34.8 C
Phnom Penh

នគរ​បាល​លើក​ឡើង​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បន្ទោស​ឡើយ​ចំពោះ​ហេតុការណ៍​​ឆេះ​ក្លឹប​កម្សាន្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ នគរ​បាល​​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​​លើ​ហេតុការណ៍​ឆេះ​ក្លឹប​កម្សាន្ត​មួយ​ក្នុង​ក្រុង​សៀមរាប​កាលពី​ខែ​មុន ដែល​បណ្ដាល​ឲ្យ​​ជនជាតិ​ខ្មែរ​ចំនួន​បួន​នាក់ និង​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​បាត់​បង់ជីវិត​ ហើយ​​បាន​សម្រេច​មិន​ធ្វើ​ការ​ចាប់​ខ្លួន​នរណា​ម្នាក់​​ឡើយ ទោះ​បី​​​វា​ទំនង​ជា​មាន​ការ​រំលោភ​​​លើ​បទដ្ឋាន​សុវត្ថិភាព​ក្ដី​។

​អគ្គិភ័យ​​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បាន​ឆាបឆេះ​​ក្លឹប​កម្សាន្ត​ហ៊ីបហប់​មួយ​ ហើយ​បណ្ដាល​ឲ្យ​​មាន​មនុស្ស​ស្លាប់​មួយ​ចំនួន​ដូច​ជា​ឈ្មោះ ព្រំ ភិរុណ និង​ សឿន សាវូន ដែល​សុទ្ធ​តែ​មាន​អាយុ​៣១​ឆ្នាំ​ដូច​គ្នា ហើយ​និង​ ចេង សាវៀន អាយុ​៣៣​ឆ្នាំ ជា ស្រីនី អាយុ​៣៦​ឆ្នាំ ព្រមទាំង​​ជនជាតិ​អូស្ត្រាលី​ម្នាក់​ទៀត​ឈ្មោះ Tom Ricketson អាយុ​៣២​ឆ្នាំ។

លោក សត ណាឌី ស្នង​ការ​នគរ​បាល​ខេត្ត​សៀមរាប​បាន​លើក​ឡើង​ថា នគរ​បាល​បាន​សាក​សួរ​ម្ចាស់​ និង​បុគ្គលិក​ក្លឹប​កម្សាន្ត​​ ហើយ​បាន​កំណត់​ថា អគ្គិភ័យ​នេះ​គឺ​ជា​ឧបទ្ទវហេតុ​មួយ​ ហើយ​ថា គ្មាន​​ការ​ចាប់​ខ្លួន​នរណាម្នាក់​​ឡើយ។

ឧត្តម​សេនីយ៍ត្រី សត ណាឌី បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បាន​ចាប់​ខ្លួន​នរណា​ម្នាក់​ឡើយ ព្រោះ​វា​កើត​ឡើង​ដោយ​សារ​ទុស្សេ​ខ្សែ​ភ្លើង​ ហើយ​គ្មាននរណា​ម្នាក់​ចង់​ឲ្យ​វា​កើត​ឡើង​នោះ​ទេ ទោះ​ជា​យ៉ាង​ណា​ ម្ចាស់​ក្លឹប​កម្សាន្ត​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ហើយ​ផ្ដល់​សំណង​​ដល់​គ្រួសារ​ជនរងគ្រោះ​”។

ឧត្ដម​សេនីយ៍​ត្រី ណាឌី បាន​​បន្ថែម​ទៀត​ថា ​របាយការណ៍​របស់​នគរ​បាល​លើ​ករណី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ។

លោក សំរឹទ្ធ​ សុខុន ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​​ឲ្យ​ដឹង​ថា សាលា​ដំបូង​ខេត្ត​នៅ​មិន​ទាន់​សម្រេច​ថា តើ​នរណា​ម្នាក់​​នឹង​​ត្រូវ​ចាប់​ខ្លួន​ចំពោះ​ហេតុការណ៍​ឆាប​ឆេះ​នេះ​នៅ​ឡើយទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ​​ថាតើ​​ម្ចាស់​ក្លឹប​កម្សាន្ត​​​នឹង​ត្រូវ​​ផ្ដន្ទាទោស​​ឬក៏អត់​ ព្រោះ​​ករណី​នេះ​កើត​ឡើង​ដោយ​សារ​ទុស្សេ​ខ្សែ​ភ្លើង​”។

​លោក លី ម៉េងស្រុិន ម្ចាស់​ក្លឹប​កម្សាន្ត​​ និង​ប្អូន​ប្រុស​របស់​ខ្លួន​គឺ​ លី គង់វង្ស ក៏​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​ Hip Hop Classic ដែល​នៅ​ក្បែរ​នោះ និង​​ក្លឹប​កម្សាន្ត​មួយ​ទៀត​ឈ្មោះ Temple ​ក្នុង​ក្រុង​សៀមរាប​​ផង​ដែរ​។

លោក ម៉ៃ ឃីម ដែល​​គ្រប់​​គ្រង​ក្លឹប​កម្សាន្ត​ហ៊ីបហប់​ទាំង​ពីរ​បាន​លើក​ឡើង​ថា ម្ចាស់​ក្លឹប​កម្សាន្ត​បាន​បង់​ប្រាក់​​សំណង​ចន្លោះ​ពី​៣.០០០ដុល្លារ​ទៅ​៤.០០០​ដុល្លារ​ឲ្យ​គ្រួសារ​​ជនរង​គ្រោះ​នីមួយៗ​។ លោក​បាន​​និយាយ​ថា “យើង​មិន​ដែល​ចង់​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​ទេ។ យើង​​បាន​ខាត​បង់​ជិត​១លាន​ដុល្លារ​ ដោយ​សារ​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​អគ្គិភ័យ​នេះ​ និង​ការ​បង់​ប្រាក់​សំណង​”។

លោក ថោង សាគុណ ស្នង​ការ​រង​នគរ​បាល​ខេត្ត​សៀមរាប​ដែល​ដឹកនាំ​ការ​ស៊ើបអង្កេត​នេះ​បាន​បញ្ជាក់​ថា នគរ​បាល​​បាន​បិទ​ការស៊ើប​អង្កេត​ ហើយ​គ្មាន​​​បំណង​​​​​ចាប់​ខ្លួន​នរណា​ម្នាក់​ឡើយ។ លោក​ សាគុណ ​បាន​មាន​ប្រសាសន៍​ថា ​”បន្ទាប់ពី​ការ​ស៊ើបអង្កេត ​​​នគរ​បាល​របស់​យើង​​បាន​​សន្និដ្ឋាន​ថា វា​មិន​មែន​ជា​អំពើ​ឃាតកម្ម​នោះ​ទេ។ មន្ត្រី​មក​ពី​​អគ្គិសនី​កម្ពុជា​ និង​អ្នក​ជំនាញ​​​​ខាង​អគ្គិភ័យ​បាន​និយាយ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​គឺ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង”។

លោក សាគុណ បាន​លើក​ឡើង​ទៀត​ថា លោក​មិន​ដឹង​ទេ​ថាតើ​​អគារ​ក្លឹប​កម្សាន្ត​ត្រូវ​បាន​សាង​សង់​ឡើង​​ដោយ​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព​ឬក៏អត់​នោះ​ទេ តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ លោក​​​មិន​​​បាន​​​ខិត​​​ខំ​​​ស្វែង​​​រក​​​ការ​​​ពិត​​​ឡើយ​​​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​និយាយ​បាន​ទេ ថា​តើ​អគារ​នេះ​សាង​សង់​ឡើង​តាម​បទដ្ឋាន​​ឬក៏អត់​នោះ ព្រោះ​យើង​មិនមែន​ជា​អ្នក​ជំនាញ​។ លើក​ក្រោយ​យើង​នឹង​សហការ​ជាមួយ​អ្នក​ជំនាញ​ខាង​សំណង់​ដើម្បី​ត្រួត​ពិនិត្យ​​លើ​បញ្ហា​នេះ​”។

នៅ​ថ្ងៃ​កើត​មាន​អគ្គិភ័យ​នោះ លោក ទិត្យ ណារ៉ុង អធិការ​​នគរ​បាល​ក្រុង​សៀមរាប​​បាន​លើក​ឡើង​ថា ក្លឹប​កម្សាន្ត​នេះ​គ្មាន​បង្អួច ហើយ​មាន​ច្រក​ចេញ​តែ​មួយ​គត់​ ដោយ​វា​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ការ​គេច​ខ្លួន​ ហើយ​ថា មាន​ខ្សែ​ភ្លើង​ច្រើន​ណាស់​នៅ​លើ​ពិដាន ជា​ទី​ដែល​អគ្គិភ័យ​បាន​ឆាប​ឆេះ​ឡើង ហើយ​ម្ចាស់​ក្លឹប​កម្សាន្ត​ត្រូវ​បាន​ណែនាំ​​​​ឲ្យ​​​ធ្វើ​យ៉ាង​ណា​រៀបចំ​កន្លែង​របស់​ខ្លួន​ឲ្យ​ស្រប​តាម​បទដ្ឋាន​ដ៏​ត្រឹម​ត្រូវ។ ​លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា ​”ប៉ុន្តែ​​ពួកគេ​មិន​ស្ដាប់​ទេ ព្រោះ​ពួកគេ​មាន​លុយ​។ ​ប្រសិន​បើ​ពួកគេ​មាន​លុយ​​ ពួកគេ​អាច​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់​”។

លោក ដួង សុខា ​នាយ​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​​ខេត្ត​បាន​លើក​ឡើង​ថា ម្ចាស់​ក្លឹប​កម្សាន្ត​កំពុង​តែ​ចរចា​​អំពី​ប្រាក់​សំណង​ជាមួយ​គ្រួសារ​ជនរងគ្រោះ​មួយ​ចំនួន​នៅ​ឡើយ ហើយ​ថា នគរ​បាល​នឹង​បើក​ការ​​ស៊ើបអង្កេត​ឡើង​វិញ ប្រសិន​បើ​សាលា​ដំបូង​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា ​”ភ័ស្តុ​តាង​កំពុង​ស្ថិត​នៅ​​ក្នុង​ដៃ​របស់​តុលាការ​នៅ​ឡើយ ហេតុ​ដូច្នេ​ះ​ប្រសិន​បើ​សាលា​ដំបូង​ខេត្ត​ចង់​ឲ្យ​យើង​សើរើ​ករណី​នេះ​ យើង​នឹង​ធ្វើ​តាម​”។

​​ទាំង​លោក ម៉េងស្រុិន និង​លោក គង់វង្ស ​​ព្រមទាំង​គ្រួសារ​ជនរងគ្រោះ​​​មិន​អាច​ទាក់​ទង​​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។

​លោក​ ម៉ៃ ឃីម បាន​ឲ្យ​ដឹង​បន្ត​​ថា ​​ក្លឹប​កម្សាន្ត​ Hip Hop Classic មាន​​​ចម្ងាយ​​​ត្រឹម​តែ​ប្រហែល​​១ម៉ែត្រ​ប៉ុណ្ណោះ​ពី​កន្លែង​កើត​មាន​​​អគ្គិភ័យ ហើយ​ត្រូវ​បាន​បិទ​អំឡុង​ការ​ស៊ើប​អង្កេត​របស់​នគរ​បាល ប៉ុន្តែ​ត្រូវ​បាន​បើក​ឡើង​វិញ​កាលពី​ថ្ងៃ​សៅរ៍។ លោក​បាន​និយាយ​ថា “ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក យើង​បាន​បើក​ក្លឹប​កម្សាន្ត​ផ្សេង​ទៀត​ឡើង​វិញ​ហើយ ហើយ​បាន​បញ្ចុះ​តម្លៃ​ពី​៥០​ទៅ​៧០​ភាគរយ​លើ​ភេសជ្ជៈ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ឲ្យ​​បាន​ច្រើន​”។

លោក ឃីម បាន​លើក​ឡើង​ទៀត​ថា ក្លឹប​កម្សាន្ត​ Hip Hop Classic ​ត្រូវ​បាន​បើក​ឡើង​វិញ​នេះ​គឺ​​បន្ទាប់ពី​ម្ចាស់​ក្លឹប​កម្សាន្ត​បាន​ជួល​​ជាង​ភ្លើង​មក​ត្រួត​ពិនិត្យ​​​ខ្សែ​ភ្លើង​​រួច។ ​លោក​បាន​និយាយ​ទៀត​ថា ” យើង​បាន​​ធ្វើតេស្ត​ ហើយ​ត្រួត​ពិនិត្យ​ដើម្បី​បញ្ជាក់​ថា អ្វីៗ​គ្មាន​បញ្ហា​”។ លោក​បាន​បន្ថែម​ថា ថៅកែ​របស់​លោក​​​គ្មាន​ផែន​ការ​បើក​ក្លឹប​កម្សាន្ត​ដែល​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​នេះ​ឡើង​​វិញ​ឡើយ​។ លោក​បាន​និយាយ​​បន្ត​ទៀត​ថា ” យើង​ទុក​​ឲ្យ​វានៅ​អ៊ីចឹង​ចុះ​​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស