31 C
Phnom Penh

ស្នងការ​​​នគរបាល​​​ប្រាប់​​​ឲ្យ​​​មន្ត្រី​​​របស់​​​ខ្លួន​​​សារភាព​​​ បើ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃអង្គារ លោក បែន រ័ត្ន ​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ចាម​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ណែនាំ​ដល់​មន្ត្រី​នគរ​បាល​ទាំង​អស់​នៅ​ក្នុង​ខេត្ត​ ដែល​ប្រើ​​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​​ ជូន​ដំណឹង​ដល់​ថ្នាក់​លើ​របស់​ខ្លួន និង​ធ្វើ​ការ​បន្សាប​ បើ​មិន​ដូច្នោះ​ទេ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​។

ឧត្ដម​សេនីយ៍​​​ត្រី បែន រ័ត្ន អតីត​ស្នងការ​​​រង​​​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ទទួល​បន្ទុក​បទ​ល្មើស​គ្រឿង​ញៀន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា ​មន្ត្រី​ណា​ដែល​ចេញ​មុខ​ទទួល​ការ​បន្សាប​​​ដោយ​ស្ម័គ្រ​ចិត្ត​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​បម្រើការ​​​ជា​នគរ​បាល​ដដែល។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ​លើក​ឡើង​ថា “មន្ត្រី​នគរ​បាល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ត្រូវ​បង្ហាញ​មុខ​ដោយ​​​ផ្ទាល់ ឬសារ​​​ភាព​ដោយ​ប្រយោល​…ហើយ​ទទួល​ការ​បន្សាប​។ ប្រសិន​បើ​មន្ត្រី​នគរ​បាល​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន មិន​ព្រម​សារភាព​…​មន្ត្រី​នគរបាល​នោះ​នឹង​​​ប្រឈម​មុខ​ច្បាប់​ ហើយ​មិន​ត្រូវ​បាន​អត់​ឱន​ឲ្យ​​​ឡើយ”។

ឧត្ដម​សេនីយ៍​​​ត្រី បែន រ័ត្ន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ចាប់​​​​​​ពី​​​ថ្ងៃ​ទី១ ខែ​មករា ទៅ នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​នឹង​ចាប់​ផ្ដើម​​យក​សំណាក​ឈាម និង​ទឹក​នោម​ពី​មន្ត្រី​នគរ​បាល​ទាំង​អស់​ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ធ្វើ​តេស្ត​​​រក​​​សារធាតុ​​​ញៀន​​​ខុស​​​ច្បាប់​​​តាម​​​ប្រព័ន្ធ​​​របស់​​ខ្លួន។

​​​​​​​ ស្នងការ​​​នគរបាល​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​គម្រោង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​នៅ​​​ក្រោម​​​បង្គាប់​​​របស់​​​លោក​​​ស្អាត​​​ស្អំ ដើម្បី​​​កុំឲ្យ​​​ពួកគេ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ ឬ​​​​​​ប​​​ណ្តេញ​​​ចេញ​​​នៅ​​​ពេល​​​អនាគត។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ចង់​​​បាត់​​​បង់​​​មន្ត្រី​​​របស់​​​យើង​​​ដោយ​​​សារ​​​តែ​​​កំហុស​​​តូចតាច​​​នោះ​​​ឡើយ”។

លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​នេះ​​​​​​បន្ទាប់ពី​​​ទទួល​​​បាន​​​ការ​​​ត្អូញ​​​ត្អែ​​រ​​​ជា​​​ច្រើន​​​ពីសំណាក់​​​ប្រជាជន​​​​​​ទូទាំង​​​ខេត្ត​​​​​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​ញៀន​​​​​​ដ៏​​​រាល​​​ដាល​​​ក្នុង​​​ចំណោម​​​នគរបាល​​​ ប៉ុន្តែ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​តួលេខ​​​ជាក់លាក់​​​ទាក់ទង​​​ករណី​​​ដែល​​​បាន​​​រាយការណ៍​​​នោះ​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ចង់និយាយ​​​អ្វី​​​ពី​​​អ្នក​​​ដែល​​​រាយ​​​ការ​​​ណ៍​​​ប្រាប់​​​នគរបាល​​​ឡើយ។ យើង​​​បារម្ភ​​​ថា ពួកគាត់​​​នឹង​​​មាន​​​បញ្ហា​​​ជាមួយ​​​មន្ត្រី​​​នគរបាល​​​ទាំង​​​នោះ ប្រសិនបើ​​យើង​​​និយាយ”។

លោក ហេង វុទ្ធី អធិការ​​​នគរបាល​​​ស្រុក​​​ព្រៃឈរ​​​ ខេត្ត​​​កំពង់​​​ចាម​​បាន​​​មាន​​​ប្រសាសន៍​​​ថា បើ​​​ទោះ​​​ជា​​​មន្ត្រី​​​​​​ណា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​ដែល​​​ស្ថិត​​​ក្រោម​​​គ្រប់គ្រង​​​របស់​​​លោក​​​បាន​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ក៏ដោយ ក៏​​​លោក​​​មិន​​​ដឹង​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា​​​តើ​​​ស្រុក​​របស់​​​ខ្ញុំ​​​មាន​​​មន្ត្រី​​​នគរបាល​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​ឬ​​​អត់​​​ឡើយ។ ខ្ញុំ​​​គិត​​​ថា ភាគច្រើន​​​នៃ​​​អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន គឺ​​​ជា​​​មន្ត្រី​​​នគរបាល​​​ខេត្ត”។

លោក​​​ ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឧត្តម​​​សេនីយ៍​​​ត្រី​​​ បែន​​​ រ័ត្ន មិន​​​មាន​​​អំណាច​​​ការ​​​ពារ​​​ដល់​​​មន្ត្រី​​​ដែល​​​រំលោភ​​​ច្បាប់​​​ឡើយ ទោះ​​​ក្នុង​​​កាលៈ​​​ទេសៈ​​​ណា​​​ក៏ដោយ។

ឧត្ត​​ម​​​សេនីយ៍ ខៀវ សុភ័គ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “វាមិន​​​មែន​​​ជា​​​តួនាទី​​​របស់​​​ស្នងការ​​​រូប​​​នេះ​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​ដូច​​​នេះ​​​ឡើយ។ ប្រសិន​​​បើ​​​គាត់​​​ដឹង​​​ថា មន្ត្រី​​​នគរបាល​​​ដែល​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់គ្រង​​​របស់​​​គាត់​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន​​​នោះ គាត់​​​គួរ​​​ដាក់ទោស​​​ពួកគេ​​​តាម​​​ច្បាប់​​​”៕សារុន (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ Chris Mueller) ​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស