31 C
Phnom Penh

អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ដីធ្លី​ផ្អាក​ការ​ដើរ​ចម្ងាយ​៣០០​គីឡូម៉ែត្រ​មក​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​មន្ត្រី​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ អ្នកភូមិ​មួយ​ក្រុម​មក​ពី​ខេត្ត​ពោធិ៍សាត់​បាន​ផ្អាក​ការ​ដើរ​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ​មក​ក្រុង​ភ្នំពេញ ដោយ​យល់​ព្រម​ចរចា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជាជំនួស​វិញ។ ការ​ធ្វើ​ដំណើរ​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ញត្តិ​ដែល​ពួកគាត់​បាន​បញ្ជូន​កាលពី​ខែ​មុន​ដើម្បីស្វែង​រក​អន្តរាគមន៍​ពី​សភា​មិន​ទទួល​បាន​ចម្លើយ។

ប្រជាពលរដ្ឋ​ប្រហែល​៨០​គ្រួសារ​នៅ​ឃុំ​ថ្មដា​និយាយ​ថា ពួកគាត់​កំពុង​ត្រូវ​ក្រុមហ៊ុន​អឹមឌីអេស របស់​ឧកញ៉ា ទ្រី ភាព បង្ខំ​ឲ្យ​ចេញ​ពី​ដី ដែល​ពួកគាត់​បាន​ធ្វើ​ស្រែ​ចម្ការ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​២.២៥០​ហិកតា​នៅ​ស្រុក​វាលវែង ដើម្បី​អភិវឌ្ឍ​ប៉ុស្តិ៍​ព្រំដែន​ថ្មី និង​ចម្ការ​កៅស៊ូ។

កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប៉ូលិស កម្លាំង​រាជអាវុធហត្ថ និង​ទាហាន​រាប់​សិប​នាក់ ដឹកនាំ​ដោយ​លោក​អភិបាល​ខេត្ត​រង កើត ឆែ បាន​ចុះ​ទៅ​រុះរើ​ផ្ទះ​ចំនួន​១២​ខ្នង​ក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​អូរស្វាយ ជា​ហេតុ​បណ្តាល​ឲ្យ​អ្នកភូមិ​២៧​នាក់​ផ្ទុះ​កំហឹង​ដើរ​មក​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​តំណាង​រាស្ត្រ​ជួយ​ស្វែង​រក​ដំណោះស្រាយ។

លោក ភួង សុធា មន្ត្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ការ​បំផ្លាញ​ផ្ទះ​សំបែង​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​នេះ។ លោក​បាន​និយាយ​ថា “អាជ្ញាធរ​បាន​ឃាត់​ពួកគាត់​នៅ​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន និង​បាន​ដឹក​ពួកគាត់​មក​សាលា​ខេត្ត​វិញ​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​អភិបាល​ខេត្ត”។

អ្នកស្រី ប្រាក់ សុផល អាយុ​៦០​ឆ្នាំ បាន​និយាយ​ថា អ្នកស្រី​បាន​ធ្វើ​ស្រែ​លើ​ដី​ទំហំ​៩​ហិកតា​ក្នុង​តំបន់​នោះ​តាំងពី​ឆ្នាំ​១៩៩៨​មក​ និង​មាន​ឯកសារ​បញ្ជាក់​ថា អ្នកស្រី​ជា​ម្ចាស់​ដី​នោះ។ អ្នកស្រី​និយាយ​ថា “ខ្ញុំ​បាន​ចូលរួម​ការ​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ពីព្រោះ​យើង​បាន​ដាក់​ញត្តិ​ទៅ​សភា​ជាតិ​មួយ​ខែ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ទេ”។

លោក ម៉ៅ ថានីន អភិបាល​ខេត្ត បាន​និយាយ​ថា លោក​បាន​អះអាង​នឹង​ក្រុម​នេះ​ថា នឹង​ដោះស្រាយ​កង្វល់​របស់​ពួកគាត់។ លោក បាន​និយាយ​ទៀត​ថា “ខ្ញុំ​បាន​ហៅ​មន្ត្រី​ជំនាញ​របស់​ខ្ញុំ​ហើយ​ ដើម្បី​ពិភាក្សា​រឿង​នេះ ហើយ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​នីតិវិធី​ច្បាប់”។

លោក ថានីន បាន​និយាយ​ថា ជា​លក្ខណៈ​បច្ចេកទេស​អ្នកភូមិ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​អឹមឌីអេស​ទេ ព្រោះអី​ក្រុមហ៊ុន​គ្រាន់តែ​ជួល​ដី​ប៉ុណ្ណោះ ដូច្នេះ វា​នៅ​តែ​ជា​របស់​រដ្ឋ​ដដែល​ទេ។

ដោយ​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​ការ​វាយ​បំផ្លាញ​ផ្ទះ​សំបែង​របស់​ប្រជាពលរដ្ឋ​ចោល​កាលពី​សប្តាហ៍​មុន​នោះ លោក​ចៅហ្វាយ​ខេត្ត​រូប​នេះ​បាន​និយាយ​ថា “ក្នុង​នាម​ជា​អាជ្ញាធរ យើង​ដូចជា​ឪពុក​ម្តាយ​របស់​បងប្អូន ហើយ​យើង​នឹង​មិន​ធ្វើបាប​កូន​ចៅ​របស់​យើង​ឡើយ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស