33 C
Phnom Penh

ក្រុម​និស្សិតរាជ​បណ្ឌិត្យ​សភាវិជ្ជាជីវៈតុលាការ​ ចាប់​ឆ្នោត​ដើម្បី​ជ្រើស​រើស​តំណែង​ជា​ចៅ​ក្រម ឬ​ព្រះ​អាជ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក រិន ភិរុណ បាន​​​លូក​​​ដៃ​​​ចូល​​​ក្នុង​​​ប្រអប់​​​​ខៀវ​​​​មួយ ហើយ​​​​​​ចាប់​​​​បាន​ក្រដាស​​​មួយ​​​សន្លឹក​​​ចេញ​​​មក​​​ខាង​​​ក្រៅ​​​ធ្វើ​​​ឲ្យ​​​មិត្ត​​​ភក្តិ​​​របស់​​​លោកស្រែក​​​ហ៊ោ និង​​​ទះដៃ​​​អប​​​អរ​​​សាទរ​​​។

ប៉ុន្តែ នេះ​​​មិន​​​មែន​​​​​​ជា​​​ការ​​​ចាប់​​​ឆ្នោត​​​ផ្សង​​​សំណាង​​​ធម្មតា​​​នោះ​​​ឡើយ​​​។ ការ​​​ចាប់​​​ឆ្នោត​​​របស់​​​លោក​បាន​​​កំណត់​ជោគ​វាសនា​​​​ថា តើ​​​លោកនឹង​​​ចូល​​​​​បម្រើ​​​ការ​​​ងារ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​របស់​​​កម្ពុជា​​​​​​ក្នុង​​​ឋានៈ​​​ជា​​​ចៅក្រម​​​ ឬព្រះរាជ​​​អាជ្ញា។

កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក រិន ភិរុណ វ័យ​​​៣២​​​ឆ្នាំ គឺ​​​ជា​​​និស្សិត​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​ចំនួន​​​៥៥​​​រូប​​​នៅ​​​រាជ​​​បណ្ឌិត្យ​​​​​​សភា​​​​​​​​​​​​វិជ្ជាជីវៈ​​​តុលាការ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​ចាប់​​​ឆ្នោត​​​កែ​​​ប្រែ​​​ខ្សែជីវិត​​​នេះ ហើយ​​លោក​ចាប់​​​បាន​​​​​​ក្រដាស​​​មួយ​​​សន្លឹក​​​ដែល​​​សរសេរ​​​ថា “ចៅក្រម​​​”។

ទោះ​​​បី​​​​​​ជា​​​ប្រព័ន្ធ​​​ច្បាប់​​​របស់​​​កម្ពុជា​​​​​​ពឹង​​​ផ្អែក​​​លើ​​​ប្រព័ន្ធ​​​ច្បាប់​​​​របស់​ប្រទេស​​​បារាំង​​​ក្តី ក៏​​​ដំណើរ​​​ការ​​​ចាប់ឆ្នោត​​​នេះធ្វើ​​​ខុស​​​ពី​​​វិធីសាស្ត្រ​​​របស់​​​អតីត​​​ម្ចាស់​​​អាណានិគមនិយម​​​របស់​​​ខ្លួន​មួយ​នេះ​ ដែល​​​អនាគត​​​ចៅក្រម​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​ជ្រើស​​​រើសចេញ​​​​ពី​​​បញ្ជី​​​ចាប់​​​ប៉ុស្តិ៍​មួយ​ដែល​​​ក្រសួង​​​យុត្តិធម៌​​​បារាំង​​​ បាន​រៀប​ចំ។

នៅ​​​ឯ​​​រាជបណ្ឌិត្យសភា​​​វិជ្ជាជីវៈ​​​តុលាការ ដែល​​​ជា​​​ស្ថាប័ន​​​បណ្តុះ​​​បណ្តាល​​​តែ​​​មួយ​​​គត់​​​របស់​​​កម្ពុជា​​​សម្រាប់​​​មន្ត្រី​​​តុលាការ​​​ មាគ៌ា​ឆ្ពោះ​ទៅ​កាន់​​អាជីព​​​នេះ ​​​គឺ​​​ត្រូវ​​​ពឹង​​​ផ្អែក​​​លើ​​​ឱកាស​​​ស្ទើរ​​​តែ​​​ទាំង​​​ស្រុង​​​។

នៅ​​​ក្នុង​​​ពិធី​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ជា​ដំបូង​និស្សិត​​​ត្រូវ​​​បាន​​​ហៅ​​​ឲ្យ​​​ឡើង​​​ទៅ​​​ខាង​​​មុខ​​​នៃ​​​សាល​​​បាឋកថាតាម​​​លំដាប់​​​លេខ​​​រៀង​​​ ហើយ​​​ពួក​​​គេ​​​​បាន​ជ្រើស​​​រើស​​​សន្លឹក​​​ឆ្នោត​​​ដែល​​​មាន​​​លេខ​​​រៀង​​​ពី​​​លេខ​​​១ដល់​​​លេខ​​​៥៥​​​ចេញ​​​ពី​​​ប្រអប់ខៀវ​​​​​ក្នុងបរិយាកាស​​​មួយ​​ដែល​ពេល​​​ខ្លះ​​​មាន​​​ភាព​​​តាន​​​តឹង​​​ និង​ពេល​​​ខ្លះ​​​​​​សប្បាយ​​​រីករាយ​​​។

បន្ទាប់​​​មក ​​​ក្រុម​​​នេះ​​​ត្រូវ​​​បាន​​​រៀប​ចំណាត់​​ថ្នាក់​ឡើង​វិញ​​​តាម​​​លេខ​​​ដែល​​​ពួក​​​គេ​​​​​​ចាប់​​​ឆ្នោត​​​បាន​​​ ហើយ​​​​ទទួល​​​បាន​​​ឱកាស​​​​​​​ចាប់​ឆ្នោត​ជា​​​លើក​​​ទី​​​២​​​ក្នុង​​​ពិធី​​​នេះ​​​ ដែល​​​​​​ផ្តល់​​​​ឱកាស​ការ​​​ងារ​​​ចំនួន​​​៣២​​​កន្លែង​សម្រាប់​​​​​​​តំណែង​ចៅក្រម​​​ ដែល​​​មាន​​​កិត្យានុភាព​​​ជាង​​​ និង​​​ដែល​​​ទំនង​​​ជា​​​រក​​​បាន​​​ចំណូល​​​ខ្ពស់​​​ និង​​​២៣​​​កន្លែង​​​​ទៀត​សម្រាប់តំណែង​​​​ព្រះរាជ​​​អាជ្ញា​​​។

លោក រិន ភិរុណ អតីត​​​បុគ្គលិក​​​តុលាការ​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​រាប ដែល​​​រៀន​​​បាន​​​ចំណាត់​​​ថ្នាក់​​​ជិត​​​បាត​​​តារាង​​​​នៅ​ក្នុង​ថ្នាក់ បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​ការ​​​ចាប់​​​ឆ្នោត​​​របស់​​​លោក​​​​រើស​​​បាន​​​តំណែង​​​គេ​​​​ចង់​​​បាន​​ខ្លាំង​នេះក្តី​​​ ក៏លោក​គ្រាន់​​​តែ​​​រីករាយ​​​​​​ធម្មតា​​​​​​ប៉ុណ្ណោះ។​​​ លោក​​​​​បាន​​​លើក​​​ឡើង​​​ថា “សម្រាប់​​​ខ្ញុំ​​​ ខ្ញុំ​​​មិន​​​ខ្វល់​​​ទេ ប៉ុន្តែ សម្រាប់​​​អ្នក​​​​​​ខ្លះ គេ​​​ខ្វល់​​​”។ លោក​​​​បាន​​​បន្ត​​​ថា​ ស្ត្រីភាគ​​​ច្រើន​​​ចូល​​​ចិត្ត​​​ធ្វើ​​​ជាចៅ​​​ក្រម​​​ ពីព្រោះ​​​គេយល់​ថា ការ​​​ងារ​​​ព្រះរាជ​​​អាជ្ញា​​​មាន​​​គ្រោះ​​​ថ្នាក់​​​ជាង​​​។

លោក​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា​​​សម្រាប់​​​ស្រីៗ​​​ វា​រាង​​​ពិបាក​​​បន្តិច​​​ពេល​ធ្វើ​​​ការ​​​ជាមួយ​​​ប៉ូលិស។ ស្រី​​​ៗ​​​ភាគ​​​ច្រើន​​​មាន​​​រាង​​​តូច​​​ ពួកគេ​​​ត្រូវ​​​ធ្វើ​​​ជា​​​​អ្នក​ដឹកនាំក្រុម​​​ប៉ូលិស​​​យុត្តិធម៌​​​ ដូច្នេះ​​​សម្រាប់​​​អ្នក​​​​​​ខ្លះ​​​វា​​​រាង​​​ពិបាក​​​បន្តិច​​​”។

លោក​​​ លីម ប៊ុនហេង អាយុ​​​៣០​​​ឆ្នាំ​​​ ជា​​​និស្សិត​​​រៀន​​​បានចំណាត់​ថ្នាក់​​​លេខ​​​១​​​ប្រចាំ​​ថ្នាក់​​​ ដែល​​​បាន​​​ធ្វើ​​​ជា​​​មេធាវី​​​អស់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​មក​​​ហើយ​​​ បាន​​​អះ​​​អាង​​​ថា លោកសប្បាយ​​​ចិត្ត​​​ដែល​​​ក្លាយ​​​ជា​ព្រះ​រាជ​អាជ្ញា ទោះ​​​បីជាលោក​ហាក់​ដូច​​​​មិន​​​សូវ​​​សប្បាយ​​​ចិត្ត​​​ក្តី​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ពេញ​​​ចិត្ត​​​នឹង​​​លទ្ធផល​​​នេះ​​​ ពី​​​ព្រោះវា​​​យុត្តិធម៌ ​​​វា ​​​[ការចាប់ឆ្នោត]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើ​​​ឡើង​​​ដោយ​​​គ្មាន​​​លម្អៀង​​​”។

លោក ឆន ព្រលឹង ប្រធាន​​​​​​រាជ​​​បណ្ឌិត្យ​​​សភា​​​វិជ្ជាជីវៈ​​​តុលាការ ដែល​​​ទទួល​​​យក​​​តែ​​​និស្សិត ដែល​​​មាន​​​សញ្ញាប័ត្រ​​​ច្បាប់​​​​​​ថ្នាក់ក្រោម​​​ឧត្តម​​​សិក្សា ឬ​​​មាន​​​បទ​​​ពិសោធច្រើន​​​​​​ផ្នែក​មុខងារ​សាធារណៈ និង​​​ដែល​​​បាន​​​ជាប់​​​ការ​​​ប្រឡង​​​ចូល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ដំណើរការ​​​ចាប់​​​ឆ្នោត​​​នេះ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ចាប់​​​តាំង​​​ពី​​​សាលា​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០០៥​​​មកម៉្លេះ​​​។  លោក​​​មាន​​​ប្រសាសន៍​​​ថា “មូល​​​ហេតុ​​​ដែល​​​យើង​​​ជ្រើស​​​រើស​​​វិធី​​​នេះ​​​ ពីព្រោះ​​​យើង​​​មិន​​​ចង់​​​បង្ខំ​​​អ្នក​​​ដែល​​​លេចធ្លោ​​​ ឬ​​​ខ្សោយ​​​ឲ្យ​​​ធ្វើ​​​ជា​​​ចៅក្រម ឬ​​​ព្រះរាជ​​​អាជ្ញា​​​ឡើយ យើ​​ង​​​ទុក​​​ឲ្យ​សំណាង​​​​​ជា​​​អ្នក​​​សម្រេច​​​ទៅ​ចុះ”។

លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា និស្សិត​​​មួយ​​​ចំនួន​​​មិន​​​ពេញ​​​ចិត្ត​​​​​​នឹង​​​អាជីព​​​នាពេល​​​អនាគត​​​របស់​​​ខ្លួន​​​​​ទេ​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​បញ្ចប់​ថ្នាក់​​​សញ្ញាប័ត្រ​​​ ដែល​ពួក​​​គេ​​​មាន​​​ពេល​​​​​​ប្រាំ​​​មួយ​​​​​​ទៅ​​​ប្រាំពីរ​​​ខែ​​​​​​ទៀត​​​ដើម្បី​​​ពង្រឹង​​​ជំនាញ​​​ឯកទេស​​​របស់​​​ខ្លួន ​​​មុន​​​ពេល​​​ប្រឡងផ្ដាច់ព្រ័ត “ពួក​​​គេ​​​នឹង​​​យល់” ពីហេតុផល​​​របស់​​​រាជ​​​បណ្ឌិត្យ​​​សភា។

ចៅ​​​ក្រម​​​ សួន សុរាសី នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ ដែល​​​ជា​​​និស្សិត​​​បញ្ចប់​​​ការ​​​សិក្សា​​​ពី​​​រាជ​​​បណ្ឌិត្យ​​​សភា​​​វិជ្ជាជីវៈ​​​តុលាការ​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា លោក​​​គាំទ្រ​​​ប្រព័ន្ធ​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “វា​​​ជា​​​រឿង​​​ល្អ។ បើ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​នាយក​​​សាលា ​​​ពួក​​​គេ​​​នឹង​​​ខំប្រឹង​​​ប្រជែង​​​យក​​​តំណែង​​​ល្អ​​​បំផុត​​​។ បើ​​​ពួក​​​គេ​​​សុទ្ធ​​​តែ​​​ជា​​​ចៅ​​​ក្រម តើ​​​បាន​​​នរណា​​​ធ្វើ​​​ព្រះរាជ​​​អាជ្ញា​​​?”។

លោក ពេជ្រ ពិសី នាយក​​​កម្មវិធី​​​នៅ​​​អង្គការ​​​តម្លាភាព​​​អន្តរជាតិ​​​ប្រចាំ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ដំណើរ​​​ការ​​​នៃ​​​ការ​​​ជ្រើស​​​រើស​​​ចៅ​​​ក្រម​​​ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​េនះ​​​​​​គួរ​​​តែ​​​ផ្អែក​​​ជា​​​សំខាន់​​​លើ​​​ “បទ​​​ពិសោធ គុណសម្បត្តិ និង​​សមត្ថ​​​​ភាព​​​របស់​​​បេក្ខ​​​ជន​​​ម្នាក់​​​ៗ។ ខ្ញុំ​​​ជឿ​​​ជាក់​​​យ៉ាង​​​មុតមាំ​​​ថា បុគ្គល​​​ម្នាក់​​​ៗ​​​គួរ​​​តែ​​​អាច​​​ជ្រើស​​​រើស​​​អាជីព​​​របស់​​​ពួក​​​គេ​​ទៅ​​​តាម​​​ចំណង់​​​ចំណូល​​​ចិត្ត​​​របស់ខ្លួន​បាន​​​​ ដូច្នេះ​​​សម្រាប់​​​ខ្ញុំ​​​ វា​​​រាង​​​ចម្លែក​​​បន្តិច”។

លោក រិន ភិរុណ ដែល​​​ពេល​​​នេះ​​​កំពុង​​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​ការត្រៀម​​​ខ្លួន​​​ធ្វើ​​​ជា​​​ចៅក្រម បាន​​​ទទួល​​​ស្គាល់​​​ថា តួនាទី​​​របស់​​​លោក​​​នឹង​​​ជា​​​ការ​​​ងារ​​​​​ពិបាក​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ខ្លះ​​​ និង​សូម្បី​​​តែ​​​ខ្ញុំ​​​ក៏​​​ចូល​​​ចិត្ត​​​ការ​​​ងារ​​​ជា​​​​​​ព្រះរាជ​​​អាជ្ញា​​​ដែរ​​​ ខ្ញុំ​​​គិត​​​ថា ការ​​​ងារ​​​នេះ​​​ងាយ​​​ស្រួល​​​ជាង​​​បន្តិច​​​ ពីព្រោះ​​​​​​មិន​​​មែន​​​ជា​​​អ្នក​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​។ ការ​​​ធ្វើ​​​សេចក្តី​​​សម្រេច​​​គឺ​​​ជា​​​ទម្ងន់​​​ដ៏​​​ធ្ងន់​​​នៅ​​​លើ​​​ស្មា”។

ប៉ុន្តែ មុន​​​ពេល​​​ចូល​​​បម្រើ​​​ការ​​​ងារ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ លោក និង​​​មិត្ត​​​រួម​​​ថ្នាក់​​​របស់​​​លោក​​​នឹង​​​ត្រូវ​​​ឆ្លង​​​កាត់​​​តេស្ត​​​មួយ​​​ទៀត ​​​នោះ​​​គឺ​​​ការ​​​ចាប់​​​ឆ្នោត​​​ផ្សងសំណាង​​​ចុង​​​ក្រោយ​​​ ដែល​​​នឹង​​​សម្រេច​​​ថា តើ​​​​​​ពួក​​​គេ​​​ត្រូវ​​​ធ្វើ​​​ការ​​​នៅ​​​តុលាការ​​​មួយណា​​​​ក្នុង​​​ចំណោម​​​តុលាការ​​​ទូទាំង
​​​ប្រទេស​​​៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស