អាជីវករនៅផ្សារចាស់ដែលជាផ្សារប្រវត្តិសាស្ត្រមួយក្នុងរាជធានីភ្នំពេញ និងជាកន្លែងដែលតូបជាង២០០ត្រូវបានឆាបឆេះអស់កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កំពុងតែសាងសង់តូបរបស់ខ្លួនឡើងវិញយ៉ាងឆាប់រហ័ស ដោយមានកម្មករសំណង់រាប់សិបនាក់កំពុងធ្វើការ ដើម្បីធ្វើឲ្យផ្សារដែលត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យនេះ វិលត្រឡប់មកមានការរកស៊ីជាធម្មតាវិញ។

ដោយសាលារាជធានីបានជូនដណឹងដល់អាជីវករថា ខ្លួនគ្មានផែនការផ្ដល់សំណងដល់អាជីវករចំពោះការខូចខាតនោះ អ្នកស្រី សុខ លាង អាជីវករម្នាក់អាយុ៤២ឆ្នាំ បានលើកឡើងថា អ្នកស្រី និងម្ចាស់តូបផ្សេងៗទៀតបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសំណង់ឯកជន ដើម្បីសាងសង់តូបដែលឆេះអស់ទាំងនោះឡើងវិញ។
អ្នកស្រី សុខ លាង បាននិយាយកាលពីម្សិលមិញថា “ខ្ញុំបានបង់ប្រាក់ជាង៧០០ដុល្លារដើម្បីឲ្យមានការសាងសង់តូបរបស់ខ្ញុំឡើងវិញ”។ អ្នកស្រីបានបន្ថែមថា អ្នកស្រីសង្ឃឹមថា ទីបំផុតសាលារាជធានីនឹងជួយរ៉ាប់រងចំពោះការខូចខាត ដែលអាជ្ញាធរខណ្ឌដូនពេញបានបា៉ន់ប្រមាណថា អាចមានការខូចខាតក្នុងទឹកប្រាក់សរុបប្រហែល១,៥លានដុល្លារនោះ។
ទោះជាយ៉ាងណា លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា រដ្ឋាភិបាលនឹងមិនទំនងជាផ្ដល់ប្រាក់សំណងនោះទេ។ លោកបានមានប្រសាសន៍ថា “យើងមិនបានធ្វើឲ្យអគ្គិភ័យនេះកើតឡើងទេ ហេតុអ្វីសាលារាជធានីត្រូវផ្ដល់ប្រាក់សំណង? ប្រសិនបើយើងផ្ដល់សំណងដល់ពួកគាត់ វាមានន័យថា យើងជាអ្នកធ្វើឲ្យអគ្គិភ័យនេះកើតឡើង”៕ ស៊ុយឈាង