32 C
Phnom Penh

មន្ត្រី​​​ប្រមូល​​​ពន្ធ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ចាប់​​​រំលោភ​​​ស្ត្រី​​​ម្នាក់​​​នៅ​​​ក្នុង​​​ការិយាល័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មន្ត្រី​ពន្ធដារ​ខេត្ត​រតនគិរី​ម្នាក់​តាម​ចោទ​ថា ត្រូវ​តាមទាន់​ពេល​កំពុង​ចាប់​រំលោភ​ស្ត្រី​អាយុ​១៩​ឆ្នាំ​ម្នាក់​នៅ​​​ការ​​​ិយា​​​ល័យ​សាខា​​​ពន្ធដារ​ក្រុង​បាន​​​លុង កាលពី​យប់​​ថ្ងៃ​ព្រហស្បតិ៍ ហើយ​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ដដែល​។

លោក តេង សាវុធ អធិការ​រង​នគរ​បាល​ក្រុង​បាន​លុង​បាន​​​មាន​ប្រសាសន៍​ថា ឪពុក​មា​របស់​ជនរងគ្រោះ​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​នោះ​ដែរ​​បាន​តាម​ទាន់​លោក ប្រាក់ សាវន អាយុ​៥០​ឆ្នាំ ដែល​ជា​អ្នក​​ប្រមូល​ពន្ធ​​កំពុង​រំលោភ​​​ក្មួយ​ស្រី​របស់​គាត់​មុន​ម៉ោង​៧យប់​បន្តិច​។

លោក សាវុធ បាន​មាន​ប្រសាសន៍​ថា “អំឡុង​យប់​នោះ​នៅ​ពេល​ជនរងគ្រោះ​កំពុង​សម្អាត​ការិយាល័យ​នេះ​តែ​ម្នាក់​ឯង​​នៅ​ក្នុង​បន្ទប់​ដ៏ធំ​មួយ​នៃ​សាខា​ពន្ធដារ​នោះ ជនសង្ស័យ​រូប​នេះ​បាន​ចូល​ក្នុង​បន្ទប់​នោះ ហើយ​បាន​វាយ​នាង​មួយ​ដៃ​ត្រង់​ពោះ ហើយ​បន្ទាប់​មក​បាន​ចាប់​រំលោភ​នាង​​​តែ​​​ម្តង​”។

លោក​បាន​បន្ថែម​ថា ជនរងគ្រោះ​​មិន​មែន​​​ជា​បុគ្គលិក​របស់​សាខា​​​ពន្ធដារ​នេះ​ទេ ប៉ុន្តែ​យូរៗ​ម្ដង​បាន​​​មក​បោស​សម្អាត​​ការិយាល័យ​របស់​ឪពុក​មា​នាង​។ លោក​​ សាវុធ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ឪពុក​មា​​​នោះ​​​ត្រឡប់​មក​​ការិយាល័យ​វិញ គាត់​បាន​​​ឃើញ​ចុង​ចោទ​រូប​នេះ​កំពុង​រំលោភ​ជនរងគ្រោះ ហើយ​បន្ទាប់​មក​​​បុរស​រូប​នោះ​បាន​ឈប់​ ហើយ​បាន​និយាយ​សុំទោស​ជនរងគ្រោះ​”។

យោង​តាម​លោក សាវុធ បាន​ឲ្យ​ដឹង​ថា បន្ទាប់​មក​បុរស​ជា​ឪពុក​មា​​​រូប​​​នេះ​បាន​រាយ​​​ការ​​​ណ៍​​​ទៅ​​​នគរ​បាល​ ហើយ​បាន​​​នាំ​​​ក្មួយ​ស្រី​របស់​ខ្លួន​ទៅ​កាន់​​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។

លោក ម៉ៅ សារី មេធាវី​របស់​លោក សាវន បាន​មាន​​ប្រសាសន៍​ថា កូនក្ដី​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​កំពុង​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​។

លោក អេង ចំណាប់ ចៅក្រម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត ហើយ​​​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស