28 C
Phnom Penh

នគរ​​​បាល​​​សាកសួរ​​​មន្ត្រី​​​១៣នាក់​​​ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​ការ​​​ឆ្មក់​​​ចូល​​​សង្វៀន​​​ជល់មាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចាប់​ផ្ដើម​សាក​សួរ​មន្ត្រី​ឃុំ និង​មន្ត្រី​ស្រុក​១៣​នាក់​ ដែល​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​ឆ្មក់​ចូល​សង្វៀន​ជល់​មាន់​មួយ​កាលពី​សប្ដាហ៍​មុន ដែល​ក្នុង​នោះ​អ្នក​ឈរ​មើល​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ ប៉ុន្តែ​គេ​នៅ​តែ​ជឿ​​​ថា​ ការ​បាញ់​នេះ​​កើតឡើង​​​ដោយ​​​អចេតនា​​​ដដែល​​​​។

ឆាយ អឿន អាយុ​២៥​ឆ្នាំ កំពុង​ឈរ​មើល​​​នៅ​សង្វៀន​ជល់មាន់​លួច​លាក់មួយ​នៅ​ក្នុង​ឃុំ​ចាន់​​​មូល ស្រុក​មេមត់​ កាលពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ស្រាប់​តែ​នគរ​បាល​បាន​មក​ដល់ ហើយ​បាន​បាញ់​​កាំភ្លើង ដោយ​បណ្ដាល​ឲ្យ​ត្រូវ​គាត់​ចំ​​​ទ្រូង។

នៅ​ថ្ងៃ​នៃ​ការ​ឆ្មក់​ចូល​នោះ លោក ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ទាំង​នោះ​បាន​បាញ់​កាំភ្លើង​ឡើង​លើ​ជា​ការ​ព្រមាន​​នៅ​ពេល​អ្នក​ឈរ​មើល​ចាប់​ផ្ដើម​រត់គេច​ខ្លួន ហើយ​ថា គ្រាប់​កាំភ្លើង​ដែល​ត្រូវ​ ឆាយ អឿន នោះ​បាន​ប្លាត​ពី​ដើម​ឈើ​ទេ។

កាលពី​ម្សិលមិញ លោក ម៉ៅ ពៅ​ បាន​មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ជឿ​ថា​អ៊ីចឹង​​​ដដែល​​​​​បន្ទាប់​ពី​ការ​សាក​សួរ​មន្ត្រី​១៣​នាក់ដែល​ចូល​រួម​នៅ​ក្នុង​ការ​ឆ្មក់​ចូល​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​ជា​រឿង​ចៃដន្យ​បង្ក​ឡើង​ដោយ​មន្ត្រី​របស់​យើង។ ពួកគេ​គ្មាន​​​បំណង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ស្លាប់​ឡើយ។ ប៉ុន្តែ​ព្រះរាជ​អាជ្ញា​​​រង​អម​សាលា​ដំបូង​ខេត្ត​ចង់​ឲ្យ​យើង​​ពិនិត្យ​ករណី​នេះ​ឡើង​វិញ”។

លោក ចក់ សុខកៅ ប្រធាន​ស្ដីទី​ការិយាល័យ​នគរ​​​បាល​​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​១៣​នាក់​ដែល​ត្រូវ​បាន​សាក​សួរ​នោះ​​​កំពុង​ឃុំខ្លួន​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​នៅ​ឡើយ​។ លោក សុខកៅ បាន​មាន​ប្រសាសន៍​ថា ពួកគេ​អះអាង​ថា ពួកគេ​បាន​បាញ់​ឡើង​លើ​ជាច្រើន​គ្រាប់​ដើម្បី​ព្រមាន​អ្នក​​​ទាំង​នោះ​កុំ​ឲ្យ​រត់ ហើយ​គ្មាន​បំណង​តម្រង់​កាំភ្លើង​ដាក់​នរណា​ម្នាក់​ឡើយ​”។

លោក​បាន​បន្ថែម​ថា “ឥឡូវ​នេះ យើង​កំពុង​ធ្វើ​តេស្ត​សម្បក​គ្រាប់​ដែល​ប្រមូល​​​បាន​នៅ​កន្លែង​កើត​ហេតុ ដើម្បី​រក​ឲ្យ​ឃើញ​ថា សម្បក​គ្រាប់​នោះ​ជា​របស់​នរណា​។ ប្រសិន​បើ​យើង​រក​ឃើញ​ថា នរណា​​​ម្នាក់​មាន​បំណង​សម្លាប់​បុរស​រូប​នោះ​​​មែន យើង​នឹង​បញ្ជូន​​​គាត់​ទៅ​តុលាការ​​ដើម្បី​ប្រឈម​ការ​ចោទ​ប្រកាន់​”។

លោក សុខកៅ បាន​មាន​ប្រសាសន៍​ថា បុរស​បី​នាក់​ក្នុង​ចំណោម​បុរស​ប្រាំ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ ត្រូវ​​​បាន​​​ចោទប្រកាន់​ពី​បទ​លេង​ល្បែង​ស៊ីសង ហើយ​កំពុង​ត្រូវ​ឃុំ​​​ខ្លូន​បណ្ដោះ​អាសន្ន​ដើម្បី​រង់ចាំ​ការ​កាត់​ក្ដី។ បុរស​ពីរ​នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​​​វិញ ដោយ​សារ​ខ្វះ​ភ័ស្តុ​​​តាង​។

លោក សេង គុណ ឪពុក​ក្មេក​របស់​ ឆាយ អឿន បាន​និយាយ​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរ​បាល​ស្រុក​ទាម​ទារ​សំណង​ជា​ប្រាក់​ចំនួន​១០០​លាន​រៀល។ លោក​បាន​និយាយ​ថា “យើង​ជឿ​ថា មន្ត្រី​នគរ​បាល​ទាំង​នេះ​មាន​បំណង​​សម្លាប់​កូន​ប្រសា​របស់​ខ្ញុំ ពីព្រោះ​ប្រសិន​បើ​​ពួកគេ​ពិត​ជា​បាញ់​ឡើង​លើ​ និង​បាញ់​ភ្ជុច​ដី​មែន​ នឹង​គ្មាន​នរណា​ម្នាក់​ស្លាប់​ឡើយ​”៕ សារុន​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស