28.4 C
Phnom Penh

តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​អនុម័ត​​​ថវិកា​​​ជាតិ​​​៣,៨​​​ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​២០១៥​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ រដ្ឋសភា​​​បាន​​​អនុម័ត​​​ថវិកា​​​ជាតិច​​​ំនួន​​​៣,៨​​​ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​២០១៥ ទោះ​​​បី​​​ជា​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​រិះ​​​គន់​​​​​​​​​សេចក្តី​​​ព្រាង​​​ថវិកា​​​នេះ​​​យ៉ាង​​​ខ្លាំង​​​ថា ខ្វះ​​​សេចក្តី​​​លម្អិត​​​ និង​​​មិន​​​បាន​​​​​​​​​បោះ​​​ឆ្នោត​​​ក្តី​​​។

កាល​​​ពី​​​ពេល​​​ព្រឹក​​ ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ បាន​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​ដើម្បី​​​លើក​​​យក​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​មក​​​ពិភាក្សា​​​ដេញ​​​ដោល​​​ ដោយ​​​តំណាង​​​រាស្ត្រ​​​ចំនួន​​​៦៥​​​​​​រូប​​​​​​បាន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ ចំណែក​​​ឯ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចំនួន​​​៤៧​​​រូប​​​មិន​​​បាន​​​បោះ​​ឆ្នោត​​​នោះ​​​ទេ​​​​​​។ នៅ​​​ចុង​​​បញ្ចប់​​​នៃ​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​​​​​​​ពេញ​​​មួយ​​​ថ្ងៃ​​​នេះ​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​​​​ដែល​​​មាន​​​វត្តមាន​​​នៅ​​​ក្នុង​​​រដ្ឋសភា នៅ​​​សល់​​​តែ​​​១៩​​​រូប​​​ប៉ុណ្ណោះ​​​​​​ នៅ​​​ពេល​​​គណបក្ស​​​កាន់​​​អំណាច​​​បោះ​​​ឆ្នោត​​​អនុម័ត​​​ថវិកា​​​នេះ​​​នៅ​​​វេលា​​​ម៉ោង​​​​​​៦​​​ល្ងាច។​​​

ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៥​​​ ដែល​​​​​​បាន​​​រាប់​​​បញ្ចូល​​​​ការ​​​ចំណាយ​​​​​​៤០០​​​លាន​​​ដុល្លារ​​​បន្ថែម​​​​​ពី​​​លើ​​​ឆ្នាំ​​​២០១៤ និង​​​ដែល​​​​​បាន​​​លៃ​​​ទុក​​​ថវិកា​​​ភាគ​​​ច្រើន​​​សម្រាប់​​​វិស័យ​​​ការពារ​​​ជាតិ សន្តិសុខ និង​​​អប់​​​រំ​​​នេះ មិន​​​បាន​​​ផ្តល់​​​ការ​​​វិភាគ​​​លម្អិត​​​ថា តើត្រូវ​​​ចំណាយ​​​ថវិកា​​​ទាំង​​​នោះ​​​ដោយ​​​របៀប​​​ណា​​​ឡើយ​​​។

លោក យឹម សុវណ្ណ តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ជា​​​អ្នក​​​នាំពាក្យ​​​​​​គណបក្ស​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ គណបក្ស​​​របស់​​​លោក​​​មិន​​​បាន​​​ចូល​​​រួម​​​បោះ​​​ឆ្នោត​​​ទេ ពីព្រោះ​​​សេចក្តី​​​ព្រាង​​​ថវិកា​​​នេះ​​​មាន​​​ “ចន្លោះ​​​ប្រហោង​​​ច្រើន​​​” ពាក់​​​ព័ន្ធ​​​នឹង​​​ចំណូល​​​ចំណាយ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​ពេញ​​​អង្គ​​​ថា “ជា​​​ធម្មតា​​​ ដើម្បីអនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដ៏​​​មា​​ន​​​សារៈសំខាន់​​​មួយ​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​ប្រទេស​​​ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​ត្រូវ​​​ការ​​​ពេល​​​ពីរ​​​បី​​​ខែ​​​ដែរ ដើម្បី​​​សិក្សា​​​ស៊ី​​​ជម្រៅ​​​លើ​​​ចំណូល​​​ដែល​​​រដ្ឋ​​​ប្រមូល​​​បាន​​​ និង​​​ប្រមូល​​​បាន​​​ពី​​​គ្រប់ប្រភព​​​ទាំងអស់​​​តាម​​​រយៈ​​​ការ​​​យក​​​ពន្ធ​​​ ព្រម​​​ទាំង​​​ការ​​​ចំណាយ​​​ដោយ​​​វិស័យ​​​នានា​​​ផង​​​​​​ [ដើម្បី​​​ធានា​​​បាន​​​នូវ​​​]​​​​​​ ផ្លូវ​​​ត្រឹម​​​ត្រូវ និង​​​ប្រសិទ្ធភាព​​​”។

នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ លោក យឹម សុវណ្ណ បាន​​​អះ​​​អាង​​​ថា រដ្ឋ​​​អាចទទួលបាន​​​ចំណូល​​​១.០០០​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​ប្រមូល​​​ពន្ធ​​​មាន​​​ប្រសិទ្ធភាព​​​ជាង​​​នេះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “វិស័យ​​​ដែល​​​យើង​​​អាច​​​​​​រក​​​ចំណូល​​​បាន​​​បន្ថែម​​​ទៀត​​​ គឺពី​​​​​​ក្រុមហ៊ុន​​​កាស៊ីណូ​​​ និង​​​ជា​​​ពិសេស​​​ពន្ធ​​​លើ​​​ប្រេង​​​សាំង​​​ ដែល​​​អាច​​​រក​​​បាន​​​ចន្លោះ​​​ពី​​​២០០​​​ទៅ​​​៣០០​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​”។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា គណបក្សប្រឆាំង​​​ក៏​​​ចង់​​​ឃើញ​​​ការ​​​បង្កើន​​​ការ​​​ចំណាយ​​​លើ​​​វិស័យ​​​អប់​​​រំ​​​ វិស័យ​​​សុខាភិបាល និង​​​សេវា​​​សាធារណៈ​​​ផង​​​ដែរ​​​ ព្រម​​​ទាំង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​មន្ត្រី​​​រាជ​​​ការ​​​ឲ្យដល់​​​យ៉ាង​​​ហោច​​​ណាស់​​​​​​២លាន​​​ ឬ​​​ប្រហែល​​​៥០០ដុល្លារ​​​ក្នុង​​​មួយខែ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “យើង​​​មាន​​​ការ​​​សោក​​​ស្តា​​​យ​​​ដែល​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​មិន​​​ពន្យល់​​​ច្បាស់​​​លាស់​​​អំពី​​​បញ្ជី​​​សារពើ​​​ភណ្ឌ​​​របស់​​រដ្ឋ​​​ ដែល​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​ជន​​​មួយ​​​ចំនួន​​​ធ្វើ​​​ការ​​​ដោះ​​​ដូរ​​ លក់ និង​​​ជួល​​​អចលនទ្រព្យ​​​សាធារណៈ​​​របស់រដ្ឋ​​​ដោយ​​​គ្មាន​​​តម្លាភាព និង​​​គណនេយ្យ​​​ភាព”។

លោក ជាម យៀប តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​ និង​​​ជា​​​ប្រធាន​​​គណៈកម្មកាសេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋសភា បាន​​​ការ​​​ពារ​​​សេចក្តី​​​ព្រាង​​​ថវិកា​​​ឆ្នាំ​​​២០១៥​​​នេះ​​​​​​ អំឡុង​​​ពេល​​​ពិភាក្សា​​​ដេញ​​​ដោល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​រឿង​​​សំខាន់​​​ពាក់​​​ព័ន្ធ​​​នឹង​​​គោល​​​នយោបាយ​​​ហិរញ្ញវត្ថុ​​​សារធារណៈ​​​ដើម្បី “ធានា​​​បាន​​​នូវ​​​ការ​​​បន្ត​​​​​​សម្រេច​​​បាន​​​កំណើន​​​សេដ្ឋកិច្ច​​​ខ្ពស់​​​ និង​​​ប្រកប​​​ដោយ​​​និរន្តរភាព​​​ ព្រម​​​ទាំង​​​ដើម្បី​​​ធានា​​​ស្ថិរភាព​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​នៅក្នុង​​​បរិបទ​​​អតិផរណា​​​ទាប និង​​​ស្ថិរភាព​​​នៃ​​​អត្រា​​​ប្តូរ​​​ប្រាក់​​​ផង​​​ដែរ​​​​​​”។​​​​​​

មួយ​​​ភាគ​​​​​​ធំ​​​នៃ​​​ថវិកា​​​ជាតិ​​​នេះ​​​ ពោល​​​គឺ​​​ចំនួន​​​​​​៥៦៧​​​លាន​​​ដុល្លារ​​​ ឬស្មើ​​​ប្រហែល​​​១៥​​​ភាគ​​​រយ​​​នៃ​​​ការ​​​ចំណាយ​​​សរុប​​​ នឹង​​​ទុក​​​សម្រាប់​​​ក្រសួង​​​​​​ការងារ​​​ជាតិ និង​​​ក្រសួង​​​មហាផ្ទៃ។ វិស័យ​​​អប់​​​រំ​​​​​​នឹង​​​ទទួល​​​បាន​​​​​​៤៣៣លាន​​​ដុល្លារ​​​ សម្រាប់​​​ឆ្នាំ​​​២០១៥ ពោល​​​គឺ​​​ច្រើន​​​ជាង​​​ឆ្នាំ​​​២០១៤​​​ជិត​​​១០០​​​លាន​​​ដុល្លារ​​​។

ក្នុង​​​ចំណោម​​​ថវិកាសរុប​​​ គឺមាន​​​តែ​​​ចំនួន​​​២០០លាន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ ដែល​​​នឹង​​​ត្រូវ​​​លៃ​​​ទុក​​​សម្រាប់​​​រដ្ឋបាល​​​ខេត្ត​​​ ក្រុង ​​​ស្រុក ខណ្ឌ៕សុខុម​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស