40.6 C
Phnom Penh

អភិបាលខណ្ឌ​ប្រាប់​ឲ្យ​ក្រុម​ហ៊ុន​ OCIC​ សង​សំណង​ដល់​ភោជនីយដ្ឋាន​ដែល​ជន់​លិច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ ​បាន​លើក​ឡើង​ថា លោក​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC)​ សង​សំណង​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ចំនួន​ពីរ​ ដែល​ត្រូវ​ទឹក​ជន់លិច​កាលពី​ម្សិលមិញ បន្ទាប់ពី​គ្រឿង​ចក្រ​ឈូស​ឆាយ​របស់​ក្រុម​ហ៊ុន​នេះ​​​បាន​ធ្វើ​​ឲ្យ​បាក់​​ទំនប់​​ទប់​ទឹក​មួយ​ក្បែរ​នោះ​។

លោក ឃ្លាំង​ ហួត ដែល​ជា​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វារ​នេះ បាន​លើក​ឡើង​ទៀត​ថា បុគ្គលិក​របស់​​ក្រុម​ហ៊ុន OCIC ដែល​កំពុង​អភិវឌ្ឍ​ទីក្រុង​រណប​មួយ​ក្នុង​ទឹក​ប្រាក់​ប្រហែល​៣ពាន់​លាន​ដុល្លារ​នៅ​​តំបន់​នោះ​ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដើម្បី​ជីក​ដី​ក្បែរ​ទំនប់​ ហើយ​ទំនប់​នោះ​បាន​បាក់​នៅ​អំឡុង​ពេល​រសៀល​។ ហើយ​ការ​បាក់​​នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ភក់​ដែល​ស្ថិត​នៅ​ពីក្រោយ​ទំនប់​ហូរ​ចូល​ភោជនីយដ្ឋាន​ចំនួន​ពីរ​ក្បែរ​នោះ​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ច្រើន​ បើ​គិត​ជា​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​​ក៏មាន​ត្រី​ប្រហែល​៤.០០០​ក្បាល​ ដែល​​នាំចូល​​ពី​ទន្លេអាម៉ាហ្សូន​មក​​បាន​ងាប់​​ផង​ដែរ​។

លោក ឃ្លាំង ហួត បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​កំហុស​របស់​ក្រុម​ហ៊ុន OCIC ព្រោះ​ពួកគេ​បាន​ជីក​ដី​រហូត​ធ្វើ​ឲ្យ​ទំនប់​បាក់។ ក្រុម​ហ៊ុន​ត្រូវ​តែ​ទៅ​ត្រួត​ពិនិត្យ​មើល​ការ​ខូច​ខាត​នៅ​ភោជនីយដ្ឋាន​ទាំង​​នេះ​ ហើយ​សង​សំណង​ដល់​ពួកគេ​ ព្រោះ​​ម្ចាស់​ភោជនីយដ្ឋាន​ខិត​ខំ​រក​ស៊ី​ខ្លាំង​ណាស់​”។ លោក​បាន​បន្ថែម​ថា ម្ចាស់​ភោជនីយដ្ឋាន​ទាំង​ពីរ​បាន​ដាក់​ពាក្យ​ប្ដឹង​មក​ការិយា​ល័យ​លោក​រួច​ហើយ។

លោក​អភិបាល​​​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ស្នើ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ផ្ដល់​យោបល់​ថាតើ​ត្រូវ​សាង​សង​់​ទំនប់​ឡើង​វិញ​ដោយ​របៀប​ណា ដើម្បី​កុំ​ឲ្យ​ការ​បាក់​​ទំនប់​កាលពី​ម្សិលមិញ​កើត​ឡើង​ម្ដងទៀត​។

លោក សេង លី ម្ចាស់​ភោជនីយដ្ឋាន​បឹង​មាស​បាន​លើក​ឡើងថា​ ​ទឹក​បាន​ជន់​លិច​ឆាក​មួយ​នៅ​ខាង​ក្រៅ និង​គ្រឿង​សង្ហារិម​ ព្រមទាំង​ឧបករណ៍​ខារ៉ាអូខេ​ក្នុង​បន្ទប់​ចំនួន​១២​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រហែល​៥០០.០០០​ដុល្លារ​។​​ លោក លី បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន OCIC ថា មាន​បំណង​យក​ដី​របស់​គាត់​ ដោយ​មាន​ចេតនា​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​នេះ​។ លោក​​បាន​និយាយ​ថា “ក្រុម​ហ៊ុន​ OCIC មាន​ចេតនា​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​។ វា​មិន​ដែល​កើត​ឡើង​ទេ​ពីមុន​មក​ ហេតុ​អ្វី​ទើប​តែ​កើត​ឡើង​នៅ​ពេល​នេះ​?”។

លោក ឌឿន ដុន ដែល​ជា​អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​មួយ​ទៀត​ឈ្មោះ ម៉ែក្មេក២ បាន​លើក​ឡើង​ថា ភោជនីយដ្ឋាន​របស់​គាត់​​មាន​ការ​ខូច​ខាត​តិច​ជាង​ ប៉ុន្តែ​ថា ទឹក​ជន់​លិច​នេះ​បាន​​ធ្វើ​ឲ្យ​​ត្រី​​នាំ​ចូល​ពី​ទន្លេ​អាមា៉ហ្សូន​​មក​ងាប់​អស់​ជាច្រើន​ក្បាល នៅ​ពេល​ទឹក​​ប្រៃ​បាន​ហូរ​ចូល​​ក្នុង​​ស្រះ​​ចិញ្ចឹម​ត្រី​ទាំង​នេះ​។ ហើយ​អតិថិជន​ដែល​ទៅ​ទទួល​ទាន​អាហារ​ចំពេល​​ដែលមាន​ទឹក​ហូរ​ចូល​​មក​​ក៏​បាន​ចាក​ចេញ​ទៅ​ដោយ​មិន​ឲ្យ​លុយ​ដែរ​។ លោក​បាន​និយាយ​ថា “យើង​​បាន​​ខាត​​បង់​ជាង​៥.០០០​ដុល្លារ​ ដោយ​សារ​ទឹក​ជន់​លិច​នេះ​។ ម្ចាស់​ភោជនីយដ្ឋាន​បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ហើយ ប៉ុន្តែ​អ្វី​ៗ​នៅ​ទី​នេះ​ត្រូវ​បាន​​ជន់​លិច​ ហើយ​ខូច​ខាត​រួច​អស់​ហើយ​”។

លោក ទូច សំណាង អ្នក​គ្រប់​គ្រង​គម្រោង​របស់​ក្រុម​ហ៊ុន​ OCIC បាន​លើក​ឡើង​ថា លោក​ដឹង​អំពី​ទឹក​ជន់លិច​នេះ​ ប៉ុន្តែ​ថា នេះ​គឺ​ជា​បញ្ហា​របស់​លោក​ ឃ្លាំង ហួត។ លោក​បាន​និយាយ​ថា “អ្នក​គួរ​តែ​សួរ​លោក​អភិបាល​ខណ្ឌ​ ព្រោះ​ក្រុម​ហ៊ុន​ OCIC កំពុង​ធ្វើ​ការ​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ ហេតុដូច្នេះ​លោក​អភិបាល​នឹង​ដឹង​ថា ត្រូវ​ដោះ​ស្រាយ​ដូច​ម្ដេច​នោះ​”៕ ស៊ុយឈាង​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស