40.9 C
Phnom Penh

នៅ​​​តែមិន​​​មានហ្វ្រេកង់​​​ទូរ​​​ទស្សន៍​​​សម្រាប់លោក ម៉ម សូណង់ដូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ រដ្ឋាភិបាល​បាន​និយាយ​ការ​ពារ​ការ​​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ដល់​លោក ម៉ម សូណង់ដូ បើ​ទោះ​ជា​មាន​ការ​ព្រមព្រៀង​កាលពី​សប្ដាហ៍​មុន​​​យល់​ព្រម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ដំណើរ​ការ​ស្ថានីយ​ទូរទស្សន៍​ប្រើ​ប្រព័ន្ធ​​​​អាណាឡូក ក៏ដោយ។

លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​ និង​ជា​អ្នក​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​​​រឿយ​​​និង​​​ឥត​​​សំចៃ​​​នោះបាន​ស្នើ​សុំ​​អាជ្ញាប័ណ្ណ​ទូរទស្សន៍​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្លេ៉ះ។ ប៉ុន្តែ​​​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​​បាន​​ច្រាន​ចោល​សំណើ​ទាំង​នោះ​​​ដោយ​​​លើក​​​ឡើង​​​ពី​​​មូលហេតុ​​​ជាច្រើន​​​​ ដែល​ជារឿយៗ​អះអាង​ថា មិន​​​មាន​​​ហ្វ្រេ​​​កង់​​​នៅ​​​ទំនេរ​​​ឡើយ។

ទី​​​ភ្នាក់​ងារ​ព័ត៌មាន​​​រដ្ឋ​ (AKP) ក៏​បាន​​​ដកស្រង់​​​សម្តី​​​របស់​​​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​​​បាន​​​លើក​​​ឡើង​​​ថា លោក ម៉ម សូណង់ដូ ពាក់ព័ន្ធ​នយោបាយខ្លាំង​​​​ពេក​ហើយ​ថា គណបក្ស​​នយោបាយ​ទាំង​​​អស់​​​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​​ដំណើរ​ការ​ស្ថានីយ​ទូរ​​​ទស្សន៍​ទេ។ បើ​ទោះ​ជា​មាន​ការ​​ច្រាន​ចោល​​​ពីនិន្នាការ​​នយោបាយ​របស់​លោក ម៉ម សូណង់​ដូ ក៏ដោយ ក៏​កាលពី​សប្ដាហ៍​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសា​​​សន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​ស្ថានីយ​​​ទូរទស្សន៍​ផ្ទាល់​ខ្លួន​នៅ​ពេល​ឆាប់ៗ​នេះ ដោយ​បំពេញ​តាម​​​សំណើ​ដែល​លោក​បាន​ធ្វើ​​ជាមួយ​​​គណបក្ស​ប្រឆាំង​នេះ​​​កាលពី​ខែ​កក្កដា ដើម្បី​​​ជួយ​ទម្លាយ​​​ភាព​ទាល់​ច្រក​នយោបាយ​​ជុំវិញ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​​​ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុន។

ក្រសួង​ព័ត៌មាន​​​បាន​ធ្វើ​តាម​លិខិត​មួយ​ច្បាប់​ដោយ​​​ធ្វើការ​​​​ពន្យល់​ថា ក្រសួង​នឹង​ផ្ដល់​ហ្វ្រេ​កង់​ដល់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ “ការ​ដក​ហូត​​​”​​​ ​អាជ្ញាប័ណ្ណ​ចាស់​ពី​អ្នក​ផ្សេង​”។

នៅ​ពេល​ត្រូវ​បាន​សួរ​កាលពី​ម្សិលមិញ​អំពី​ការ​អះអាង​កន្លង​មក​របស់​ក្រសួង​ព័ត៌មាន​​ដែល​ថា មិន​មាន​ហ្វ្រេ​​​កង់​សម្រាប់​លោក ម៉ម សូណង់ដូ​ នោះ​​ លោក ខៀវ កាញារីទ្ធ ​បាន​លើក​ឡើង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ថា ​លោក​នៅ​តែ​ប្រកាន់​ ” ជំហរ​ដដែល​” ប៉ុន្តែ​បាន​បដិសេធ​មិន​ពន្យល់​ថា តើ​​ហ្វ្រេ​​​កង់​អាច​ផ្ដល់​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​​តាម​​​រៀប​​​ណា​​​ឡើយ។

លោក ខៀវ កាញារីទ្ធ ក៏​បាន​បដិសេធ​ថា លោក​​​មិន​​​បាន​​​ធ្វើការ​​អត្ថាធិប្បាយ​​​នយោបាយ​​​ពាក់​ព័ន្ធ​​​​លោក ម៉ម សូណង់ដូ ឬ​​​ស្ថានីយ​​​វិទ្យុ​សម្បុក​ឃ្មុំ​​​រ​បស់​​​លោក​​​ឡើយ បើ​ទោះ​ជា​​​សេចក្តី​​​រាយ​​​ការ​​​ណ៍​​​កាលពី​ខែ​មករា​​​របស់ AKP ដែល​គ្រប់​គ្រង​​​ដោយ​​​​ក្រសួង​របស់​លោក​លើក​​​ឡើង​​​ថា លោក​​​បាន​​​អត្ថា​​​ធិប្បាយ​​​ក៏ដោយ​។

ទី​​​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​នេះ​បាន​រាយការណ៍​នៅ​ពេល​នោះ​ថា “ឯក​​​ឧត្តម​រដ្ឋមន្ត្រី​ ខៀវ កាញា​​​រីទ្ធ បាន​មាន​ប្រសាសន៍​ថា ក្រសួង​ខ្វះ​ហ្វ្រេ​​​កង់ ហើយ​យោង​តាម​ច្បាប់​ អាជ្ញាប័ណ្ណ​ទូរ​​​ទស្សន៍​​​ផ្ដល់​ឲ្យ​ចំពោះ​វិស័យ​ឯកជន​តែ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​គណបក្ស​នយោបាយ​ឡើយ ហើយ​វិទ្យុ​សម្បុក​ឃ្មុំ​ធ្លាប់​ប្រកាស​​​ពី​​​ការ​​​​គាំទ្រ​​​របស់​​​ខ្លួន​​​ចំពោះ​គណបក្ស​នយោបាយ​”។

តាម​លក្ខណៈ​បច្ចេកទេស​ គណ​​​បក្ស​សង្គ្រោះ​ជាតិ​បានចុះ​ឈ្មោះ​ជា​ក្រុម​ហ៊ុន​ឯកជន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ដំណើរ​ការ​ស្ថានីយ​ទូរ​​​ទស្សន៍​ថ្មី​របស់​ខ្លួន​។

កាលពី​ម្សិលមិញ លោក ម៉ម សូណង់ដូ បាន​មាន​ប្រសាសន៍​ថា តម្រូវ​ការ​នោះ​គ្រាន់​តែ​ជា​មធ្យោបាយ​​​សម្រាប់​លោក ហ៊ុន សែន ដើម្បី​​​បត់​​​បែន​​​តាម​​​​​​ច្បាប់​​​ដែល​រារាំង​គណបក្ស​​​ទាំងអស់​​​មិន​ឲ្យ​​ដំណើរ​ការ​ស្ថានីយ​ទូរទស្សន៍​ដើម្បី​​ធ្វើ​​​កិច្ច​ព្រមព្រៀង​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋសភា​​​របស់ខ្លួនប៉ុណ្ណោះ​​​។

លោក​បាន​មាន​ប្រសាសន៍​​ថា “វា​អយុត្តិធម៌​បំផុត​​​​​មិន​មែន​សម្រាប់​តែ​រូប​ខ្ញុំ​ទេ ប៉ុន្តែ​សម្រាប់​គណបក្ស​នយោបាយ​ដទៃ​ទៀត​ទាំង​អស់​ផង​ដែរ​។ លោក ហ៊ុន សែន ដឹង​ច្បាស់​ថា ក្រុម​ហ៊ុន​ឯក​​​ជន​​​នេះ​បម្រើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាលលោក ហ៊ុន សែន គួរ​ប្រព្រឹត្ត​មក​លើ​មនុស្ស​គ្រប់​គ្នា​ឲ្យ​បាន​ស្មើភាព​ទាក់​ទង​​នឹង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ថ្មី។ លោក​បាន​មាន​ប្រសាសន៍​ថា ដោយ​ការ​លើក​លែង​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ លោក​នាយក​រដ្ឋមន្ត្រី “កំពុង​បង្រៀន​មនុស្ស​ឲ្យ​រំលោភ​ច្បាប់​ហើយ”។

ដោយ​មិន​រួញ​រា លោក ម៉ម សូណង់ដូ បាន​មាន​ប្រសាសន៍​ថា លោក​ត្រៀម​រៀប​ចំ​ដាក់​ពាក្យ​​សុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ជា​ថ្មី​ម្ដង​ទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​​អះអាង​ថា នឹង​ដក​ហូត​អាជ្ញាប័ណ្ណ​ចាស់​ពី​អ្នក​ផ្សេង​​​នោះ ​គ្រាន់​តែ​ជា​​​លេស​​​ថា​​​មិន​​​មាន​ហ្វ្រេ​​​កង់​​​សម្រាប់​​​​ទូរទស្សន៍​តែ​ប៉ុណ្ណោះ។

លោក មឿន ឈាន​​​ណារិទ្ធ ដែល​ជា​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​មាន​ស្ថានីយ​ទូរទស្សន៍​ប្រហែល​១២​តែ​ប៉ុណ្ណោះ​​​កំពុង​​​បើក​​​ដំណើរ​​​ការ​​​ ហើយ​ច្បាស់​ជាមាន​​ហ្វ្រេកង់ឲ្យ​បង្កើត​ច្រើន​ទៀត​​។ ហើយ​សេចក្ដី​សម្រេច​របស់​រដ្ឋា​​​ភិបាល​​​ដើម្បី​​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ស្ថានីយ​ទូរទស្សន៍​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ជា​ភ័ស្តុ​តាង​បន្ថែម​​​ទៀត​​​​ថា អាច​ផ្ដល់​​​ហ្វ្រេកង់​​​សម្រាប់​លោក​​ ម៉ម សូណង់ដូ ដែរ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ផ្ដល់​​​ឲ្យ។

លោក មឿន ឈាន​​​ណារិទ្ធ បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​មែន…​ពួកគេ​នឹង​ធ្វើ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​ពី​ច្បាប់​ណា​​​ដែល​ហាម​ឃាត់​គណបក្ស​នយោ​​​បាយ​មិន​ឲ្យ​ដំណើរការ​​​​ស្ថានីយ​ទូរទស្សន៍​​​នោះ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ទល់​ពេល​នេះ​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ទាំង​​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ឬ​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល ហើយ​គេ​​​ចង់​មាន​សិទ្ធិ​ផ្ដាច់​មុខ”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស