មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងការពារជាតិ ដែលអង្គរក្សរបស់ខ្លួនត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ពីបទជាប់ពាក់ព័ន្ធនៅក្នុងអំពើឃាតកម្មលើអ្នកជំនួញដ៏លេចធ្លោម្នាក់ក្នុងរាជធានីភ្នំពេញកាលពីខែមុន បានលើកឡើងកាលពីម្សិលមិញថា អង្គរក្សរបស់ខ្លួនគ្មានទោសពៃរ៍អ្វីឡើយ ហើយពួកគេនឹងត្រូវដោះលែងវិញក្នុងពេលឆាប់ៗ។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ នាយរងខុទ្ទកាល័យក្រសួងការពារជាតិ ដែលក៏ជាឧកញា៉ដែរនោះ និងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវនគរបាលរាជធានីឃាត់ខ្លួននៅក្នុងខណ្ឌចំការមន ជាមួយនឹងអង្គរក្សបីនាក់របស់លោក។
អង្គរក្សទាំងនេះត្រូវបានចាប់ខ្លួន ហើយត្រូវបាននាំទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីសាកសួរពាក់ព័ន្ធនឹងការធ្វើឃាតលោក អុឹង ម៉េងជឺ ដែលត្រូវគ្រាប់កាំភ្លើងចំនួនប្រាំមួយគ្រាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា។
កាលពីម្សិលមិញ ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ បានជំទាស់នឹងការលើកឡើងដែលថា អង្គរក្សម្នាក់ក្នុងចំណោមអង្គរក្សផ្សេងៗទៀតរបស់លោកមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ដែលមានវីដេអូឃ្លីបថតបានដោយកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានគេចែករំលែកគ្នាយ៉ាងសុះសាយតាមបណ្ដាញទំនាក់ទំនងសង្គម។
លោកបានមានប្រសាសន៍ថា “ពួកគេទាំងបីនាក់កំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលនៅឡើយ ប៉ុន្តែពួកគេមិនពាក់ព័ន្ធក្នុងការធ្វើឃាតនេះទេ។ ពួកគេនឹងត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវឃុំខ្លួន៤៨ម៉ោង”។
យោងតាមឧត្ដមសេនីយ៍ ថោង សារ៉ាត់ បានឲ្យដឹងថា អ្នកស៊ើបអង្កេតជឿជាក់ថា អង្គរក្សម្នាក់របស់លោក ដែលលោកប្រាប់ឈ្មោះត្រឹមថា ” ស្នា ” នោះមានជាប់ពាក់ព័ន្ធនៅក្នុងអំពើឃាតកម្មនេះ។ ប៉ុន្តែលោកបានអះអាងថា ពួកគេទាំងបីមានភ័ស្តុតាងដែលបញ្ជាក់ថា ពួកគេមិនជាប់ពាក់ព័ន្ធនៅក្នុងបទឧក្រិដ្ឋនេះ។
លោកបានពន្យល់ថា ភ័ស្តុតាងនោះមានស្នាមមេដៃរបស់អង្គរក្សលោកដែលពួកគេបានស្គែនរាល់ពេលដែលពួកគេមកធ្វើការ និងចេញពីធ្វើការវិញ។ លោកបានមានប្រសាសន៍ថា “យើងជាមាសសុទ្ធ។ យើងមិនខ្លាចភ្លើងនោះទេ”។
ឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ បានទទួលស្គាល់ថា អង្គរក្សរបស់លោកពិតជាមានកាំភ្លើងខ្លីមែន ក្នុងនោះមានទាំងកាំភ្លើងខ្លីពណ៌សដូចកាំភ្លើងខ្លីដែលខ្មាន់កាំភ្លើងបានប្រើនៅក្នុងវីដេអូឃ្លីបដែរ ប៉ុន្តែលោកបានលើកឡើងថា កាំភ្លើងនេះមិនអាចបញ្ជាក់អ្វីបានឡើយ។ លោកបានមានប្រសាសន៍បន្ថែមថា “យោងតាមវីដេអូឃ្លីប អង្គរក្សរបស់ខ្ញុំមើលទៅមិនដូចខ្មាន់កាំភ្លើងនោះទេ។ ប្រពន្ធរបស់ពួកគេបានហៅទូរស័ព្ទមកខ្ញុំទាំងយំសោក។ ខ្ញុំប្រាប់ពួកគេថា កុំព្រួយបារម្ភអី”។
លោក អុឹង ម៉េងជឺ ដែលជាប្រធានក្រុមហ៊ុន Shimmex Group ដែលមានក្រុមហ៊ុនសាខាលក់គ្រឿងសំណង់ សង្ហារិម គ្រឿងពេជ្រ និងអចលនទ្រព្យនោះ ត្រូវបានបាញ់សម្លាប់ភ្លាមៗបន្ទាប់ពីចុះពីរថយន្តម៉ាក Lexus របស់លោកដើម្បីទៅទិញផ្លែឈើនៅក្នុងហាងមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់ បុគ្គលិកហាងលក់ផ្លែឈើវ័យជំទង់ម្នាក់ ដែលបើកទ្វាររថយន្តឲ្យលោក អុឹង ម៉េងជឺ បាននិយាយថា បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងមកឈប់ក្បែរនោះ ហើយអ្នកជិះពីក្រោយបានដើរពីក្រោយលោកឧកញ៉ាស្ងាត់ៗ មុនពេលបាញ់លោកទៅលើដងខ្លួនចំនួន១០គ្រាប់។
ឧត្ដមសេនីយ៍ទោ អុិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្រសួងមហាផ្ទៃបានលើកឡើងកាលពីម្សិលមិញថា មន្ត្រីសាលារាជធានីទទួលបានតម្រុយនៅក្នុងការសាកសួរអង្គរក្សទាំងនេះហើយ ហើយកំពុងតែធ្វើរបាយការណ៍ផ្ញើជូននាយកដ្ឋានរបស់លោក។ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីនោះ យើងនឹងប្រើប្រាស់ព័ត៌មាននេះដើម្បីរកឲ្យឃើញថា តើនរណាជាឃាតករនៅក្នុងកិច្ចប្រជុំកងកម្លាំងចម្រុះលើកក្រោយ”។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលមន្ត្រីរបស់លោកកំពុងធ្វើការស៊ើបអង្កេតលើករណីឃាតកម្មនេះជាមួយកងរាជអាវុធហត្ថ និងនគរបាលព្រហ្មទណ្ឌនៅក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
ឧត្ដមសេនីយ៍ត្រី ជួន ណារិន បានលើកឡើងកាលពីលើកមុនថា លោកឧកញា៉ អុឹង ម៉េងជឺ ត្រូវបានសម្លាប់ពាក់ព័ន្ធនឹងជម្លោះក្នុងមុខជំនួញ។
លោកឧត្ដមសេនីយ៍ទោ ថោង សារ៉ាត់ ដែលក្រុមហ៊ុន មានជ័យ International Investment របស់លោកមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនក្នុងរាជធានីភ្នំពេញបានលើកឡើងកាលពីម្សិលមិញថា លោកមិនដែលមានការរកស៊ីណាមួយជាមួយលោកឧកញ៉ា អុឹង ម៉េងជឺ ឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដែលស្គាល់លោក អុឹង ម៉េងជឺ ទេ។ ខ្ញុំមិនដែលមានការរកស៊ីជាមួយលោក អុឹង ម៉េងជឺ ទេ។ ខ្ញុំគ្មានពាក់ព័ន្ធជាមួយលោកទាល់តែសោះ”៕ ស៊ុយឈាង