29 C
Phnom Penh

លោក ហ៊ុន សែន និង​​​លោក សម រង្ស៊ី ដោះ​​​ស្រាយ​​​បញ្ចប់​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​លើ​​​ការធ្វើកំណែ​​​ទម្រង់​​​​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​​​ជំនួប​​​មួយ​​​កាល​​​ពីថ្ងៃ​​​សុក្រ នៅ​​​ឯរដ្ឋសភា លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន និង​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្សប្រឆាំង​​​ បាន​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដែល​​​នៅ​​​សេសសល់​​​រវាង​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះជាតិ ជុំវិញ​​​សេចក្តីលម្អិត​​​អំព​​​ីកំណែទម្រង់​​​ដ៏​​​មាន​​​សារៈសំខាន់​​​ ដូច​​​ដែល​​​បាន​​​សន្យា​​​គ្នា​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែកក្កដា រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​។cam-photo-deal

លិខិត​​​មួួ​​​យ​​​ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​លោក ហ៊ុន សែន និង​​​លោក សម រង្ស៊ី ដែល​​​បាន​​​ជួប​​​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​សម័យ​​​ប្រជុំ​​​សភា​​​ពេញ​​​អង្គ​​​​​​លើក​​​ឡើង​​​​​​​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​មួយ​​​ស្តី​​​ពីការ​​​រៀបច​​​ំ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) និង​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​ស្តី​​​ពីការ​​​បោះ​​​ឆ្នោត​​​ដែលមាន​​​ស្រាប់​​​ នឹង​​ត្រូវ​​​អនុម័ត​​​ត្រឹម​​​ដំណាច់​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៥​​​។

លិខិត​​​នេះ​​​មាន​​​ខ្លឹម​​​សា​​​រដូច្នេះ​​​​​​ថា “សម្រាប់​​​ការ​​​ខ្វែងគំនិត​​​គ្នា​​​ដែល​​​នៅ​​​សេសសល់​​​លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពីការ​​​រៀប​​​ចំ​​​ និង​​​ការ​​​ប្រព្រឹត្តទៅ​​​​​​នៃ​​​ គ.ជ.ប. មេដឹក​​​នាំកំពូល​​​ៗនៃ​​​​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​ដោះ​​​ស្រាយ​​​វា​​​ទាំង​​​ស្រុង”។

បន្ទាប់​​​ពី​​​ជំនួប​​​នេះ លោក គួយ ប៊ុនរឿន ​​​ប្រធាន​​​ក្រុម​​​ចរចា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ទទួ​​ល​​​បន្ទុក​​​ការ​​​ចរចា​​​លើ​​​បញ្ហា​​​កំណែ​​​ទម្រង់​​​បោះឆ្នោត​​​ បា​​​ន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា គណបក្ស​​​ប្រឆាំង​​​បាន​​​ទទួល​​​យក​​​ការ​​​ទាម​​​ទារ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​សុំ​​​​​​ឲ្យ​​​​​​ហាម​​​ឃាត់​​​សមាជិក​​​ គ.ជ.ប. មិន​​​ឲ្យ​​​មាន​​​សញ្ជាតិ​​​ពីរ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​សញ្ជាតិ​​​សម្រាប់​​​សមាជិក​​​របស់​​​គ.ជ.ប. យើង​​​មិន​​​​​​ដាច់​​​អហង្ការ​​​ពេក​​​នោះ​​​ទេ​​​។ វាមាន​​​ន័យ​​​​​​ថា អ្នក​​​ដែល​​​ចង់​​​ធ្វើ​​​ជា​​​បេក្ខជន​​​ត្រូវ​​​បោះ​​​បង់​​​សញ្ជាតិ​​​ផ្សេង​​​ទៀត​​​ចោល​​​ បន្ទាប់​​​ពី​​​ជាប់​​​ឆ្នោត​​​”។

លោកបានមាន​​​ប្រសាសន៍ទៀត​​​ថា សមាជិក​​​ គ.ជ.ប. អាច​​​ដាក់​​​ពាក្យ​​​សុំ​​​សញ្ជាតិ​​​បរទេស​​​វិញ​​​បាន ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ពី​​​មុខ​​​តំណែង​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​បោះ​​​ឆ្នោត​​​ដែលមាន​​​​​​សមាជិក​​​ប្រាំបួន​​​រូប​​​នេះ​​​។

លោក កើត រិទ្ធ រដ្ឋលេខាធិការ​​​ក្រសួង​​​យុត្តិធម៌​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​បានមាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ក្រោយ​​​ពី​​​ជំនួប​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ច្បាប់​​​ថ្មី​​​នេះ​​​​​​ក៏​​​នឹង​​​តម្រូវ​​​ឲ្យ​​​​​​អគ្គលេខាធិការ​​​ និង​​​មន្ត្រី​​​ផ្សេង​​​ទៀត​​​របស់​​​គ.ជ.ប.ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​សំឡេង​​​ឆ្នោត​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​​​​សមាជិក​​​ទាំង​​​ប្រាំបួន​​​រូប​​​ផង​​​ដែរ​​​។

ពី​​​មុន​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ជំរុញ​​​ឲ្យ​​​ផ្តល់​​​សិទ្ធិ​​​អំណាច​​​ដល់​​​ប្រធាន ​​​គ.ជ.ប. ជា​​​អ្នក​​​ចាត់​​​​​​តាំង​​​រដ្ឋបាល​​​របស់​​​ស្ថាប័ន​​​នេះ​​​ដោយ​​​ផ្ទាល់​​​។​​​​​​​​​​​​

លោក កើត​​​ រិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​បាន​​​ទទួល​​​យក​​​ការ​​​ទាម​​​ទារ​​​របស់​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ដែរ ដែល​​​សុំ​​​​​​ឲ្យ​​​សមាជិក​​​ គ.ជ.ប. មិន​​​មែន​​​​​​ជា​​​ញាតិ​​​​​​លោហិត​​​របស់​​​ប្រធាន​​​ ឬ​​​អនុ​​​ប្រធាន​​​បក្ស​​​ដែល​​​មាន​​​អាសនៈ​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​​​​។

គ.ជ.ប. ថ្មី​​​នេះ​​​នឹង​​​មាន​​​សមាសភាព​​​សមាជិក​​​បួន​​​រូប​​​ ដែលជ្រើស​​​តាំង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បួន​​​រូប​​​ជ្រើស​​​តាំង​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​សមាជិក​​​អព្យាក្រឹត​​​ទី៩​​​មួយរូប​​​ទៀត​​​។ លោក កើត​​​ រិទ្ធ បាន​​​មាន​​​ប្រសាសន៍ថា មេដឹក​​​នាំ​​​គណបក្ស​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​យន្តការ​​​មួយ​​​​​​​​​ដើម្បី​​​បំបែក​​​ភាព​​​ជាប់​​​គាំ​​​ង​​​ណា​​​មួយ​​​ដែល​​​អាច​​​កើត​​​មាន​​​នៅក្នុង​​​គណៈកម្មាធិការ​​​បោះ​​​ឆ្នោត​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្នុង​​​ករណីដែល​​​ គ.ជ.ប. ជាប់​​​គាំង និង​​​បង្ក​​​ជា​​​ឧបសគ្គដល់​​​​​​ការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ រដ្ឋសភា​​​អាច​​​រម្លាយ​​​​​​ គ.ជ.ប.​​​ បាន​​​តាម​​​រយៈ​​​សំឡេង​​​ឆ្នោត​​​​​​ [ភាគ​​​ច្រើន]”។

ជា​​​ការ​​​ប្តូរ​​​ចិត្ត​​​របស់​​​រដ្ឋាភិបាល​​​ លោក ហ៊ុន សែន ក៏​​​បាន​​​យល់​​​ព្រម​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បើក​​​ស្ថាន​​​ីយទូរទស្សន៍​​​អាណាឡូក​​​ (Analog) មួយ​​​ផង​​​ដែរ​​​ ជា​​​ការ​​​បំពេញ​​​សន្យា​​​ ដែល​​​លោក​​​បាន​​​ធ្វើ​​​ឡើង​​ជា​​​ផ្នែក​​​នៃកិច្ច​​​ព្រម​​​ព្រៀង​​​ថ្ងៃទី​​​២២ កក្កដា។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា គ្មាន​​​ស្ថានីយ​​​ទំនេរ​​​សម្រាប់​​​គណបក្ស​​​ប្រឆាំង​​​ឡើយ​​​។

ស្ថានីយទូរទស្សន៍​​​របស់​​​គណបក្សប្រឆាំង ​​​​​​នឹង​​​ត្រូវ​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​ឯកជន​​​មួយដែល​​​មាន​​​ឈ្មោះ​​​ថា ខេមបូឌា អិុនឌីផេនដេន មេឌា (Cambodia Independent Media) ដែល​​​បាន​​​ចុះ​​​បញ្ជី​​​នៅ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​រួច​​​រាល់​​​ហើយ ហើយ​​​នឹង​​​ទទួល​​​បាន​​​ហ្វ្រេកង់​​​មួយ​​​ដែល​​​បច្ចុប្បន្ន​​​គេ​​​ទុក​​​ចោល​​​មិន​​​ប្រើ​​​ប្រាស់​​​ នេះ​​​បើ​​​យោង​​​តាម​​​លិខិត​​​មួយ​​​​​​ចុះ​​​កាល​​​បរិច្ឆេទ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​របស់​​​​​​លោក ខៀវ កាញារីទ្ធ ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​​​​កាល​​​ពីថ្ងៃ​​​សុក្រ។

លិខិត​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ក្រុមហ៊ុន ខេមបូឌា ​​​អិុនឌីផេន​​​ដេន មេឌា ខូអិល​​​ធីឌី ត្រូវ​​​មក​​​ដាក់នៅ​​​ក្រសួង​​​ព័ត៌​​​មាន​​​ដើម្បីសុំ​​​អាជ្ញាប័ណ្ណ​​​​​​ដំណើរ​​​ការ​​​ស្ថាន​​​ីយទូរទស្សន៍​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ និង​​​ការ​​​ផ្សាយ​​​បន្ត​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​”។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីថ្ងៃសុក្រថា លោក ហ៊ុន សែន បាន​​​ទូរស័ព្ទ​​​ទៅ​​​លោក​​​កាល​​​ពីយប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដើម្បី​​​ជម្រាប​​​​​​លោក​​​ថា​​​ ការទទូច​​​របស់​​​ក្រសួង​​​ព័ត៌​​​មាន​​​ដែល​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​ស្ថាន​​​ីយទូរទស្សន៍​​​ប្រព័ន្ធ​​​ឌីជីថល​​​មិន​​​មែន​​​អាណាឡូកនោះ​​​ គឺ​​​ជា​​​ការ​​​បំពាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្ងៃ​​​២២ កក្កដា​​​។

លោក សម រង្ស៊ី បានមាន​​​ប្រសាសន៍​​​ថា “កាល​​​ពី​​​យប់​​​មិញ​​​នៅ​​​​​​ពេល​​​ពាក់​​​កណ្តាល​​​អធ្រាត្រ​​​លោក ហ៊ុន សែន បាន​​​ទូរស័ព្ទ​​​មក​​​ខ្ញុំ ហើយ​​​និយាយ​​​ថា លោក​​​ទទួល​​​ស្គាល់​​​ថា វា​​​មិន​​​​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​​​​ថា ‘រដ្ឋាភិបាល​​​នឹង​​​ស្វែង​​​រក​​​វិធី​​​សម្រាប់​​​ឯកឧត្តម​​​ដំណើរ​​​ការ​​​ស្ថានីយ​​​ទូរទស្សន៍​​​អាណាឡូក ដែល​​​ឯកឧត្តម​​​អាច​​​ដំណើរ​​​ការ​​​បាន​​​នៅ​​​ពេល​​​នេះ​​​’”។

ជា​​​ផ្នែក​​​មួយ​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​កាល​​​ពី​​​ម្សិលមិញ​​​ដែរ​​​ លោក​​​ ហ៊ុន សែន បាន​​​យល់​​​ព្រម​​​ទទួល​​​ស្គាល់​​​លោក សម រង្ស៊ី ជា​​​ផ្លូវ​​​ការ​​​ជា​​​ “ប្រធាន​​​ក្រុមភាគ​​​តិច​​​” នៅ​​​ក្នុង​​​រដ្ឋសភា​​​ ជា​​​តំណែង​​​មួយ​​​ដែល​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​មាន​​​ប្រសាសន៍​​​ថា “គ្រាន់​​​តែ​​​ជាតំណែង​​​​​​កិត្តិយស ប៉ុន្តែ យ៉ាង​​​ហោច​​​ណាស់​​​ក៏វា​​​ជា​​​និមិត្តរូប​​​ដែរ​​​”។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ថា លោក ហ៊ុន សែន ធ្លាប់​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​សុំ​​​បង្កើត​​​រដ្ឋាភិបាល​​​ស្រមោល​​​មួយ​​​ ដែលមាន​​​លក្ខណៈ​​​​​​ស្រដៀង​​​គ្នា​​​ទៅ​​​នឹង​​​រដ្ឋាភិបាលស្រមោល​​​នៅក្នុង​​​ប្រព័ន្ធ​​​សភា​​​របស់​​​ប្រទេស​​​អង់គ្លេស​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ទៀត​​​ថា “គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​បាន​​​ច្រាន​​​ចោល​​​គំនិត​​​សភា​​​ស្រមោល ដែល​​​ជា​​​ប្រព័ន្ធ​​​របស់​​​អង់គ្លេស ប៉ុន្តែ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​ខ្លួន​​​ឯង​​​មិន​​​ចង់​​​ឮ​​​ពាក្យ​​​ថា គណៈ​​​រដ្ឋមន្ត្រី​​​ស្រមោល​​​នោះ​​​ទេ​​​។ ដូច្នេះ​​​ហើយ​​​យើង​​​ក៏​​​បាន​​​ងាក​​​ទៅ​​​ប្រើ​​​ប្រព័ន្ធ​​​របស់​​​​​អាមេរិក​​​វិញ​​​ ដែល​​​មាន​​​ប្រធាន​​​ក្រុម​​​ភាគ​​​តិច​​​។ ដូច្នេះ​​​ពេល​​​នេះ​​​យើង​​​មាន​​​តំណែង​​​នេះ​​​សម្រាប់​​​ឲ្យ​​​គេ​​​ទទួល​​​ស្គាល់​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ប្រធាន​​​ក្រុមភាគ​​​តិច​​​ ដែល​​​នឹង​​ក្លាយ​​​ជា​​​ដៃ​​​គូ​​​សន្ទនា​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោក​​​ និង​​​លោក ហ៊ុន សែន មាន​​​សិទ្ធិ​​​ស្មើ​​​គ្នា​​​ក្នុង​​​ការ​​​​ពិភាក្សា​​​​​​ដោះ​​​ស្រាយ​​​ “លើ​​​បញ្ហា​​​ផល​​​ប្រយោជន៍ជាតិ​​​”។​​

នៅ​​​ពេល​​​សាក​​​សួរ​​​ថា ហេតុអ្វី​​​បាន​​​ជា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​យល់​​​ព្រម​​​ទទួល​​​យក​​​ការ​​​ទាម​​​ទារ​​​មួយ​​​ចំនួន​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ចាប់​​​តាំង​​​ពី​​​ការ​​​ចរចា​​​បាន​​​ចាប់​​​ផ្តើម​​​ក្រោយ​​​ពី​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្ងៃ២២ កក្កដា ដែល​​​បាន​​​បញ្ជាក់​​​ថា គ.ជ.ប. បច្ចុប្បន្ន​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា នឹង​​​ត្រូវ​​​រក្សា​​​ទុក​​​ឲ្យ​​​នៅ​​​ដដែល​​​ ប្រសិន​​​បើ​​​មិន​​​​​​អាច​​​បង្កើត​​​  គ.ជ.ប.​​​​​​ថ្មី​​​បាន​​​​​​នោះ លោក សម រង្ស៊ី បាន​​​ឆ្លើយ​​​ថា នោះ​​​គឺ​​​ជា​​​លក្ខណៈ​​​នៃការ​​​ចរចា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ខ្ញុំ​​​គិត​​​តាំង​​​ពី​​​ដើម​​​មក​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​រំពឹង​​​ចង់​​​បាន​​​សម្បទាន​​​បន្ថែម​​​ទៀត​​​​​​ពី​​​យើង ហើយ​​​យើង​​​ក៏​​​រំពឹង​​​ចង់​​​បាន​​​សម្បទាន​​​បន្ថែម​​​ទៀត​​​ដែរ​​​ពី​​​គណបក្ស​​​ប្រជាជនកម្ពុជា។ ប៉ុន្តែ​​​នៅទី​​​បំផុត​​​​​​​​​ យើងបាន​​​​​​ដើរ​​​ដល់​​​ពាក់​​​កណ្តាល​​​ផ្លូវ​​​ គឺ​​​ពួក​​​យើង​​​​​ទទួល​​​បាន​​​៥០​​​ភាគ​​​រយ​​​ម្នាក់​​​នូវ​​​អ្វីដែល​​​យើង​​​ចង់​​​បាន​​​”៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស