កាលពីម្សិលមិញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសហិរញ្ញប្បទានសម្បទាន៨០០លានដុល្លារជួយដល់កម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ ដោយភាគច្រើននៃហិរញ្ញប្បទានទាំងនេះត្រូវបានលៃទុកសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យសាធារណៈ និងវិស័យអប់រំ។
លោក ជែន ហ៊ែនសេន (Jan Hansen) សេដ្ឋវិទូនៅធនាគារ ADB ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ហិរញ្ញប្បទានដែលត្រូវបានអនុម័តក្រោមយុទ្ធសាស្ត្រភាពជាដៃគូរបស់ធនាគារនេះសម្រាប់ឆ្នាំ២០១៤-២០១៨ មានបំណងជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅពេលវារីកពង្រីកខ្លួនកាន់តែធំ។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងពិធីប្រកាសចាប់ផ្ដើមយុទ្ធសាស្ត្រនេះថា “តាមការរំពឹងទុកថា មិនយូរទេកម្ពុជានឹងវិវឌ្ឍខ្លួនពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យម។ វាអាចនឹងកើតឡើងនៅឆ្នាំនេះ ឬយូរបំផុតនៅឆ្នាំក្រោយ”។
ប្រទេសដែលមានចំណូលមធ្យមត្រូវបានកំណត់ថា ជាប្រទេសដែលមានផលិតផលជាតិសរុបក្នុងម្នាក់ៗ (GNI)យ៉ាងហោចណាស់១.០៤៥ដុល្លារ។ យោងតាមធនាគារពិភពលោកបានឲ្យដឹងថា កាលពីឆ្នាំមុន GNI ក្នុងមនុស្សម្នាក់ៗរបស់កម្ពុជាមានចំនួន៩៥០ដុល្លារ។ ប៉ុន្តែធនាគារ ADB លើកឡើងថា ៤០ភាគរយនៃប្រជាជនសរុបនៅតែរស់នៅដោយអាស្រ័យលើចំណូលតិចជាង២ដុល្លារក្នុងមួយថ្ងៃ។
កាលពីម្សិលមិញ ទោះបីជាធនាគារ ADB មិនបានបញ្ចេញសេចក្ដីលម្អិតជាក់លាក់អំពីគម្រោងនានាក្ដី ក៏ធនាគារនេះលើកឡើងថា យុទ្ធសាស្ត្រនេះនឹងគាំទ្រដល់ការធ្វើពិពិធភាវូនីយកម្មកសិកម្ម ការអភិវឌ្ឍផ្លូវថ្នល់ និងការផ្គត់ផ្គង់ទឹកស្អាត ការកែលម្អការទទួលបានសេវា និងគុណភាពអប់រំ ហើយជួយកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យសាធារណៈ។
លោក អេរីក ស៊ិចវិក (Eric Sidgwick) នាយកធនាគារ ADB ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រូវតែចាប់ផ្ដើមធ្វើយ៉ាងណាឲ្យខ្លួនកាន់តែមានការប្រកួតប្រជែង ដើម្បីត្រៀមលក្ខណៈទុកជាមុនសម្រាប់ការបាត់បង់អត្ថប្រយោជន៍ពាណិជ្ជកម្ម ដែលខ្លួនទទួលបាននាពេលបច្ចុប្បន្ន ដូចជាកម្មវិធីរបស់សហភាពអឺរ៉ុបដែលមានឈ្មោះថា “ទំនិញគ្រប់មុខលើកលែងតែសព្វាវុធ” ជាដើមដែលអនុគ្រោះដល់បណ្ដាប្រទេសដែលមានការអភិវឌ្ឍតិចជាងគេបំផុតឲ្យនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនបាច់បង់ពន្ធសម្រាប់ការនាំចេញទំនិញគ្រប់មុខលើកលែងតែសព្វាវុធ។
លោកបានមានប្រសាសន៍ទៀតថា “នៅពេលអ្នកទទួលបានជោគជ័យជាបន្តបន្ទាប់ អ្នកនឹងបាត់បង់ការអនុគ្រោះពន្ធដែលអ្នកកំពុងទទួលបាននាពេលបច្ចុប្បន្ន។ [កម្ពុជា] កំពុងទទួលបានអត្ថប្រយោជន៍ពីការការពារនេះនៅឡើយ។ ប៉ុន្តែនៅពេលការការពារនេះត្រូវបានដកចេញវិញ សេដ្ឋកិច្ចនេះត្រូវតែធ្វើពិពិធកម្ម និងធ្វើយ៉ាងណាឲ្យមានការប្រកួតប្រជែងជាងមុន”។
កាលពីសប្ដាហ៍មុន ធនាគារ ADB បានចេញផ្សាយរបាយការណ៍មួយដែលលើកឡើងថា ទោះបីជាឧស្សាហកម្មសំខាន់ៗរបស់កម្ពុជាដូចជា វិស័យកាត់ដេរ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យសំណង់ មានសារៈសំខាន់ចំពោះការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសក្ដី ក៏វិស័យទាំងនេះនឹងឈានដល់កម្រិតកំណត់របស់វា ហើយការធ្វើពិពិធកម្មគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះកំណើនប្រកបដោយនិរន្តរភាព។
លោកស្រី សានដ្រា ដាមីកូ (Sandra D’Amico) អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា វាសំខាន់ណាស់ដែលកម្ពុជាត្រូវធ្វើពិពិធកម្មឲ្យបានកាន់តែឆាប់រហ័ស។ លោកស្រីបានលើកឡើងតាមអុីម៉េលមួយថា “យើងមិនមែនជាប្រទេសដែលមានប្រាក់ឈ្នួលទាបទៀតឡើយ ហើយចាំបាច់ត្រូវស្វែងរកវិធីដើម្បីប្រកួតប្រជែងលើផលិតកម្មតម្លៃបន្ថែមព្រមទាំងផលិតភាពផងដែរ ដើម្បីរក្សាបាននូវការប្រកួតប្រជែង និងការទាក់ទាញជាគោលដៅវិនិយោគ”៕ សុខុម