28 C
Phnom Penh

ក្រសួង​​​ការបរទេស​​​​​​​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​គេ​​​សម្លាប់​​​នៅ​​​​​​កូរ៉េខាង​​​ត្បូង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​ប្តី​​​ជន​​​ជន​​​កូរ៉េ​​​របស់​​​ខ្លួន​​​​​​សម្លាប់​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​ក្នុង​​​គោល​​​បំណង​​​ទទួល​​​បាន​​​ប្រាក់​​​ជាង​​​៨,៥​​​លាន​​​ដុល្លារ​​​ ពី​​​ក្រុមហ៊ុន​​​ធានារ៉ាប់​​​រង​​​អាយុជីវិត​​​​​​ត្រូវ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយ​​​ក្រសួង​​​ការ​​​បរទេស​​​ ដែល​​​​​លើក​​​ឡើង​​​ថារដ្ឋាភិបាល​​​កំពុង​​​ចាត់​​​វិធាន​​​ការដើម្បី​​​ទាម​​​ទារ​​​​​​សំណង​​​ជំងឺ​​​ចិត្ត​​​ជូន​​​គ្រួសារ​​​ស្ត្រី​​​រង​​​គ្រោះ​​​។

ក្រសួង​​​ការបរទេស​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​របស់​​​ក្រសួង​​​នេះ បន្ទាប់​​​ពី​​​មាន​​​អត្ថ​​​បទ​​​កាសែត​​​មួយ​​​ចុះ​​​ផ្សាយ​​​នៅ​​​ក្នុងទំព័រ​​​កាសែត Korea JoongAng Daily កាល​​​ពី​​​ម្សិលមិញ ដោយ​​​ដក​​​ស្រង់​​​សំដី​​​របស់​​​នគរ​​​បាល​​​កូរ៉េ​​​ខាង​​​ត្បូង​​​មក​​​ថា ជន​​​សង្ស័យ​​​អាយុ​​​៤៥​​​ឆ្នាំ​​​ ដែល​​​គេ​​​ប្រាប់​​​ឲ្យដ​​​ឹង​​​ត្រឹមតែ​​​ថា​​​​​​​​​មាន​ឈ្មោះ​ “Lee” នោះ​​​បាន​​​ឲ្យ​​​ថ្នាំ​​​ងងុយ​​​ដេក​​​ទៅ​​​ប្រពន្ធ​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​មាន​​​ផ្ទៃ​​​ពោះ​​​របស់ខ្លួនលេប​​​មុន​​​ពេល​​​​​​បើក​​​រថយន្ត​​​​​​ទៅ​​​បុក​​​រថយន្ត​​​ធុន​​​ធំ​​​ចត​​​នៅ​​​ស្ងៀម​មួួយ​គ្រឿង​ ខណៈ​​​នាង​​​អង្គុយ​​​នៅ​​​កៅអី​​​មុខ​​​ជាប់​​​តៃកុង​​​កាល​​​ពី​​​ពេល​​​ទៀប​​​ភ្លឺ​​​ឈាន​ចូល​​​​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​សីហា។

អត្ថបទ​​​កាសែត​​​នេះ​​​មាន​​​ខ្លឹមសារ​​​ថា “ករណី​​​នេះ​​​ស្ទើរ​​​តែ​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​គ្រោះ​​​ថ្នាក់​​​ដ៏​​​សោកនាដកម្ម​​​មួយ​​​​​​ រហូត​​​ដល់​​​នគរ​​​បាល​​​បាន​​​ដឹង​​​ថា លោក Lee បាន​​​ទិញ​​​​​​ធានា​​​រ៉ាប់​​​រង​​​ចំនួន​​​២៦​​​ដាច់​​​ដោយ​​​ពី​​​គ្នា​​​ឲ្យ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ ដែល​​​គាត់​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​សំណង​​​មក​​​វិញ​​​សរុប​​​ចំនួន​​​៤,៦​​​ពាន​​​់​​​លាន​​​វ៉ុន​​​ [៨.៦៤០.៨៦៤ដុល្លារ​​​]​​​ នោះ”។

អត្ថបទ​​​កាសែត​នេះ​​​បាន​​​ចុះ​​​ផ្សាយ​​​បន្ត​​​ថា បុរស​​​រូប​​​នេះ​​​​​​បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​នគរ​​​បាល​​​ ដែល​​​ថា ករណី​​​នេះ​​​ជា​​​អំពើ​​​ឃាត​​​កម្ម​​​នោះ​​​។

ក្រសួង​​​ការបរទេស​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ស្ត្រី​​​រងគ្រោះ​​​ថា​មាន​​​ឈ្មោះ អីុ ស៊ីឡែន មាន​​​ស្រុក​​​កំណើត​​​នៅ​​​ភូមិ​​​ក្តល់លើ ឃុំទ្រា ស្រុក​​​ក្រូច​​​ឆ្មារ ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ ។

សេចក្តីថ្លែង​​​ការណ៍​​​របស់​​​ក្រសួង​​​នេះមាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា “ស្ត្រី​​​រង​​​គ្រោះ​​​បាន​​​រៀប​​​ការ​​​​​​និង​​​រស់​​​នៅ​​​ជាមួយ​​​ប្តី​​​ជន​​​ជាតិ​​​កូរ៉េ​​​ នៅ​​​ឆ្នាំ​​​២០០៨​​​ រហូត​​​មក​​​ដល់​​​ពេល​​​នេះ​​​មាន​​​កូន​​​ស្រី​​​មួយ​​​អាយុ​​​៥​​​ឆ្នាំ​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ថា “ក្រសួង​​​ការបរទេស​​​ និង​​​សហប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​បាន​​​ណែនាំ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ [នៅក្នុង​​​ទីក្រុង​​​សេអ៊ូល​​​]​​​ ឲ្យ​​​ប្តឹង​​​ទាម​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​ជូន​​​គ្រួសារ​​​សព្វ​​​ និង​​​សំណង​​​សម្រាប់​​​ចិញ្ចឹម​​​កូន​​​ស្រី​​​ដែល​​​នៅ​​​រស់​​​រាន​​​មាន​​​ជីវិត​​​”។

សេចក្តីថ្លែង​​​ការណ៍​​​នេះមាន​​​ខ្លឹម​​​សារ​​​បន្ថែម​​​ថា “ចំពោះ​​​ករណីខាង​​​លើ​​​នេះ​​​ លោក​​​ជំទាវ​​​ ប្រធានាធិបតី​​​នៃ​​​សាធារណរដ្ឋ​​​កូរ៉េ [Park Geun-hye]​​​ មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​យ៉ា​​​ង​​​ខា្លំង​​​ ហើយ​​​ទូរទស្សន៍​​​កូរ៉េ​​​​​​ល្បីៗ​​​មួយ​​​ចំនួន គ្រោង​​​ធ្វើ​​​ដំណើរ​​​មក​​​កម្ពុជា​​​ដើម្បី​​​ថត​​​ និង​​​សម្ភាស​​​គ្រួសារ​​​សព្វ​​​ស្ត្រី​​​រងគ្រោះ នៅ​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ នាពេល​ខាង​​​មុខ”។

កាល​​​ពីថ្ងៃ​​​ពុធ លោក សុទ្ធ ឌីណា ឯកអគ្គរាជទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​កំពុង​​​ធ្វើ​​​ការ​​​ជាមួយ​​​នគរ​​​បាល​​​កូរ៉េ​​​ខាង​​​ត្បូង​​​យ៉ាង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ដើម្បី​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​​អំពី​​​ការ​​​ស្លាប់​​​របស់​​​អ្នកស្រី អីុ ស៊ីឡែន៕ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស