អង្គភាពប្រឆាំងអំពើពុករលួយបានព្រមានមន្ត្រីពន្ធដារបួនរូប ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបំពេញការងាររបស់ខ្លួនឲ្យបានប្រសើរជាងមុន បើមិនដូច្នោះទេ ប្រឈមនឹងវិធានការផ្លូវច្បាប់។
អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហោះលិខិតចុះថ្ងៃទី២៨ ខែវិច្ឆិកាតាមប្រព័ន្ធអុីនធើណិតមួយច្បាប់ៗដល់មន្ត្រីម្នាក់ៗ គឺប្រធានការិយាល័យពន្ធដារក្រុងសេរីសោភ័ណ និងមន្ត្រីប្រមូលពន្ធបីនាក់ទៀត។
លិខិតនោះចោទប្រកាន់ពួកគេថា មិនបានបំពេញលិខិតស្នាមចាំបាច់ និងមិនបានប្រមូលប្រាក់គ្រប់គ្រាន់ពីអាជីវកម្មក្នុងមូលដ្ឋាន ហើយបានបង្គាប់ឲ្យពួកគេរាយការណ៍ពីការងាររបស់ខ្លួនរៀងរាល់បីខែម្តងសម្រាប់ឆ្នាំក្រោយ។
លិខិតនេះមានខ្លឹមសារថា ” ប្រសិនបើបុគ្គលនោះបន្តប្រព្រឹត្តកំហុស ដោយមិនបានបំពេញការងាររបស់ខ្លួន អង្គភាពប្រឆាំងអំពើពុករលួយនឹងចាត់វិធានការតាមនីតិវិធីច្បាប់”។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិននិយាយថា តើមន្ត្រីពន្ធដារទាំងនោះគ្រាន់តែបំពេញការងាររបស់ខ្លួនមិនបានល្អ ឬសង្ស័យថា បានរំលោភតួនាទីរបស់ខ្លួនឬយ៉ាងណានោះឡើយ។
លោកបានមានប្រសាសន៍ថា ” ពួកគេនឹងត្រូវដាក់ទណ្ឌកម្មផ្អែកតាមកំហុសពិតប្រាកដរបស់ខ្លួន ប៉ុន្តែយើងមិនអាចនិយាយបានទេក្នុងពេលឥឡូវនេះ ពីព្រោះយើងមិនទាន់បានធ្វើការស៊ើបអង្កេតនៅកន្លែងធ្វើការរបស់ពួកគេនៅឡើយទេ”។
គ្មានមន្ត្រីណាម្នាក់ក្នុងចំណោមមន្ត្រីទាំងបួនរូប ឬថ្នាក់លើរបស់ពួកគេអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ សារុន