ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីចាប់ផ្ដើមធ្វើសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុងសម្រាប់រដ្ឋសភា ដែលនឹងទទួលស្គាល់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងជា “ប្រធានក្រុមភាគតិច” ផ្លូវការរបស់រដ្ឋសភា។
លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតតំណែងថ្មីអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ ដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយចំណុចខ្វែងគំនិតគ្នាដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិយល់ព្រមបញ្ចប់ការធ្វើពហិការមិនចូលសភាអស់រយៈពេលប្រហែល១០ខែនោះ។
បន្ទាប់ពីចាកចេញពីកិច្ចប្រជុំបិទទ្វារកាលពីម្សិលមិញ លោក អេង ឆៃអ៊ាង សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ដែលដឹកនាំក្រុមការងាររបស់គណបក្សប្រឆាំងនេះ បានលើកឡើងថា ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភានឹងតម្រូវឲ្យគណបក្សជ្រើសតាំងមេដឹកនាំផ្លូវការរបស់ខ្លួន។
លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា “អត្ថន័យនៃការធ្វើវិសោធនកម្មនេះគឺថា យើងនឹងបង្កើតមេដឹកនាំ [ផ្លូវការ] របស់សមាជិកសភាមកពីគណបក្សនយោបាយនីមួួយៗនៅក្នុងសភា”។ លោកបានមានប្រសាសន៍បន្ថែមថា “បន្ថែមពីលើនេះទៀតនោះ គណបក្សដែលមានអាសនៈនៅក្នុងសភាចាប់ពី២៥ភាគរយឡើងទៅក៏នឹងត្រូវជ្រើសតាំងប្រធានក្រុមភាគតិចនៅក្នុងសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី និងជាដៃគូពិភាក្សារបស់មេដឹកនាំរដ្ឋាភិបាលស្ដីពីបញ្ហាប្រទេសជាតិផងដែរ”។
លោក អេង ឆៃអ៊ាង បានលើកឡើងទៀតថា សមាជិកសភាចំនួន៨២រូបក្នុងចំណោមសមាជិកសភាទាំងអស់ ដែលក្នុងនោះមាន៣៣រូបមកពីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីស្នើសុំឲ្យមានការកែប្រែបទបញ្ជាផ្ទៃក្នុងជាផ្លូវការ។
លោកក៏បានលើកឡើងទៀតផងដែរថា ប្រធានក្រុមភាគតិចថ្មីនឹងត្រូវជ្រើសតាំងនៅដំណាច់ឆ្នាំនេះ ប៉ុន្តែវានឹងមិនច្បាស់ទេថា តើជាលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងដែលបានដឹកនាំគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៥មកនោះ ឬយ៉ាងណា។
លោក ស៊ិក ប៊ុនហុក សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំក្រុមការងាររបស់គណបក្សនេះបានលើកឡើងថា គណបក្សរបស់លោកមានភាពរីករាយដែលនឹងមានប្រធានក្រុមភាគតិចធ្វើការជាមួយនោះ។ លោកបានមានប្រសាសន៍ថា “វាគឺជាវិធីថ្មីមួយដើម្បីបង្កើតបរិយាកាសនៃការពិភាក្សាគ្នាសម្រាប់ភាពសុខដុមរមនានៅក្នុងរដ្ឋសភា។ វាមានន័យថា នៅពេលណាមានបញ្ហាកើតឡើង យើងនឹងអង្គុយចុះពិភាក្សាគ្នា”៕ ស៊ុយឈាង