30.1 C
Phnom Penh

ពស់​ថ្លាន់​របស់​មន្ត្រី​ម្នាក់​បាន​លូន​ចេញ​បាត់​ពី​ទ្រុង​​នៅ​ក្នុង​ខណ្ឌ​ទួលគោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពស់​ថ្លាន់​មួយ​ក្បាល​ទម្ងន់​១០គីឡូក្រាម​កំពុង​តែ​បាត់​នៅ​​​ក្នុង​រាជ​ធានីភ្នំពេញ បន្ទាប់ពី​លូន​​ចេញ​ពី​​ផ្ទះ​របស់​លោក ញឹម វណ្ណដា អនុប្រធាន​ទី១​នៃ​​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​ក្នុង​ខណ្ឌ​ទួលគោក​កាលពី​សប្ដាហ៍​មុន។

​លោក ញឹម វណ្ណដា បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​បាន​រក្សា​ទុក​ពស់​ថ្លាន់​មួយ​ក្បាល​​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ពេល​ថ្មីៗ​នេះ ដោយ​មាន​បំណង​យក​វា​ទៅ​ដាក់​ក្នុង​សួន​សត្វ​មួយ​​ក្នុង​ចំណោម​សួន​សត្វ​ឯកជន​ចំនួន​ពីរ​របស់​លោក​។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​បាន​បាត់​បួន​ថ្ងៃ​មក​ហើយ ពោល​គឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​ខ្ញុំ​បាន​យក​វា​ពី​ខេត្ត​ព្រះវិហារ​មក​”។

លោក ញឹម វណ្ណដា បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លោក​មិន​ដឹង​ទេ​ថា​តើ​ពស់​ថ្លាន់​មួយ​ក្បាល​នេះ​លូន​ចេញ​ពី​ទ្រង់​តាម​របៀប​ណានោះ ហើយ​ថា បុរស​ម្នាក់​​ដែល​យាម​ផ្ទះ​លោក​​បាន​ឃើញ​វា​វារ​ឡើង​លើ​ដើម​ឈើ​មួយ​ដើម​ក្បែរ​នោះ ហើយ​បាន​វារ​ចូល​ក្នុង​លូទៅ​បាត់​។

លោក​បាន​លើក​ឡើង​ទៀត​ថា អ្នក​ធ្វើ​ការ​ក្នុង​ផ្ទះ​​របស់​លោក​ និង​អ្នក​ជិត​ខាង​មួយ​​ចំនួន​កំពុង​តែ​ស្វែងរក​ពស់​ថ្លាន់​មួយ​ក្បាល​នេះ ហើយ​ថា លោក​មិន​ទាន់​​បាន​រាយការណ៍​ពី​ករណី​នេះ​​ដល់​អាជ្ញាធរ​នៅ​ឡើយ​ទេ។

លោក​បាន​​បន្ថែម​ថា លោក​ទទួល​បាន​ពស់​មួយ​ក្បាល​នេះ​ដោយ​ឥត​គិត​ថ្លៃ​ពី​មិត្ត​ភក្ដិ​ម្នាក់ ដែល​លោក​បដិសេធ​មិន​ប្រាប់​អត្តសញ្ញាណ​ ហើយ​លោក​មាន​គម្រោង​យក​វា​ទៅ​ដាក់​ក្នុង​សួន​សត្វ​របស់​លោក​ក្នុង​ខេត្ត​កំពត។ កាល​ពី​ខែ​កញ្ញា ពស់​ថ្លាន់មួយ​ក្បាល​ផ្សេង​ទៀត​របស់​លោក ញឹម វណ្ណដា បាន​លូន​ចេញ​ពី​សួន​សត្វ​ហើយ​លេប​ជ្រូក​អស់​ពីរ​ក្បាល​​នៅ​កសិដ្ឋាន​មួយ​​ដែល​មាន​​ចម្ងាយ​ប្រហែល​៧គីឡូម៉ែត្រ​ពី​សួន​សត្វ​​មុន​​​ពេល​ត្រូវ​បាន​ចាប់​ត្រឡប់​មក​វិញ។

លោក ញឹម​ វណ្ណដា មាន​សួន​សត្វ​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រៃវែង​៕ ស៊ុយឈាង​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស