប្សរា”។

សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សូគីម៉ិច​ទទួល​បាន​ចំណែក​១៥​ភាគរយ​នៃ​ប្រាក់​ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា មូលនិធិ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​អង្គរ​ទទួល​បាន​១៥​ភាគរយ ហើយ​ចំណូល​ដុល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ត្រូវ​បង់ពន្ធ​លើ​តម្លៃ​បន្ថែម​១០​ភាគរយ នៅ​សល់​៦០​ភាគរយ​បង់​ចូល​ថវិកា​រដ្ឋ​ទាំង​អស់។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ចេញ​ឲ្យ​ដឹង​ប្រាក់​ចំណូល​ប៉ុន្មាន​ដែល​ក្រុមហ៊ុន​សូគីម៉ិច​រក​បាន​តាម​រយៈ​ប្រាសាទ​នេះ ហើយ​សេចក្តី​បំភ្លឺ​របស់​អាជ្ញាធរ​អប្សរា​បាន​ផ្តល់​តួលេខ​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​កន្លង​មក។

សេចក្តី​បំភ្លឺ​ឲ្យ​ដឹង​ទៀត​ថា ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​នៅ​ឆ្នាំ​២០១០ ប្រមូល​បាន​ចំណូល​សរុប​៣៣,១​លាន​ដុល្លារ​ នៅ​ឆ្នាំ២០១១​ប្រមូល​បាន៤២,១​លាន​ដុល្លារ នៅ​ឆ្នាំ២០១២​ប្រមូល​បាន៥១,៣​លាន​ដុល្លារ និង​កាលពី​ឆ្នាំ​មុន​ប្រមូល​បាន​៥៧,៧​លាន​ដុល្លារ។ ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ ចំណូល​ប្រមូល​បាន​មាន​៤៧,៤​លាន​ដុល្លារ។

លោក អឹុម សុខរិទ្ធី ប្រធាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា លោក​មិន​ព្រួយ​អំពី​ការ​ដែល​ថា​ក្រុមហ៊ុន​សូគីម៉ិច អាច​លាក់​ប្រាក់​ចំណូល​បន្ថែម ដែល​បាន​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​ទេ។ លោក​បាន​ពន្យល់​ថា “អ្នក​ដែល​ចេញ​ប័ណ្ណ​ចូល​ទស្សនា​គឺ​អាជ្ញាធរ​អប្សរា ហើយ​ក្រុមហ៊ុន គឺ​ជា​អ្នក​ដែល​ប្រមូល​[ចំណូល] ហើយ​ប្រគល់​លទ្ធផល​ត្រឡប់​មក​វិញ”។

លោក សុខ គង់ ម្ចាស់​ក្រុមហ៊ុន​សូគីម៉ិច បាន​និយាយ​ថា លោក​ធុញទ្រាន់​នឹង​ការ​​ចោទ​ប្រកាន់​ដែល​ថា ក្រុមហ៊ុន​របស់​លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ជួល​រយៈ​ពេល​៩៩​ឆ្នាំ ដើម្បី​គ្រប់គ្រង​ឧទ្យាទ​អង្គរ​ជា​មុខ​ជំនួញ។ លោក​បាន​និយាយ​ថា “ពួកគេ​ចេះតែ​និយាយ​រឿង​នេះ ប៉ុន្តែ​វា​មិន​ពិត​ទេ។ ​ស្រេចតែ​ពួកគេ​ថា​ទៅ​ បើ​ពួកគេ​ចង់​ចោទ​នោះ”។ លោក​បាន​និយាយ​ទៀត​ថា “យើង​គ្រាន់តែ​មាន​សិទ្ធិ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​វត្ត​ប៉ុណ្ណោះ” ហើយ​កិច្ច​សន្យា​​របស់​លោក​នឹង​ត្រូវ​បន្ត​នៅ​ឆ្នាំ​ក្រោយ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស