26 C
Phnom Penh

ស្ត្រី​ខ្មែរ​ដែល​រង​ការ​រំលោភ​បំពាន​នៅ​ប្រទេស​ចិន​​ត្រឡប់មក​​ស្រុក​កំណើត​​របស់​ខ្លួន​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ អ៊ុន ស្រីណា បាន​លក់​កូនស្រី​របស់​ខ្លួន​ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​១.០០០ដុល្លារ ស្ត្រី​អាយុ​៤៩​ឆ្នាំ​ដែល​មាន​កូន​ចំនួន​ប្រាំនាក់​រូប​នេះ​គិត​ថា ខ្លួន​​កំពុងផ្ដល់​ឱកាស​ឲ្យ​កូនស្រី​អាយុ​២២​ឆ្នាំ​នៅ​ពេល​នោះ​របស់​ខ្លួន​នូវ​ឱកាស​មួយ​ដែល​អាច​​ទទួល​បាន​ជីវិត​ល្អ​ប្រសើរ​។

ប៉ុន្តែ​កូនស្រី​រូប​នេះ​ដែល​ឥឡូវ​មាន​អាយុ​២៥​ឆ្នាំ បាន​ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ​ហើយ​កាលពី​ម្សិលមិញ បន្ទាប់ពី​រត់គេច​ចេញ​ពី​ប្ដី​​ដែល​ប្រើ​ហិង្សា និង​​ដែល​តែង​តែ​យក​ដំបង​ឬក្រណាត់​ជូត​ឥដ្ឋ​មក​វាយ​ដំនាង​។

អ្នកស្រី ស្រីណា បាន​និយាយ​កាលពី​ម្សិលមិញ ​​ខណៈ​កំពុង​រង់ចាំ​កូនស្រី​របស់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា “​ខ្ញុំ​គិត​ថា កូនស្រី​របស់​ខ្ញុំ​នឹង​ទទួល​បាន​សុភមង្គល​។ ប៉ុន្តែ​វា​បាន​ប្រែក្លាយ​ទៅ​ជា​មាន​ស្ថានភាព​ដ៏គួរ​ឲ្យ​រន្ធត់​បែប​នេះ​ទៅ​វិញ”។

កូនស្រី​របស់​អ្នកស្រី ស្រីណា គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​កម្ពុជា​ចំនួន​១២​នាក់ ដែល​បាន​​ទៅ​សុំសិទ្ធិ​ជ្រក​កោន​ក្នុង​ស្ថាន​កុងស៊ុល​កម្ពុជា​​ក្នុង​ក្រុង​គ័ងចូវ បន្ទាប់ពី​គេច​ចេញ​ពី​ស្ថានភាព​ស្រដៀង​គ្នា​នេះ។

យោង​តាម​​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំនួន​បួន​នាក់​ក្នុង​ចំណោម​ស្ត្រី​កម្ពុជា​ទាំង​១២​នាក់​នេះ បាន​ត្រឡប់​មក​វិញ​ហើយ​កាលពី​ចុង​សប្ដាហ៍។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​​​បាន​ទទួល​ស្គាល់​ថា ពិត​ជា​​មាន​ស្ត្រី​ខ្មែរ​​កាន់​​តែ​ច្រើន​ឡើង​បាន​រង​ការ​រំលោភ​បំពាន​​​នៅ​ក្នុង​ប្រទេស​ចិន​ពិត​មែន​ បន្ទាប់ពី​រៀបការ​​​ជាមួយ​បុរស​ជនជាតិ​ចិន​រួច​។ សម្រាប់​អ្នកស្រី ស្រីណា អ្វី​ទាំង​អស់​នេះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​​ស្ត្រី​ជនជាតិ​ចិន​ចេះ​និយាយ​ខ្មែរ​ម្នាក់​​បាន​​ទៅ​​​ផ្ទះ​​របស់​អ្នកស្រី​ក្នុង​ខណ្ឌ​ឫស្សីកែវ ហើយ​​និយាយ​អំពី​រឿង​មាន​បាន​នេះ​។

អ្នកស្រី​បាន​និយាយ​ទៀត​ថា ” យើង​បាន​ព្រមព្រៀង​បញ្ជូន​នាង​ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិចិន​ ព្រោះយើង​គិត​ថា យើង​នឹង​អាច​ទទួលបាន​ជីវិត​ដ៏ល្អ​ប្រសើរ​មួយ​។ កូនស្រី​របស់​ខ្ញុំ​នឹង​ទទួល​បាន​ជីវិត​ដ៏ល្អ​ប្រសើរ​នៅ​ទីនោះ ហើយ​នាង​នឹង​ផ្ញើ​លុយ​កាក់​មក​យើង​នៅ​ទីនេះ”។

​អ្នកស្រី ស្រីណា ​ដែល​ទទួល​បាន​​ប្រាក់​១.០០០ដុល្លារ​ពី​មេខ្យល់​នៅ​ថ្ងៃ​ដែល​កូនស្រី​របស់​គាត់​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​​បាន​ឲ្យ​ដឹង​បន្ត​​ថា បន្ទាប់​ពី​ព្រមព្រៀង​គ្នា​ចាត់​វិធានការ​បន្ទាប់​ ស្ត្រី​មេខ្យល់​បាន​ណែនាំ​​ឲ្យ​អ្នកស្រី​ស្គាល់​បុរស​ជនជាតិ​ចិន​តាម​រយៈ​ Webcam។ អ្នកទាំងពីរ​បាន​ត្រូវ​រ៉ូវ​គ្នា​ ហើយ​ការ​ព្រម​ព្រៀង​គ្នា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង។

អ្នកស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា ” ប្រសិន​បើ​នរណា​ម្នាក់​មក​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​នេះ​ម្ដង​ទៀត ខ្ញុំ​មិន​ព្រម​នោះ​ទេ។ ខ្ញុំ​មាន​មេរៀន​ម្ដង​រួច​ហើយ”។

លោកស្រី ចាន់ សុគន្ធា ប្រធាន​កម្មវិធី​ស្ត្រី​ និង​កុមារ នៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​លើក​ឡើង​ថា រឿង​របស់​អ្នកស្រី ស្រីណា នេះ​គឺ​វា​ស្រដៀងៗ​គ្នា​។ លោកស្រី​បាន​លើក​ឡើង​ទៀត​ថា បុរស​ជនជាតិ​ចិន​​ជា​ធម្មតា​ផ្ដល់​ប្រាក់​ឲ្យ​មេខ្យល់​ក្នុង​ចន្លោះ​ពី​១០.០០០​ដុល្លារ​ទៅ​១៥.០០០​ដុល្លារ​ដើម្បី​ឲ្យ​នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ជាមួយ​ខ្លួន ហើយ​មេខ្យល់​ឲ្យ​ប្រាក់ទៅ​គ្រួសារ​​របស់​ស្ត្រី​ខ្មែរ​​ត្រឹម​តែ​១.០០០​ដុល្លារ​ឬក៏តិច​ជាង​នេះ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​​​ត្រូវ​បាន​គេ​ប្រាប់​ថា ខ្លួន​អាច​ជួយ​គ្រួសារ​របស់​ខ្លួន​នៅ​កម្ពុជា​វិញ។ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ” ៕​ ស៊ុយឈាង​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស