29.3 C
Phnom Penh

ពាណិជ្ជករ​​​ជន​​​ជាតិ​​​រុស្សី​​​ម្នាក់​​​បន្ទោស​​​លោក​​​ ប៉ូ​​​លុន​​​ស្គី ចំពោះ​​​ការ​​​​​​វាយ​​​ប្រហារ​​​ ​​​មក​​​លើ​​​កូន​​​ប្រុស​​​របស់​​​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នីកូឡៃ ដូរ៉ូសិនកូ (Nikolai Doroshenko)ពាណិជ្ជករ​​​ជន​​​ជាតិ​​​រុស្ស៊ី បាន​​​ចោទ ប្រកាន់​​​លោក សេហ្គេ​​​ ប៉ូលុនស្គី ដែល​​​ជា​​​គូ​​​សត្រូវ​​ដ៏​​​ជូរ​​​ចត់​​​របស់​​​ខ្លួន​​​​​​បន្ទាប់ពី​​​មានការ​​​វាយ​​​ដំ​​​ដ៏​​ឃោរ​​​ឃៅ​​​មក​​​លើ​​​កូនប្រុស​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ​​​កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ដែល​​​លោក​​​លើកឡើង​​​ថា សំដៅ​​​មក​​​លើ​​​រូបលោក។

លោក ប៉ូលុនស្គី ជា​​​អតីត​​​មហាសេដ្ឋី​​​ដែលគេ​​ចង់​​​ចាប់ខ្លួន​​​តាម​​​ការ​​​ចោទប្រកាន់​​​ពី​​​បទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​​​​ក្នុង​​​ទីក្រុង​​​មូស្គូ ដែល​​​បាន​​​បែងចែក​​​ពេល​​​វេលា​​​រវាង​​​រាជធានី​​​ភ្នំពេញ​​​និង​​​កោះ​​​ឯកជន​​​តូច​​​មួយ​​​ក្នុង​​​សមុទ្រ​​​ក្រុងព្រះ​​​សីហនុ​​​នោះ​​ បាន​​​បដិ​​​សេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ។

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យដឹង​​​ថា កូនប្រុស​​​របស់​​​លោក ដូរ៉ូសិនកូ​​​ គឺ​​​លោក អូសថេប (Ostep)អាយុ៣៦ឆ្នាំ​​​ ដែលមាន​​​សញ្ជាតិ​​​ខ្មែរ និង​​​ជា​​​អនុសេនីយ៍ឯក​​​ក្នុង​​​កង​​​កម្លាំង​​​នគរ​​​បាល​​​អន្តោប្រវេសន៍​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ ត្រូវ​​​បាន​​​ឪពុក​​​របស់​​​ខ្លួន​​​ប្រើ​​​ឲ្យ​​​ទៅ​​​ជួប​​​បុរស​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ពីរ​​​នាក់​​​ដែល​​​ចង់ឲ្យ​​ក្រុម​​​គ្រួសារ​​​ដែល​​​មាន​​​ខ្នង​​​ក្រាស់​​​នេះ​​​ជួយ​​​ក្នុង​​​ការ​​​ប្រគល់​​​ប្រាក់​​​១.០០០​​​ដុល្លារ​​​ដល់​​​លោក ដេនីស វ៉ាឡូវ (Denis Valov)ដែល​​​លោក វ៉ាឡូវ​​​ ជា​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ដែរ​​​នោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​កាលពី​​​ខែមុន​​​ពី​​​បទ​​​បើក​​​រថយន្ត​​​ក្នុង​​​ភាព​​​ស្រវឹង​​​​​​បុក​​​សិស្ស​​​វិទ្យាល័យ​​​ម្នាក់​​​ស្លាប់។

លោក ម៉ែន វណ្ណី នាយ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​ខេត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក ដូរ៉ូសិនកូ វ័យ​​​ចំណាស់​​​អាយុ​​​៥៦ឆ្នាំ ដែល​​​ក៏​​​មាន​​​សញ្ជាតិ​​​ខ្មែរ​​​ដែរ​​​នោះ​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១ព្រឹកថ្ងៃព្រហស្បតិ៍ពី​​​បុរស​​​និយាយ​​​ភាសា​​​រុស្ស៊ី​​​ម្នាក់​​​​​​ជួយ​​​គាត់​​​ក្នុង​​​ការ​​​​​​ប្រគល់​​​ប្រាក់​​​នេះ ហើយ​​​បាន​​​រៀប​​​ចំ​​​ណាត់​​​ជួប​​​បុរ​​​ស​​​នោះ​​​នៅ​​​ល្ងាច​​​នោះ។ លោក វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៥ល្ងាច លោក ដូរ៉ូសិនកូ រវល់នឹង​​​​​​ការ​​​ងារ​​​ផ្សេង​​​ បាន​​​ប្រើ​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​ទៅ​​​យក​​​ប្រាក់​​​នោះ​​​ជំនួស។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ការ​​​ណែនាំ​​​របស់​​​ឪពុក​​​ខ្លួន លោក ដូរ៉ូសិនកូ វ័យ​​​ក្មេង បាន​​​ជួប​​​ជាមួយ​​​បុរស​​​នោះ​​​នៅ​​​កំណាត់ផ្លូវ​​​ស្ងាត់​​​មួយ​​​ឆ្ពោះ​​​ទៅ​​​សណ្ឋាគារ​​​​​​ឯក​​​រាជ្យ។ លោក វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់ពី​​​ពួកគេ​​​បាន​​​ចាប់​​​រលាក់​​​ដៃគ្នា​​​រួច ពួកគេ​​​បាន​​​ដាល់​​​គាត់ [អូសថេប ដូរ៉ូសិនកូ]​​​​​​​​​​​​​​​ ចំមុខ​​​ បណ្តាល​​​ឲ្យ​​​គាត់​​​រត់​​​ចូល​​​ទៅ​​​ក្នុង​​​រថយន្ត​​​វិញ”​​​។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​នោះ​​​ក៏បាន​​​បាញ់​​​កាំភ្លើង​​​​​​ចំខ្នង​​​របស់​​​គាត់​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​​​​ជា​​​ជន​​​ជាតិ​​​រុស្ស៊ី​​​នេះ​​​ធ្វើដំណើរ​​​​​​តាម​​​រថយន្ត​​​កាម​​​រី​​​មួយ​​​គ្រឿង​​​ដែល​​​មិន​​​មាន​​​ស្លាក​​​លេខ”។ លោក​​​បាន​​​បន្ថែម​​​ថា បន្ទាប់មក​​​ជន​​​រងគ្រោះ​​​បាន​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន ធ្លាក់​​​ផ្លូវ​​​ដើម្បី​​​ព្យាយាម​​​រត់​​​គេ​​​ច​​​ខ្លួន ត្រង់​​​ចំណុច​​​នេះ​​​ហើយ​​​ដែល​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​រត់​​​គេ​​​ច​​​ខ្លួន។

រូបថត​​​ដែល​​​បាន​​​ដាក់​​​តាម​​​គេ​​​ហ​​​ទំព័រ​​​​​​ព័ត៌មាន​​​ក្នុង​​​ស្រុក​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​បង្ហាញ​​​ថា​​​ រថយន្ត​​​ទំនើប​​​របស់​​​លោក អូសថេប ដូរ៉ូសិន​​​កូ​​​ ឈប់​​​នៅ​​​គុម្ពោធ​​​ព្រៃ​​​ចម្ងាយ​​​ប្រហែល​​​៥ម៉ែត្រ​​​ពី​​​ផ្លូវ។

លោក វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ដូរ៉ូសិនកូ ត្រូវ​​​បាន​​​សម្រាក​​​ព្យាបាល​​​របួស​​​របស់​​​ខ្លួន ដែល​​​មិន​​​ជា​​​ធ្ងន់ធ្ងរ​​​ប៉ុន្មាន​​​នោះ នៅ​​​គ្លី​​​និក​​​មួយ​​​​​​ក្នុង​​​មូល​​​ដ្ឋាន​​​កាលពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍ បន្ទាប់មក​​​បាន​​​ធ្វើ​​​ដំណើរ​​​តាម​​​យន្តហោះ​​​ទៅ​​​ព្យាបាល​​​បន្ថែម​​​នៅ​​​ប្រទេស​​​ថៃ​​​នៅ​​​ព្រឹក​​​បន្ទាប់។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិលមិញ លោក ដូរ៉ូសិនកូ​​​ វ័យ​​​ចំណាស់​​​​​​បាន​​​ធ្វើការ​​​ចោទ​​​ប្រកាន់​​​លោក ប៉ូលុនស្គី​​​ អាយុ​​​៤១ឆ្នាំ ភ្លាម​​​ៗ​​​​​​​​​ថា​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​វាយ​​​ប្រហារនេះ ហើយ​​​បាន​​​​​​អះ​​​អាង​​​ថា ខ្លួន​​​លោក​​​ផ្ទាល់​​​​​​គឺជា​​​គោលដៅ​​​ដែលគេ​​​បាន​​​ប៉ុន​​​ប៉ង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​កូនប្រុស​​​របស់​​​ខ្ញុំ​​​​​​ត្រូវ​​​កូនចៅ​​​របស់​​​លោក ប៉ូលុនស្គី វាយ​​​ដំ។ ប្រសិនបើ​​​​​​ខ្ញុំ​​​បាន​​​ទៅ​​​ជួប​​​ពួកគេ​​​ ម៉្លេះ​​​សម​​​ពួកគេ​​​សម្លាប់​​​ខ្ញុំ​​​ទៅ​​​ហើយ”។ លោក​​​បាន​​មាន​​​ប្រសាសន៍​​​ថា “កាលពី​​​ឆ្នាំមុន លោក ប៉ូលុនស្គី បាន​​​គំរាម​​​សម្លាប់​​ក្រុម​​​គ្រួសារ​​​ខ្ញុំ​​​ទាំង​​​មូល” ហើយ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​ពី​​​ការ​​​គំរាម​​​សម្លាប់​​​ដូច​​​ដែល​​​បាន​​​ចោទ​​​ប្រកាន់​​​នោះ​​​ឡើយ។

លោក​​​ ដូរ៉ូសិនកូ បាន​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា លោក និង​​​ក្រុម​​​គ្រួសារ​​​របស់​​​លោក  រួមទាំង​​​ប្រពន្ធ​​​មាន​​​ផ្ទៃពោះ​​​របស់​​​កូន​​​ប្រុស​​​លោក​​​ផង បច្ចុប្បន្ន​​​នេះ​​​កំពុង​​​លាក់ខ្លួន។ លោក​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​គ្រួសារ​​​របស់​​​ខ្ញុំ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​គ្រោះថ្នាក់”។

លោក ប៉ូលុនស្គី​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ។ លោក​​​បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ថា “ខ្ញុំមិន​​​ជាប់ពាក់ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​ទេ។ខ្ញុំ​​​សោក​​​ស្តាយ​​​ណាស់​​​ដែល​​​រឿង​​​នេះ​​​កើត​​​ឡើង”។ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​ចង់​​​ឲ្យ​​​មានការ​​​ស៊ើប​​​អង្កេត​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើទៅបាន​​​….មិន​​​យូរ​​​មិន​​​ឆាប់​​​ គេ​​​នឹង​​​រក​​​ឃើញ​​​ថា នរណាបាន​​​ធ្វើ​​​រឿង​​​នេះ”។

លោក ដូរ៉ូសិនកូ ជាប់ពាក់ព័ន្ធ​​​បញ្ហា​​​ផ្លូវ​​​ច្បាប់​​​មួយ​​​ចំនួន​​​ជា​​​មួួយ​​​លោក ប៉ុលុនស្គី ជុំវិញ​​​អចលនទ្រព្យ​​​ក្នុង​​​ក្រុង​​​ព្រះសីហនុ រួម​​​ទាំង​​​វិវាទ​​​ជុំវិញ​​​កិច្ច​​​សន្យា​​​ជួល​​​ឆ្នេរ​​​ដ៏​​​ពេញ​​​និយម​​​ក្នុង​​​ទីប្រជុំជន​​​តំបន់​​​ឆ្នេរ​​​ផង​​​ដែរ។

ទោះ​​​ជាយ៉ាង​​​ណា បញ្ហា​​​ផ្លូវ​​​ច្បាប់​​​របស់​​​លោក ប៉ុលុនស្គី​​​បាន​​​អូស​​​បន្លាយ​​​ថែមទៀត។ កាលពី​​​ខែ​​​កក្កដា ឆ្នាំមុន លោក​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​កំបាំង​​​មុខ​​​ក្នុង​​​ប្រទេស​​​រុស្ស៊ី​​​ពី​​​បទ​​​កិប​​​កេង​​​ប្រាក់​​​ប្រហែល​​​១៨០លានដុល្លារ​​​ពី​​​វិនិយោគិន​​​​​ក្នុង​​​គម្រោង​​​អភិវឌ្ឍន៍​​​ពីរ​​​ក្នុង​​​ក្រុង​​​មូស្គូ ហើយ​​​បន្ទាប់​​​មក​​​ត្រូវ​​​បាន​​​ដាក់​​​​​​ក្នុង​​​បញ្ជី​​​ដែលគេ​​​តាម​​​ចាប់ខ្លួន​​​បំផុត​​​របស់​​​នគរបាល​​​អាំង​​​ទែ​​​ប៉ូល។

កាលពី​​​ខែ​​​វិច្ឆិកា តាម​​​សំណើ​​​របស់​​​អាជ្ញារ​​​រុស្ស៊ី លោក​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​កោះរុង​​​​​​ ហើយ​​​ត្រូវ​​​បាន​​បញ្ជូន​​​ទៅ​​​ឃុំខ្លួន​​​នៅ​​​ពន្ធនាគារ​​​ PJ ដែល​​​មាន​​​ការ​​​យាម​​​កាម​​​តឹង​​​រ៉ឹង​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​រង់ចាំ​​​ការ​​​ធ្វើ​​​បត្យាប័ន។

ប៉ុន្តែ​​​កាលពី​​​ខែ​​​មករា ​​​លោក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​សាលា​​​ឧទ្ធរណ៍​​​ដែល​​​បាន​​​សម្រេច​​​ថា នីតិ​​​វិធី​​​នៃ​​​ការ​​​និរទេស​​​​​​នឹង​​​ត្រូវ​​​ផ្អាក​​​រហូតដល់​​​សាលាដំបូង​​​ខេត្ត​​​ព្រះសីហនុ​​​ដោះស្រាយ​​​ករណី​​​បង្ក​​​របួស​​​ស្នាម​​​ពី​​​មុន​​​លើ​​​ជន​​​នេះ​​​រួច​​​សិន។

កាលពី​​​ខែ​​​ធ្នូ ឆ្នាំ​​​២០១២ លោក ប៉ូលុនស្គី ត្រូវ​​​បាន​​​ចាប់ខ្លួន​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​បង្ខំ​​​ឲ្យ​​​ជន​​​ជាតិ​​​ខ្មែរ​​​៦នាក់​​​លោត​​​ចេញ​​​ពី​​​ទូក​​​ដោយ​​​ការ​​​យក​​​កាំបិត​​​​​ភ្ជង់​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំខ្លួន​​​ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​។ លោក​​​ត្រូវ​​​បាន​​​ដោះលែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​​​​រយៈ​​​ពេល​​​ប្រហែល​​​៣ខែ​​​ក្រោយមក៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស