ស្រុកលំផាត់, ខេត្តរតនគិរី-ក្រោមស្បៃងងឹតក្នុងព្រៃជ្រៅនៃខេត្តភាគឦសាន លោក រ៉ាស់ លេនវ៉ាន បាននិយាយរៀបរាប់អំពីការធ្វើបាបគាបសង្កត់ រហូតដល់រូបគាត់និងជនជាតិម៉ុងតាញ៉ា៧នាក់ផ្សេងទៀតបង្ខំចិត្តរត់ភៀសខ្លួនពីប្រទេសវៀតណាម មកប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ខែតុលា។
លោក លេនវ៉ាន អាយុ២៨ឆ្នាំ បាននិយាយកាលពីយប់ថ្ងៃពុធ ដោយសំដៅលើមូលនិធិមានមូលដ្ឋាននៅអាមេរិក ដែលគាំទ្រសិទ្ធិក្រុមជនជាតិភាគតិចម៉ុងតាញ៉ាថា “ប៉ូលិសបានគំរាមចាប់ខ្លួនខ្ញុំនិងសម្លាប់ខ្ញុំ បើខ្ញុំចូលរួមជាមួយអ្នកដែលគាំទ្រមូលនិធិ ដេហ្គា Degar Foundation និងបន្តគោរពប្រតិបត្តិសាសនាគ្រិស្តទៀតនោះ ដូច្នេះ ខ្ញុំបានសម្រេចចិត្តរត់ភៀសខ្លួនពីប្រទេសវៀតណាមម្តងទៀត”។
លោកបាននិយាយថា ការព្យាយាមលើកដំបូងរបស់លោករត់ភៀសខ្លួនចេញពីប្រទេសកំណើត បានជួបនឹងបរាជ័យ បន្ទាប់ពីអាជ្ញាធរបានរកឃើញរូបលោកលាក់ខ្លួនក្នុងក្រុងភ្នំពេញកាលពីឆ្នាំ២០០៨ ហើយបាននាំលោកត្រឡប់ទៅប្រទេសវៀតណាមវិញ។ លោក លេនវ៉ាន បាននិយាយថា គាត់បានជាប់ឃុំមួយរយៈពេលខ្លីនៅពន្ធនាគារខេត្ត ជី ឡាយ ប្រទេសវៀតណាម មុនពេលបញ្ចូលជាថ្មីទៅក្នុងសង្គមមួយដែលគ្រប់គ្រងយ៉ាងតឹងដោយគណបក្សកម្មុយនិស្ត ដែលបានធ្វើទុក្ខបុកម្នេញក្រុមម៉ុងតាញ៉ា ឬហៅថា ដេហ្គា (Degars) ជាយូរមកហើយ ជាក្រុមជនជាតិដើមភាគតិចកាន់គ្រិស្តសាសនាភាគច្រើន មកពីតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម។
រឿងរ៉ាវរបស់លោក លេនវ៉ាន គឺដូចគ្នានឹងរឿងរបស់ជនជាតិម៉ុងតាញ៉ា១៣នាក់ ដែលបានឆ្លងចូលប្រទេសកម្ពុជាកាលពីខែមុន ហើយសព្វថ្ងៃកំពុងលាក់ខ្លួនពួនសម្ងំនៅស្រុកលំផាត់។ ដោយចែកជា៣ក្រុម បុរស១២នាក់និងស្ត្រីម្នាក់ រហូតមកដល់ពេលនេះបានព្យាយាមគេចចេញពីការចាប់ខ្លួនពីសំណាក់ប៉ូលិសមូលដ្ឋាន។
ពេលឆ្លងព្រំដែន លោក លេនវ៉ាន បានជួបបងប្រុស រ៉ាស់ លេនផល និងបងប្អូនបង្កើត កូសាល យ៉ុនណា និង កូសាល លី ដែលទាំងអស់គ្នាបានចូលប្រទេសនេះតាមកន្លែងដោយឡែកពីគ្នា តាមព្រៃបណ្តោយព្រំដែនដែលងាយឆ្លងចូល នៅខេត្តរតនគិរី។ អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយបានជួបអ្នកទាំងបួន ហើយបាននាំពួកគេទៅកន្លែងមួយក្នុងព្រៃ និងបានផ្តល់កន្ទេល ទឹក និងអង្ករដល់ពួកគេ។
និយាយជាភាសាចារ៉ាយរបស់ខ្លួន ដោយមានការបកប្រែជាភាសាខ្មែរ លោក យ៉ុនណា អាយុ២០ឆ្នាំ បានរៀបរាប់អំពីការរស់នៅក្រោមការតាមឃ្លាំមើលជាប្រចាំរបស់វៀតណាម និងមានសេរីភាពតិចតួចចំពោះជនជាតិភាគតិចម៉ុងតាញ៉ា។
លោក យ៉ុនណា បាននិយាយថា “ប៉ូលិសបានចាប់ខ្លួនខ្ញុំ ពីព្រោះខ្ញុំកាន់សាសនាគ្រិស្ត ហើយពួកគេបានឃើញខ្ញុំមានទង់មូលនិធិ ដេហ្គា លើហ្វេសប៊ុករបស់ខ្ញុំ”។ លោកបានបន្ថែមថា លោកត្រូវប៉ូលិសវាយធ្វើបាបយ៉ាងដំណំ នៅពេលជាប់គុកកាលពីខែមិថុនា។
ធ្វើដំណើរតាមផ្លូវលំបត់បែនកាត់ដីព្រៃរបោះ អ្នករៀបចំការណាត់ជួបបាននាំអ្នកយកព័ត៌មានឆ្លងស្ទឹងមួយទៅជួបក្រុមម៉ុងតាញ៉ាមួយផ្សេងទៀតមានគ្នាបួននាក់ ដែលបានលេចមុខចេញពីខ្ទមឈើមួយ។
លោក ណាយ ក្លេញ ដែលបានចូលប្រទេសកម្ពុជាកាលពីថ្ងៃទី៣០ខែតុលាដែរនោះ បានអះអាងថា គាត់ត្រូវអាជ្ញាធរវៀតណាមធ្វើទារុណកម្ម បន្ទាប់ពីជាប់គុកនៅឆ្នាំ២០០៨និងឆ្នាំ២០១១ ហើយបានភៀសខ្លួនមកប្រទេសកម្ពុជា ព្រោះខ្លាចថា គាត់នឹងត្រូវគេចាប់ម្តងទៀត។
លោក ក្លេញ បាននិយាយថា “លើកទីមួយដែលពួកគេចាប់រូបខ្ញុំ ពួកគេបានចងដៃរបស់ខ្ញុំក្រពាត់ទៅក្រោយ ហើយអាជ្ញាធរវាយខ្ញុំនឹងដំបងវែង និងយកដែកស្រួចចាក់ខ្នងខ្ញុំ បន្ទាប់ពីពួកគេបានដឹងថា ខ្ញុំបានជួបជាមួយគ្រិស្តសាសនិកផ្សេងទៀត”។
បន្ទាប់ពីជាប់គុកមួយខែ កសិករអាយុ៤០ឆ្នាំមកពីខេត្តចាឡាយរូបនេះបាននិយាយថា អាជ្ញាធរបានតាមដាននិងរំខានយាយីរូបគាត់ មុនពេលចាប់ខ្លួនម្តងទៀតកាលពីខែវិច្ឆិកាឆ្នាំ២០១១ ព្រោះតែមានការទាក់ទងសាច់ញាតិម្នាក់នៅអាមេរិកតាមអិុនធើណិត ជាហេតុនាំឲ្យមានការចោទប្រកាន់ថា គាត់”ទាក់ទងជាមួយចលនាតស៊ូប្រឆាំងវៀតណាម”។
ក្នុងក្រុមជាមួយលោក ក្លេញ នេះដែរ គឺ សាល យឿម ជាស្ត្រីតែម្នាក់ក្នុងចំណោមមនុស្ស១៣នាក់ ដែលបាននិយាយថា អ្នកស្រីក៏ត្រូវគេចាប់ដាក់គុកពីបទចូលរួមក្នុងពិធីសាសនាគ្រិស្តសម្ងាត់ដែរ។
ជាយូរមកហើយ រដ្ឋាភិបាលក្រុងហាណូយមានអរិភាពជាមួយក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ព្រោះតែភាពស្មោះត្រង់របស់ពួកគេចំពោះកម្លាំងអាមេរិកក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ជំនឿសាសនារបស់ពួកគេ និងសេចក្តីសង្ឃឹមមានយូរមកហើយ គឺចង់បានមាតុភូមិស្វ័យយ័តមួយ។
កាលពីឆ្នាំ២០០១ ម៉ុងតាញ៉ាបានធ្វើការតវ៉ាមហាជនដែលត្រូវបានប៉ូលិសវៀតណាមបង្ក្រាបយ៉ាងហិង្សា។ ជាលទ្ធផល មនុស្សជាង១.០០០នាក់បានភៀសខ្លួនឆ្លងព្រំដែនដើម្បីស្វែងរកសិទ្ធិជ្រកកោននៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
ព្រឹត្តិការណ៍បន្តបន្ទាប់ស្រដៀងគ្នាបានកើតឡើងនៅឆ្នាំ២០០៤ ដោយមានជនម៉ុងតាញ៉ារាប់រយនាក់ទៀតឆ្លងចូលប្រទេសកម្ពុជា។
ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានរៀបចំជំរំក្នុងខេត្តទាំងពីរនេះដើម្បីការពារជនស្វែងរកសិទ្ធិជ្រកកោន ហើយជនជាតិភាគតិចម៉ុងតាញ៉ាប្រហែល២.០០០នាក់បានទៅតាំងទីលំនៅជាថ្មីនៅសហរដ្ឋអាមេរិកនៅរវាងឆ្នាំ២០០១និងឆ្នាំ២០០៤។
ក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ដែលបច្ចុប្បន្នកំពុងលាក់ខ្លួនក្នុងខេត្តរតនគិរី មានសង្ឃឹមថា អង្គការសហប្រជាជាតិនឹងជួយអន្តរាគមន៍ជាថ្មី និងមានមន្ទិលអំពីការប្រព្រឹត្តឃោរឃៅដែលពួកគេនឹងទទួលរង បើត្រូវចាប់បញ្ជូនឆ្លងព្រំដែនត្រឡប់ទៅវិញនោះ។
លោក យ៉ុនណា បាននិយាយថា “ខ្ញុំសូមអំពាវនាវដល់ UNHCR ឲ្យជួយយើងផង។ ខ្ញុំមិនខ្វល់ថាពួកគេបញ្ជូនយើងទៅទីណានោះទេ នោះជាសេចក្តីសម្រេចរបស់ពួកគេ”។
លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីផ្នែកព័ត៌មានប្រចាំតំបន់នៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងក្រុងបាងកក បាននិយាយកាលពីថ្ងៃសៅរ៍ថា អង្គការនេះបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីធានាសុវត្ថិភាពក្រុមនេះ។
លោកស្រី តាន បាននិយាយថា “ការពិភាក្សាកំពុងធ្វើជាមួយរដ្ឋាភិបាលដើម្បីព្យាយាមបញ្ជូនក្រុមនេះចេញពីកន្លែងសព្វថ្ងៃរបស់ពួកគេ ទើបពួកគេអាចទទួលបានដំណើរការរៀបចំបែបបទសុំសិទ្ធិជ្រកកោន”។
ប៉ុន្តែក្រុមម៉ុងតាញ៉ាដែលគេសម្ភាសកាលពីថ្ងៃពុធ មានជំនឿទុកចិត្តតិចតួចដែលថាអាជ្ញាធរមូលដ្ឋាននឹងអាណិតអាសូរដល់បុព្វហេតុរបស់ពួកគេនោះ។
លោក យ៉ុនណា បាននិយាយថា “ខ្ញុំបារម្ភណាស់ថាយើងនឹងត្រូវគេចាប់ជាមិនខាន ព្រោះអី យើងដឹងថា ប៉ូលិសឃុំកំពុងស្វែងរកពួកយើង”។
កាលពីថ្ងៃច័ន្ទ ប៉ូលិសក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានព្រំប្រទល់ជាប់ស្រុកលំផាត់ បាននិយាយថា ពួកគេកំពុងស្វែងរកជនជាតិដើមភាគតិចម៉ុងតាញ៉ាមួយក្រុម បន្ទាប់ពីបានទទួលព័ត៌មានពីអ្នកភូមិមូលដ្ឋាន ដែលបានប្រទះឃើញពួកគេកំពុងលាក់ខ្លួនក្នុងព្រៃ។
លោក ជា ប៊ុនធឿន ស្នងការរងនគរបាលខេត្តបានប្តេជ្ញានឹងបញ្ជូន”ជនអន្តោប្រវេសន៍ខុសច្បាប់”ចេញ ប្រសិនបើចាប់បានពួកគេនោះ។
លោក យ៉ុនណា យល់ច្បាស់ណាស់អំពីគ្រោះថ្នាក់ដែលក្រុមនេះប្រឈម ប្រសិនបើត្រូវគេបញ្ជូនទៅប្រទេសវៀតណាមវិញនោះ។ លោកបាននិយាយទៀតថា “បើយើងត្រូវអាជ្ញាធរខ្មែរចាប់ខ្លួននិងបញ្ជូនត្រឡប់ទៅវៀតណាមវិញមែននោះ ខ្ញុំគិតថា ពួកគេនឹងសម្លាប់យើងចោលហើយ”៕មានិត