27 C
Phnom Penh

អ្នក​ជំនាញ​និង​មន្ត្រី​ពិភាក្សា​អំពី​ភាពក្រីក្រ​នៅ​ជនបទ​ក្នុង​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជំនាញ​ខាង​អភិវឌ្ឍន៍​ជនបទ​ និង​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ជាង​២០០​នាក់​មកពី​ទូទាំង​ទ្វីប​អាស៊ី បាន​ជួបជុំ​គ្នា​នៅ​ទីក្រុង​សៀមរាប​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​រក​វិធី​ដោះស្រាយ​ភាព​ក្រីក្រ​ជនបទ​ក្នុង​តំបន់ និង​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ផល​ចំណេញ​ប្រសើរ​ឡើង ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​នានា។

យោងតាម​សេចក្តី​ថ្លែង​ដែល​ចេញ​ដោយ​ មូលនិធិ​អន្តរជាតិ​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម (IFAD) កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា សិក្ខា​សាលា​នេះ ដែល​រៀបចំ​ធ្វើ​រួមគ្នា​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​មូលនិធិ​អន្តរជាតិ​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម មាន​គោល​បំណង​ចាប់​ផ្តើម​សកម្មភាព​យុទ្ធសាស្ត្រ “ដើម្បី​ប្រែ​ក្លាយ​តំបន់​ជនបទ​ទៅជា​សហគមន៍​រស់​រវើក​និងលូតលាស់​ខាង​សេដ្ឋកិច្ច”។

លោក ចន ម៉ាកអិុន​ថាយ អនុប្រធាន​ IFAD បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា “នៅ​តាម​តំបន់​ជនបទ វិស័យ​កសិកម្ម​នៅ​តែ​ជា​ជម្រើស​ប្រសើរ​បំផុត​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល ហើយ​កង្វះ​លទ្ធភាព​រ៉ាំរ៉ៃ​ក្នុង​ការ​ទទួល​បាន​បច្ចេកវិទ្យា​ប្រសើរ​ឡើង និង​កង្វះ​ឱកាស​វិនិយោគ​ប្រកប​ដោយ​ចីរភាព ធ្វើ​ឲ្យ​លំបាក​ដល់​ប្រជាជន​នៅ​ជនបទ ក្នុង​ការ​ធ្វើ​ឲ្យ​ស្តង់ដា​រស់​នៅ​របស់​ពួកគាត់​ប្រសើរ​ឡើង”។

ថ្លែង​ក្នុង​ពិធីបើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី “ការ​ប្រែក្លាយ​តំបន់​ជនបទ ចក្ខុវិស័យ​ជា​យុទ្ធសាស្រ្ត​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក” លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ការ​លំបាក​ស្រដៀង​គ្នា​ទៅ​នឹង​តំបន់​ភាគ​ច្រើន​នៅ​អាស៊ី មាន​ទាំង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ចាំបាច់​ដើម្បី​ធានា​ថា​ផលិតកម្ម​កសិកម្ម​អាច​បំពេញ​តម្រូវការ​អាហារ​ដែល​កាន់តែ​កើន​ច្រើន​ឡើង។

យោងតាម​សុន្ទរកថា​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ប្រែក្លាយ​តំបន់​ជនបទ​តាម​រយៈ​វិធានការ​ជាច្រើន ដូចជា​ការធ្វើ​ឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រសើរ​ឡើង និង​ការ​បង្កើត​ការងារ​សម្រាប់​យុវជន គឺជា​ចម្លើយ​ទៅ​នឹង​ការ​ប្រឈម​ទាំង​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ទាំងនេះ​នឹង​ជួយ​ធានា​កាលានុវត្តភាព​ថ្មី​សម្រាប់​អ្នក​ជនបទ ជាពិសេស ការ​បង្កើត​បណ្តាញ​សុវត្ថិភាព​សង្គម​សម្រាប់​ប្រជាជន​នៅ​ជនបទ និង​កម្លាំង​ជំរុញ​ថ្មី​សម្រាប់​អភិវឌ្ឍន៍​គ្រួសារ​ជនបទ”។

លោក បេណយ ធារី នាយក​កម្មវិធី IFAD ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ​មាន​គោលដៅ​ដោះស្រាយ​ផលិត​ភាព​ទាប​របស់​ប្រទេស​កម្ពុជា និង​តម្រូវការ​ចាំ​បាច់​របស់​ខ្លួន​ដើម្បី​ទទួល​បាន​សិទ្ធិ​ប្រសើរ​ជាង​នេះ​ចូល​ទីផ្សារ​នាំចេញ។

លោក ធារី បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​សហគ្រាស​ខ្នាត​តូច​ថែម​ទៀត ដូចជា​ម៉ាស៊ីន​កិន​ស្រូវ ដែល​អាច​បន្ថែម​តម្លៃ​ទៅលើ​ផលិតផល និង​ទូទាត់​ឥទ្ធិពល​ដែល​ក្រុមហ៊ុន​ធំ​ៗមាន​ទៅ​លើ​កសិករ។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្នក​ត្រូវ​ភ្ជាប់​កសិករ​ជាមួយ​សហគ្រាស​ខ្នាត​តូច។ កសិករ​មិន​អាច​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន​ធំៗ​បាន​ទេ ពីព្រោះ​កសិករ​មិន​អាច​ចរចា​ជាមួយ​ពួកគេ​បាន​ឡើយ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស