លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការនៅក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកស្រីនឹងលាលែងចេញពីតំណែងរដ្ឋាភិបាលរបស់លោកស្រីនៅថ្ងៃច័ន្ទនេះ។
ក្នុងលិខិតលាលែងតំណែងរបស់លោកស្រី ចុះកាលបរិច្ឆេទថ្ងៃច័ន្ទ និងផ្ញើជូនលោក ហ៊ុន សែន លោកស្រីលើកឡើងអំពីបញ្ហាសុខភាព ចំពោះការសម្រេចរបស់លោកស្រីក្នុងការលាលែងតំណែងនេះ។
លិខិតដែលលោកស្រី ស៊ីណាត ផ្ញើទៅអ្នកយកព័ត៌មានម្នាក់តាមរយៈហ្វេសប៊ុក មានខ្លឹមសារថា “ខ្ញុំមានបញ្ហាសុខភាព ដែលចាំបាច់ត្រូវការការព្យាបាលប្រចាំថ្ងៃ ដូច្នេះខ្ញុំស្នើសុំលាលែងពីតំណែងពីអនុរដ្ឋលេខាធិការនៅក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីទទួលការព្យាបាល”។
ទោះជាយ៉ាងនេះក្តី ក្នុងការបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោកស្រីកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី ស៊ី ណាត បានផ្តល់មូលហេតុមួយផ្សេងទៀតចំពោះការចង់ឈប់ពីតំណែងរបស់លោកស្រី ដោយលោកស្រីបានសំដែងការខកចិត្តនឹងក្រសួងនេះ ចំពោះការមិនបានស៊ើបអង្កេតការកាន់កាប់របស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ចំពោះដីមានជម្លោះនៅខេត្តកំពង់ស្ពឺ។ លោកស្រីបានសរសេរថា “ខ្ញុំមិនអាចនៅក្នុងក្រសួងនេះ និងស្វែងរកយុត្តិធម៌ឲ្យប្រជាជនបានទេ…ដូច្នេះ ខ្ញុំសុំលាឈប់ពីពេលនេះទៅជាប្រជាជនចុះ”៕មានិត