29.3 C
Phnom Penh

ចាប់​​​ខ្លួន​​​បុរស​​​ទី៣​​​ម្នាក់​​​ទៀត​​ក្នុង​​​ការ​​​បាញ់​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​លើកឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បុរស​​​ម្នាក់​​​ដែល​​​ជាប់សង្ស័យ​​​ថា បាន​​​ជួយ​​​មនុស្ស​​​ពីរ​​​នាក់​​​ទៀត​​​ក្នុង​​​ការ​​​បាញ់​​​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​កាល​​​ពី​​​ខែ​​​កក្កដា​​​នោះ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ច្រក​​​ទ្វារ​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពី​​​ថ្ងៃសៅរ៍ ខណៈ​​​ដែល​​​ព្យាយាម​​​រត់​​​គេច​​​ខ្លួន​​​ទៅ​​​ប្រទេស​​​ថៃ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បិទ​​​បាំង​​​ភ័ស្តុ​​​តាង។

លោក ហេង ចាន់​​​ត្រា នាយរង​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃឈើ​​​ក្រុង​​​សែន​​​មនោ​​​រម្យ​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​​ត្រូវ​​​បាន​​​បាញ់​​​មួយ​​​គ្រាប់​​​ចំ​​​ដៃ​​​ឆ្វេង​​​​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ទី​​​៤ខែ​​​កក្កដា នៅ​​​ពេល​​​ទៅ​​​ស៊ើប​​​អង្កេត​​​សេច​​​ក្តី​​​រាយ​​​ការណ៍​​​ថា រថយន្ត​​​មួយ​​​ចំនួន​​​ដឹក​​​ឈើ​​​ប្រណីត​​​ខុស​​​ច្បាប់​​​​​​​​បាន​​​ព្យាយាម​​​បើក​​​ឆ្លង​​​​​​ចូល​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម។

លោក យ៉ា ណារិន ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា លោក ស្លេស ទ្រីយ៉ា អាយុ​​​៣៥ឆ្នាំ​​​ ជា​​​អ្នក​​​រក​​​ស៊ី​​​ឈើ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​​​​មិន​​​ត្រូវបាន​​​​​​សង្ស័យ​​​ថា មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​នៅ​​​ពេល​​​បាញ់​​​ទេ ប៉ុន្តែ​​​បាន​​​សារ​​​ភាព​​​ថា បាន​​​កាន់​​​កាំភ្លើង​​​ខ្លី​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​នោះ។

លោក ណារិន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ទ្រីយ៉ា មិន​​​មែន​​​ជា​​​អ្នក​​​បាញ់​​​ទេ ប៉ុន្តែ​​​គាត់​​​មាន​​​ពិរុទ្ធភាព​​​ដោយ​​​ការ​​​បិទបាំង​​​ភ័ស្តុ​​​តាង។ យើង​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​កាល​​​ពី​​​ម្សិលមិញ [ថ្ងៃ​​​អង្គារ]​​​​ពី​​​បទ​​បិទបាំង​​​ភ័ស្តុ​​​តាង​​​ ហើយ​​​ឥឡូវ​​​នេះ​​​គាត់​​​កំពុង​​​ត្រូ​​​វ​​​ឃុំខ្លួន​​​បណ្តោះ​​​អាសន្ន​​​រង់​​​ចាំ​​​ការ​​​ការ​​​ជំនុំ​​​ជម្រះ”។

លោក ស៊ូ សុវណ្ណ ស្នងការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​មណ្ឌលគិរី បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពី​​​ការ​​​ជាប់​​​ពាក់ព័ន្ធ​​​របស់​​​លោក ទ្រីយ៉ា តាម​​​រយៈ​​​លោក ឡែន កម្រៃ អាយុ​​​៣៧ឆ្នាំ ជា​​​អ្នក​​​រក​​​ស៊ី​​​ឈើ​​​ម្នាក់​​​ទៀត​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ជុំវិញ​​​ការ​​​បាញ់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​កក្កដា  ហើយ​​​បាន​​​សារភាព​​​ចំពោះ​​​ការ​​​បាញ់​​​នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ពុំ ពឿន អាយុ​​​៤៨ឆ្នាំ​​​ ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​ឲ្យ​​​កាសែត​​​ អង្គរ​​​បុរី ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាលពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​វិច្ឆិកា​​​ ហើយ​​​បាន​​​សារភាព​​​ថា​​​នៅ​​​ជាមួយ​​​ លោក កម្រៃ​​​ នៅ​​​ពេល​​​បាញ់​​​នោះ។

ទាំង​​​លោក កម្រៃ និង​​​លោក ពឿន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត។ យោង​​​តាម​​​លោក សុវណ្ណ បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​អះ​​​អាង​​​ថា ពួកគេ​​​ស្រវឹង​​​ស្រា​​​ ហើយ​​​បាន​​​បាញ់​​​លោក ចាន់ត្រា បន្ទាប់ពី​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​រូប​​​នេះ​​​ធ្វើ​​​ឲ្យ​​​រថយន្ត​​​របស់​​​ពួកគេ​​​ក្រឡាប់ ហើយ​​​ពួកគេ​​​ចាប់​​​ផ្តើម​​ទាស់​​​សម្តីគ្នា។ ពួកគេ​​​បដិសេធ​​​ថា ពួកគេ​​​មិន​​​បាន​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​បាន​​​សាកសួរ​​​មនុស្ស​​ទាំង​​​បី​​​នាក់​​​នេះ ហើយ​​​ពួកគេ​​​បាន​​​ប្រាប់​​​យើង​​​ដូច​​​គ្នា ថា ពួកគេ​​​បាន​​​បាញ់​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​រូប​​​នេះ​​​ ពីព្រោះ​​​ពួកគេ​​​ស្រវឹង​​​ស្រា។ ប៉ុន្តែ​​​ខ្ញុំ​​​គិត​​​ថា ការ​​​បាញ់​​​នេះ​​​គឺ​​​ជា​​​ការ​​​សង​​​សឹក ពីព្រោះ​​​ពួកគេ​​​ខឹង​​​មន្ត្រី​​​រូប​​​នេះ​​​ចំពោះ​​​ការ​​​ចាត់​​​វិធានការ​​​នៅ​​​ពេល​​​ពួកគេ​​​​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់”។

នៅ​​​ពេល​​​ត្រូវ​​​ទាក់​​​ទង​​​កាលពី​​​ម្សិលមិញ លោក ចាន់​​​ត្រា បាន​​​មាន​​​ប្រសា​​​សន៍​​​ថា គឺ​​​លោក ពឿន ដែល​​​បាន​​​បាញ់​​​គាត់​​​ ហើយ​​​ថា លោក​​​បាន​​​ទាម​​​ទារ​​​ប្រាក់​​​សំណង​​​ចំនួន​​​​​​២០០លាន​​​រៀល (ប្រហែល​​​ ៥០.០០០ដុល្លារ)​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស