29.3 C
Phnom Penh

រដ្ឋ​សភា​​​ចាប់​​​ផ្តើម​​​អនុម័ត​​​ច្បាប់​​​ចរា​​​​​​ចរណ៍​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​​​បាន​​​អនុម័ត​​​​​​ជំពូក​​​ពីរ​​​ដំបូង​​​នៃ​​​ច្បាប់​​​ចរាចរណ៍​​​ផ្លូវគោក​​​ថ្មីដែលមាន​​​១២ជំពូក​​​កាលពី​​​ម្សិលមិញ ខណៈ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​រួមគ្នា​​​ជំរុញ​​​ច្បាប់នេះ​​​​​ក្នុងគោលបំណងកាត់​​​បន្ថយ​​​អត្រា​​​ស្លាប់​​​ដ៏​​​ខ្ពស់​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។Siv-channa02

ដោយ​​​មាន​​​វត្តមាន​​​សមាជិកសភា ១០៩រូប​​​ក្នុង​​​ចំណោម​​​១២៣រូប ជំពូក​​​ទាំង​​​ពីរ​​​នេះ​​​ដែល​​​មាន​​​បុព្វកថា​​​នៃ​​​ច្បាប់​​​ថ្មី និង​​​មាត្រា​​​ទាក់ទង​​​នឹង​​​សញ្ញា​​​ចរាចរណ៍នោះ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​មាន​​​សំឡេង​​​​​​គាំទ្រ​​​ស្ទើរតែ​​​ឯក​​​ច្ឆន្ទ។

នៅ​​​ក្នុង​​​ការ​​​ពិភាក្សា​​​ដេញដោល​​​ឈាន​​​ទៅ​​​ដល់ការ​​​អនុម័ត​​​ លោក សម រង្ស៊ី មេ​​​ដឹកនាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​បាន​​​លើកឡើង​​​ពី​អ្វ​ី​​​ដែល​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​​​​ ថ្លែង​​​ក្នុង រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗនេះ​​​ដោយ​​​ប្រៀប​​​ធៀប​​​​​​ការ​​​ស្លាប់​​​តាម​​​ដង​​​ផ្លូវ​​​​​​ទៅ​​​នឹង​​​ការ​​​បាត់​​​បង់​​​ជីវិត​​​ដ៏ច្រើន​​​នៅ​​​ក្នុង​​​ ‘វាល​​​ពិឃាត’ នៃ​​​របប​​​ខ្មែរ​​​ក្រហម។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ស្វាគមន៍​​​យ៉ាង​​​ខ្លាំង​​​នូវ​​​ច្បាប់​​​នេះ ពីព្រោះ​​​យើង​​​បាន​​​រង់ចាំ​​​ជា​​​យូរ​​​មក​​​ហើយ”។ លោក​​​បាន​​​មា​​ន​​​ប្រសាសន៍​​​ថា “​​​ប្រជាជន​​​ខ្មែ​​​រ​​​ជាច្រើន​​​​​​បាន​​​ស្លាប់​​​អំឡុង​​​របប​​​ខ្មែរ​​​ក្រហម ប៉ុន្តែ​​​មាន​​​បាតុភូត​​​ថ្មី​​​ដែល​​​គេ​​​អាច​​​ហៅថា ‘ផ្លូវថ្នល់ពិឃាត’ ពីព្រោះ​​​មនុស្ស​​​រាប់​​​ពាន់​​​នាក់​​​ស្លាប់​​​រៀង​​​រាល់​​​ឆ្នាំ​​​ និង​​​រាប់​​​ម៉ឺន​​​នាក់​​​ទៀត​​​រង​​​របួស”។

កាលពី​​​ដើម​​​ឆ្នាំនេះ លោក​​​ ហ៊ុន សែន បាន​​​ថ្លែង​​​សុន្ទរកថា​​​​​​នៅ​​​ពិធី​​​សម្ពោធ​​​ផ្លូវ​​​ថ្មី​​​មួយ​​​ខ្សែ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ដោយ​​​ប្រៀប​​​ធៀប​​​ថា ជា​​​មធ្យម​​​មនុស្ស​​​ស្លាប់​​​ប្រាំ​​​នាក់​​​ក្នុង​​​មួយ​​​ថ្ងៃ​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​ទៅ​​​នឹង​​​រយៈពេល​​​ពីរ​​​ទសវត្សរ៍​​​នៃ​​​សង្គ្រាម​​​មុន​​​ពេល​​​ អំឡុង​​​ពេល​​​ និង​​​ក្រោយ​​​ពេល​​​របប​​​ខ្មែរ​​​ក្រហម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា “សូម្បី​​​អំឡុង​​​សង្គ្រោម​​​ជាច្រើន​​​ឆ្នាំ មនុស្ស​​​មិន​​​បាន​​​ស្លាប់​​​រាល់​​​ថ្ងៃ​​​ឡើយ ប៉ុន្តែ​​​ជា​​​មធ្យម​​​ មនុស្ស​​​ជាង​​​ប្រាំ​​​នាក់​​​ស្លាប់​​​រាល់ថ្ងៃ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍”។

ដោយ​​​លោក ហ៊ុន សែន​​​ មិន​​​បាន​​​ចូលរួម​​​ប្រជំុ​​​សភា កាលពី​​​ម្សិលមិញ លោក សម រង្ស៊ី បាន​​​និយាយ​​​ប្រឆាំង​​​នឹង​​​ភាព​​​កើត​​​មាន​​​ញឹកញាប់​​​នៃ​​​អ្នក​​​ដែល​​​បង្ក​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​រួច​​​ផុត​​​ពី​​​ការ​​ផ្តន្ទា​​​ទោស​​​ដោយ​​​ការ​​​បង់​​​ប្រាក់​​​សំណង​​​ដល់​​​ជន​​​រងគ្រោះ ឬ​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួកគេ។

លោក សម រង្ស៊ី បាន​​​ប្រាប់អង្គ​​​​​​សភាថា “ជួនកាល​​​​​​អ្នក​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ និង​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​ ​​​គ្រាន់តែ​​​បង់​​​ប្រាក់​​​១.០០០ដុល្លារ​​​ ឬ​​​ ២.០០០ដុល្លារ​​​ ហើយ​​​បន្ទាប់មក​​​មាន​​​សេរីភាព​​​ធម្មតា។ វា​​​ហាក់​​​ដូចជា​​​​​​ជីវិត​​​មនុស្ស​​​មាន​​​តម្លៃ​​​ត្រឹម​​​តែ​​​១.០០០ដុល្លារ​​​ ឬ​​​ ២.០០០ដុល្លារ​​​តែ​​​ប៉ុណ្ណោះ ហើយ​​​ថា ជា​​​ទម្លាប់ និង​​​ជា​​​វប្ប​​​ធម៌​​​ដែល​​​​​​យើង​​​មិន​​​អាច​​​ទទួល​​​យក​​​បាន”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្តល់​​​សំណង​​​​​​មិន​​​អាច​​​រួចផុត​​​ពី​​​​​​ករណី​​​ព្រហ្ម​​​ទណ្ឌ​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គ្រាន់​​​តែ​​​សម្រាល​​​ការ​​​ឈឺ​​​ចាប់​​​តែ​​​ប៉ុណ្ណោះ ប៉ុន្តែ​​​ មិន​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​បង្ក​​​គ្រោះថ្នាក់ និង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ផ្សេង​​​ទៀត​​​ស្លាប់ ជា​​​ពិសេស​​​នៅ​​​ពេល​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ធ្វេស​​​ប្រហែស និង​​​ជាត​​ិ​​​ស្រវឹង​​​ និង​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន​​ រួចផុត​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស​​​​​​ ពីព្រោះ​​​​​​ពួកគេ​​​មាន​​​អំណាច​​​ និង​​​ឥទ្ធិពល។ ពួកគេ​​​ត្រូវ​​​តែ​​​ទទួលការ​​​ផ្តន្ទា​​​ទោស”។

លោក ត្រាំ អីុវ​​​តឹក រដ្ឋមន្ត្រី​​​ក្រសួង​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កាលពី​​​ឆ្នាំមុន មនុស្ស​​​​​​១.៩៥០នាក់​​​បាន​​​ស្លាប់​​​ និង ៥.៦៧១នាក់​​​រង​​​របួស​​​ធ្ងន់​​​​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​ ជាមធ្យម​​​គឺ​​​មនុស្ស​​​៥,៣នាក់​​​ស្លាប់​​​ និង ១៦,៥នាក់​​​រង​​​របួស​​​ធ្ងន់​​​ក្នុង​​​មួយ​​​ថ្ងៃ ហើយ​​​ថា នៅឆ្នាំ​​​នេះ​​​កាន់តែ​​​ធ្ងន់ធ្ងរ​​​ទៅទៀត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ ១.៧៧២នាក់​​​បានស្លាប់​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គិត​​​ត្រឹម​​​ចុង​​​ខែ​​​តុលា គឺ​​​ប្រហែល​​​៥,៩​​​នាក់​​​ក្នុង​មួយថ្ងៃ។

លោក ត្រាំ អីុវ​​​តឹក បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​​​ខាត​​​បង់​​​ប្រាក់​​​ច្រើន​​​ណាស់​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ ហើយ​​​នេះ​​​មិន​​​រាប់​​​បញ្ចូល​​​ផល​​​វិបាក​​​ក្នុង​​​សង្គម​​​ដូច​​​ជា​​​ក្មេង​​​កំព្រា​​​ ស្ត្រី​​​មេម៉ាយ ជន​​​ពិការ​​​ និង​​​អ្នក​​​ក្រីក្រ​​​ជា​​​ដើម​​​ផង”។

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​​​រូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់​​​ចរា​​​ចរណ៍​​​ថ្មី​​​នេះ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​ឃើញ​ពី​​មូលហេតុ​​​ចម្បង​​​នៃ​​​ការ​​​ស្លាប់​​​នៅ​​​តាម​​​ផ្លូវ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​មាន​​​កត្តា​​​បី​​​ដែល​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ជា​​​ច្រើន​​​ស្លាប់​​​គឺ៖ ទី១ ការ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន ទី២ ការ​​​បើក​​​បរ​​​ដោយ​​​ស្រវឹង​​​ និង​​​ទី៣ បើក​​​បរ​​​ដោយ​​​មិន​​​ពាក់​​​មួក​​​សុវត្ថិ​​​ភាព”។

លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំគិត​​​ថា ក្នុង​​​ឆ្នាំ​​​២០១៥ នៅ​​​ពេល​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ យើង​​​នឹង​​​​​ប្រឹង​​​ប្រែង​​​ឲ្យ​​​អស់​​​ពី​​​សមត្ថភាព​​​ដើម្បី​​​កាត់​​​បន្ថយ​​​​​​ចំនួន​​​អ្នក​​​ស្លាប់​​​ឲ្យ​​​បាន​​​១០ភាគរយ​​​​​​ក្នុង​​​មួយ​​​ឆ្នាំ ដើម្បី​​​ឈាន​​​ដល់​​​ការ​​​កាត់​​​បន្ថយ​​​ឲ្យ​​​​​​បាន​​​៥០ភាគរយ​​​​​​ត្រឹម​​​ឆ្នាំ​​​២០២០”។

រដ្ឋសភា​​​នឹង​​​បើក​​​សម័យ​​​ប្រជុំ​​​ម្តង​​​ទៀត​​​នៅ​​​ថ្ងៃពុធ​​​ដើម្បី​​​បោះ​​​ឆ្នោត​​​អនុម័ត​​​ជំពូក​​​ដែលនៅ​​​សល់​​​ទាក់​​​ទង​​​ច្បាប់​​​ថ្មី​​​នេះ រួម​​​មាន​​​ការ​​​ផាក​​​ពិន័យ​​​ចាប់ពី​​​៨០០.០០០រៀល ដល់ ៤.០០០.០០០​​​រៀល (ប្រហែល​​​​​​២០០ដុល្លារ​​​ដល់ ១.០០០ដុល្លារ)​​​ ចំពោះ​​​ការ​​​បើក​​​បរ​​​ដោយ​​​មាន​​​ជាតិ​​​អាល់កុល​​​ក្នុង​​​ឈាម​​​លើ​​​ស​​​ការ​​​កំណត់​​​ផ្លូវ​​​ច្បាប់៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស