ក្រុមគ្រួសារអ្នកស្រី អុី ស៊ីឡែន ជនជាតិខ្មែរដែលនគរបាលកូរ៉េខាងត្បូងសង្ស័យថា ត្រូវប្ដីរបស់ខ្លួនដែលជាជនជាតិកូរ៉េសម្លាប់នោះ បានធ្វើបុណ្យ១០០ថ្ងៃចាប់តាំងពីស្ត្រីរូបនេះបានស្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងពិធីមួយដែលមានអ្នកយកព័ត៌មានជាច្រើនមកពីស្ថានីយទូរទស្សន៍កូរ៉េល្បីៗចំនួនពីរចូលរួម។
សពអ្នកស្រី អុី ស៊ីឡែន ត្រូវបានបូជាក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី២៥ ខែសីហា ពីរថ្ងៃបន្ទាប់ពីគាត់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្ត ដែលនគរបាលនៅទីនោះជឿថា ប្ដីរបស់គាត់ដែលជាអ្នកបើកបររថយន្តរៀបចំឡើង ហើយជននេះនៅរស់នោះ ដើម្បីទទួលបានប្រាក់ពីក្រុមហ៊ុនធានារ៉ាប់រងជីវិតចំនួន២៦ដែលគាត់បានទិញឲ្យប្រពន្ធរបស់ខ្លួន ដែលមានទឹកប្រាក់ជាង៨,៦លានដុល្លារ។
យោងតាមអ្នកស្រី ឱក សាវេង ជាម្ដាយរបស់ជនរងគ្រោះបានឲ្យដឹងថា ប៉ុន្តែអដ្ឋិធាតុរបស់អ្នកស្រី អុី ស៊ីឡែន មិនទាន់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសាររបស់គាត់ដែលរស់នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំនៅឡើយទេ ហើយឪពុកម្ដាយរបស់បុរសជាប្ដីជនជាតិកូរេ៉នោះ ឥឡូវនេះកំពុងមើលថែកូនស្រីអាយុ៥ឆ្នាំរបស់នាង។
អ្នកស្រីបាននិយាយកាលពីម្សិលមិញថា ” ក្រសួងការបរទេសបានណែនាំខ្ញុំឲ្យដាក់សំណើកាលពីថ្ងៃច័ន្ទ ដើម្បីសុំអដ្ឋិធាតុ ចៅស្រីរបស់ខ្ញុំ និងទាមទារប្រាក់ដែលជារបស់កូនស្រីខ្ញុំ”។
អ្នកស្រី សាវេង បាននិយាយថា អ្នកស្រីបានសម្រេចចិត្តឲ្យកូនស្រីរបស់គាត់រៀបការជាមួយបុរសជនជាតិកូរ៉េខាងត្បូងនេះកាលពីឆ្នាំ២០០៨ គឺជាគំនិតល្អមួយបន្ទាប់ពីឃើញអ្នកជិតខាងមួយចំនួនធ្លាប់រៀបការកូនស្រីរបស់ខ្លួនឲ្យបុរសជនជាតិកូរ៉េដែរ ដោយទទួលបានប្រាក់ជាបន្តបន្ទាប់ពីបរទេស។
អ្នកស្រីបាននិយាយថា កូនស្រីរបស់ខ្ញុំបានយល់ព្រមរៀបការជាមួយបុរសជនជាតិកូរ៉េដែលជាប្ដីរបស់នាង ពីព្រោះនាងឃើញថា មនុស្សមួយចំនួនទៀតមានគ្រួសារល្អបន្ទាប់ពីរៀបការជាមួយបុរសជនជាតិកូរ៉េ ហើយពួកគេទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ដូច្នេះពួកគេអាចផ្ញើប្រាក់មកជួយផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា”។
អ្នកស្រីបានបន្ថែមថា ” យើងឃើញមនុស្សជាច្រើនរៀបការកូនជាមួយបុរសជនជាតិកូរ៉េ ហើយពួកគេមិនមានបញ្ហាទេ”។
អ្នកស្រី សាវេង បាននិយាយថា គាត់ទទួលបានព័ត៌មានដំបូងពីការស្លាប់កូនស្រីរបស់ខ្លួនកាលពីខែសីហា ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយរបាយការណ៍ថ្មីថា វាអាចជាករណីមនុស្សឃាតដោយគិតទុកជាមុន បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អ្នកស្រីបាននិយាយដល់បុរសជាប្ដីដែលនគរបាលកូរ៉េខាងត្បូងបង្ហាញអត្តសញ្ញាណថា ឈ្មោះ លី ថា ” គាត់មានអាកប្បកិរិយាល្អ ហើយតែងតែផ្ញើប្រាក់មួយចំនួនមកឲ្យខ្ញុំ។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងនៅពេលទទួលបានព័ត៌មាននេះ ពីព្រោះខ្ញុំមិនដែលគិតថា គាត់សម្លាប់ប្រពន្ធរបស់ខ្លួនដូច្នេះឡើយ”។
យោងតាមលោក វ៉ា សម្បត្តិ អធិការនគរបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា អ្នកយកព័ត៌មានមកពីបណ្ដាញផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់កូរេ៉ខាងត្បូង Seoul Broadcasting System និងប្រព័ន្ធផ្សព្វផ្សាយឯកជន Munhwa បានមកសួរសុខទុក្ខក្រុមគ្រួសាររបស់អ្នកស្រី អុី ស៊ីឡែន កាលពីចុងសប្ដាហ៍។
ទោះជាយ៉ាងណា លោក គីម ហានស៊ូ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនទាន់ទទួលបានព័ត៌មានណាមួយពីករណីនេះនៅឡើយទេ ដែលលោកឮតែតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា ” ស្ថានទូតកូរ៉េប្រចាំប្រទេសកម្ពុជាមិនដឹងពីរឿងនេះទេ”។ លោកបានបន្ថែមថា ការស៊ើបអង្កេតកំពុងស្ថិតក្នុងដៃនគរបាលកូរ៉េខាងត្បូងនៅឡើយ៕ សារុន (រាយការណ៍បន្ថែមដោយ Colin Meyn)