តំណាងសហជីពម្នាក់បានលើកឡើងថា កម្មកររោងចក្រក្នុងខេត្តកណ្ដាល ដែលបានធ្វើកូដកម្មចាប់តាំងពីថ្ងៃច័ន្ទ ទាមទារអត្ថប្រយោជន៍ថ្មីៗមួយចំនួន កាលពីម្សិលមិញបានគំរាមបិទផ្លូវមុខរោងចក្រប្រសិនបើអ្នកគ្រប់គ្រងមិនឆ្លើយតបតាមការទាមទាររបស់ខ្លួននៅថ្ងៃនេះទេនោះ។
លោក សៀង សម្បត្តិ ប្រធានសម្ព័ន្ធសហជីពមិត្តភាពកម្មករ បានមានប្រសាសន៍ថា កម្មករជាង១.៦០០នាក់មកពីរោងចក្រ Now Corp ក្នុងស្រុកអង្គស្នួលបានធ្វើកូដកម្មចាប់តាំងពីថ្ងៃច័ន្ទ អំពាវនាវឲ្យអ្នកគ្រប់គ្រងយល់ព្រមចំពោះការទាមទាររបស់ពួកគេ១២ចំណុច។
រោងចក្របានយល់ព្រម៨ចំណុចរួចហើយ រួមទាំងការអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះចេញមុន១០នាទីរាល់ថ្ងៃ ប៉ុន្តែនៅជំទាស់៤ចំណុចទៀត រួមមានប្រាក់ឧបត្ថម្ភអាហារថ្ងៃត្រង់១ដុល្លារប្រចាំថ្ងៃ និងកន្លែងមើលថែក្មេងនៅក្នុងរោងចក្រ។
លោក សម្បត្តិ បានមានប្រសាសន៍ថា “កម្មករត្រូវបានប្រព្រឹត្តមិនល្អនៅក្នុងរោងចក្រនេះរយៈពេលជិត៩ឆ្នាំមកហើយ ពីព្រោះពួកគេមិនមានសហជីពការពារ”។ លោកបានបន្ថែមថា លោកបានជួយពួកគេក្នុងការបង្កើតសហជីពកាលពីសប្ដាហ៍មុន។ នៅថ្ងៃស្អែកយើងនឹងបិទផ្លូវប្រសិនបើគ្មានដំណោះស្រាយ”។
លោក ម៉េត វាសនា ជំនួយការរដ្ឋបាលរោងចក្រ Now Corp បានមានប្រសាសន៍ថា រោងចក្រតែងតែអនុវត្តតាមច្បាប់ការងារ ហើយបានចោទប្រកាន់សហជីពថា ធ្វើសកម្មគ្មានហេតុផលនៅពេលដែលរោងចក្រមួយចំនួនត្រូវបានបិទទ្វារ។ លោកបានមានប្រសាសន៍ថា ការទាមទារសំខាន់៤ចំណុចទៀតរបស់សហជីពឥឡូវនេះកំពុងត្រូវបានវាយតម្លៃដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕ សារុន