បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទស្រោចទឹកអាស៊ីតលើប្រពន្ធរបស់ខ្លួន នៅក្នុងខេត្តកំពង់ធំ បន្ទាប់ចាប់នាងចង ហើយវាយដំនាងអស់រយៈពេលជាច្រើនម៉ោងត្រូវបានសាលាដំបូងខេត្តចោទប្រកាន់កាលពីថ្ងៃសុក្រ។
នៅក្នុងហេតុការណ៍វាយប្រហារដោយទឹកអាស៊ីតជាលើកទី២ ដែលត្រូវបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ បុរសឈ្មោះ ប៉ាវ កុល អាយុ៣៥ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទវាយដំប្រពន្ធរបស់ខ្លួន ហើយបន្ទាប់មកបានស្រោចទឹកអាស៊ីតលើប្រដាប់ភេទរបស់នាងនៅក្នុងផ្ទះរបស់ពួកគេក្នុងស្រុកសណ្ដាន់ កាលពីថ្ងៃព្រហស្បតិ៍។
លោក ម៉ឺន ម៉ៃ មេឃុំសុចិត្រ បានឲ្យដឹងថា ឈ្មោះ បា៉វ កុល នេះត្រូវបានចាប់ខ្លួននៅថ្ងៃដដែលបន្ទាប់ពីចាប់ប្រពន្ធអាយុ២៤ឆ្នាំរបស់ខ្លួនចងភ្ជាប់នឹងសសរឈើ ហើយវាយដំនាងអស់រយៈពេល៩ម៉ោងមុនពេលមានការដណ្ដើមទឹកអាស៊ីត។ លោក ម៉ៃ បានមានប្រសាសន៍ថា “ជនសង្ស័យបានអះអាងថា ទឹកអាស៊ីតអាគុយបានស្រោចលើប្រពន្ធរបស់ខ្លួន ដោយសារនាងគ្រវាសដៃមកត្រូវនៅពេលខ្លួនគ្រាន់តែគំរាមនាង”។
លោក យិន សារឿន ចៅក្រមសាលាដំបូងខេត្តបានលើកឡើងថា លោកបានចោទប្រកាន់ជនសង្ស័យកាលពីថ្ងៃសុក្រពីបទបង្កអំពើហិង្សាដែលប្រព្រឹត្តដោយសហព័ទ្ធឬដៃគូ ហើយបានបញ្ជូនជនសង្ស័យនេះទៅពន្ធនាគារដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន។
នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត នគរបាលនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនបានស្នើឲ្យអាជ្ញាធរវៀតណាមជួយក្នុងការតាមចាប់ខ្លួនបងប្អូនបង្កើតចំនួនពីរនាក់ ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយទឹកអាស៊ីតលើស្ត្រីម្នាក់កាលពីខែមុន។
អ្នកស្រី មួង ស្រីមុំ អាយុ៣១ឆ្នាំ ជាអាជីវករម្នាក់បានរលាកខ្លួនប្រហែល៤៤ភាគរយ បន្ទាប់ពីគេស្រោចទឹកអាស៊ីតលើ។ រីឯកូនស្រីអាយុ២ឆ្នាំរបស់គាត់បានរងរបួសស្រាលលើមុខ និងលើដៃម្ខាង។
លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានលើកឡើងថា នគរបាលជឿជាក់ថា ជនដៃដល់ដែលជាអាជីវករដូចគ្នាឈ្មោះ ដេង មាស អាយុ២៨ឆ្នាំ និងប្អូនស្រីរបស់ខ្លួនឈ្មោះ ដេង លក្ខិណា បានគេចខ្លួនទៅប្រទេសវៀតណាម ជាទីដែលពួកគេធ្លាប់ទៅជាញឹកញាប់ដើម្បីទិញទំនិញ។
លោក សារ៉ាត់ បានមានប្រសាសន៍ថា “យើងកំពុងតាមស្វែងរកជនសង្ស័យទាំងពីរនាក់នេះនៅឡើយ ហើយយើងបានបញ្ជូនឯកសារពាក់ព័ន្ធទាំងអស់ទៅតុលាការរួចហើយ ហើយកំពុងតែរង់ចាំដីកាបង្គាប់របស់តុលាការ។ ប្រសិនបើពួកគេនៅក្នុងប្រទេសកម្ពុជា យើងនឹងចាប់ខ្លួនពួកគេ”។ លោកបានលើកឡើងទៀតថា នគរបាលក៏បានទាក់ទងអាជ្ញាធរនៅក្នុងខេត្តគៀនយ៉ាង និងអាងយ៉ាងក្នុងប្រទេសវៀតណាមដើម្បីសុំជំនួយផងដែរ៕ ស៊ុយឈាង