ក្រុមហ៊ុនដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍ដ៏ចម្រូងចម្រាសនៅតំបន់បឹងកក់បានលើកឡើងថា ការលក់ដីរាប់លានដុល្លារដែលមិនទាន់ដាច់ស្រេចទៅឲ្យក្រុមហ៊ុនសិង្ហបុរីមួយទំនងជាមិនកើតឡើងទេ ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកដែលមានគម្រោងទិញដីនេះ។
កាលពីខែមិថុនា ក្រុមហ៊ុន HLH Group បានប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីរបស់ខ្លួនគឺក្រុមហ៊ុន D’Lottus Development បានយល់ព្រមផ្ដល់ប្រាក់ចំនួន១៤,៩លានដុល្លារ ដើម្បីទទួលបានដីទំហំ១,៣៥ហិកតាពីក្រុមហ៊ុនស៊ូកាគូអុីន ដែលគ្រប់គ្រងដោយលោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
ដោយមានជំនួយពីសាលារាជធានី ក្រុមហ៊ុនស៊ូកាគូអុីនបានបណ្ដេញអ្នកភូមិប្រមាណ៣.០០០គ្រួសារពីតំបន់បឹងកក់ ដើម្បីបើកផ្លូវសម្រាប់គម្រោងរបស់ក្រុមហ៊ុននេះ។ ការបណ្ដេញចេញទ្រង់ទ្រាយធំនេះ បានធ្វើឲ្យធនាគារពិភពលោកផ្អាកការផ្ដល់ប្រាក់កម្ចីថ្មីទាំងអស់មកឲ្យកម្ពុជាភ្លាមៗ។
មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន HLH Group បានបង្ហាញគម្រោងទិញដីជាសាធារណៈនៅលើផ្សារមូលបត្រសិង្ហបុរី លោក Johnny Ong Bee Huatនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានលើកឡើងថា លោកមិនដឹងអ្វីនោះទេចំពោះភាពចម្រូងចម្រាសដែលល្បីសុះសាយជុំវិញដីមួយផ្នែក ដែលលោកគ្រោងទិញ។ លោកបានលើកឡើងទៀតថា ក្រុមហ៊ុន HLH Group ប្តេជ្ញាគោរពច្បាប់ក្នុងស្រុកទាំងអស់ ហើយកំពុងតែធ្វើការត្រួតពិនិត្យតាមផ្លូវច្បាប់មួយក្នុងរយៈពេល៦ខែចំពោះគម្រោងទិញដីនេះ មុនពេលសម្រេចថា តើត្រូវទិញពិតប្រាកដឬយ៉ាងណា។
អង្គការសិទ្ធិលំនៅដ្ឋានបានសាកសួរថា តើក្រុមហ៊ុនស៊ូកាគូអុីនអាចលក់ដីដែលខ្លួនជួលពីសាលារាជធានីមកត្រឹមត្រូវតាមផ្លូវច្បាប់ឬក៏អត់។
កាលពីម្សិលមិញ លោកស្រី អាមូ ពីឡៃ អ្នកនាំពាក្យក្រុមហ៊ុនស៊ូកាគូអុីនបានលើកឡើងជាលើកដំបូងថា ការលក់ដីនេះទំនងជាមិនកើតឡើងទេ បន្ទាប់ពីមានការសិក្សាលើប្រវត្តិហិរញ្ញវត្ថុរបស់ក្រមហ៊ុន HLH Group។
លោកស្រី ពីឡៃ បានមានប្រសាសន៍ថា “យើងមិនរំពឹងថា រឿងនេះនឹងកើតឡើងនោះទេ ព្រោះភាគីខាងគេកំពុងមានបញ្ហាហិរញ្ញវត្ថុ។ យើងមិនដឹងទេថា តើពួកគេអាចរ៉ាប់រងគម្រោងនេះបានឬក៏អត់”។
ហើយដោយក្រុមហ៊ុនស៊ូកាគូអុីនទំនងជាមិនលក់ដីនេះទៅឲ្យក្រុមហ៊ុន HLH Group នោះ លោកស្រីបានបន្ថែមថា “យើងត្រូវតែប្ដូរដៃគូដែលសាកសមជាងនេះ”។ ក្រុមហ៊ុន HLH Group បានបដិសេធមិនធ្វើអត្ថាធិប្បាយលើគម្រោងនេះឡើយ ប៉ុន្តែថា ប្រាក់មិនមែនជាបញ្ហានោះទេ។
លោក Shane Goh ជំនួយការផ្ទាល់របស់លោក Ong បានឆ្លើយតបនឹងអុីម៉េលមួយដែលផ្ញើមកឲ្យថៅកែរបស់ខ្លួនថា “ជាក្រុមហ៊ុនដែលមានការចុះបញ្ជីជាសាធារណៈលក្ខណៈអន្តរជាតិ យើងពិតជាមានសមត្ថភាពផ្នែកហិរញ្ញវត្ថុដើម្បីសម្រេចការទិញ ឬគម្រោងណាមួយ”។ លោកបានមានប្រសាសន៍ថា “ស្របពេលជាមួយគ្នានេះដែរ យើងនៅតែរង់ចាំភាគីខាង[ក្រុមហ៊ុនស៊ូកាគូអុីន] បំពេញបែបបទឯកសារផ្លូវច្បាប់មុនពេលយើងអាចចាត់វិធានការបន្ត។ បាល់មិនមែននៅក្នុងដៃរបស់យើងនោះទេ”។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនទៅទាន់ផ្សារមូលបត្រសិង្ហបុរី ក្រុមហ៊ុន HLH Group បានលើកឡើងថា ខ្លួនកំពុងមានផែនការប្រើប្រាស់ដីនៅតំបន់បឹងកក់ ដើម្បីសាងសង់អគារការិយាល័យខ្ពស់ៗ ខុនដូដ៏ប្រណីត កន្លែងលក់ទំនិញ និងភោជនីយដ្ឋាន។ ក្រុមហ៊ុននេះបានលើកឡើងទៀតថា តម្លៃចំនួន១៤,៩លានដុល្លារសម្រាប់ដីនៅតំបន់បឹងកក់គឺវាតិចជាង១ភាគ៣នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ដែលមានតម្លៃ៥១,២លានដុល្លារនៅពេលនេះ។
ក្រុមហ៊ុន HLH Group នឹងជាក្រុមហ៊ុនដំបូងគេដែលទិញផ្នែកខ្លះនៃដីតំបន់បឹងកក់ពីក្រុមហ៊ុនស៊ូកាគូអុីន ដែលបានបង់ប្រាក់ចំនួន៧៩លានដុល្លារទៅឲ្យសាលារាជធានី ដើម្បីជួលដីទំហំ១៣៣ហិកតានៅតំបន់បឹងកក់នេះក្នុងរយៈពេល៩៩ឆ្នាំកាលពីឆ្នាំ២០០៧។ តំបន់អភិវឌ្ឍន៍នេះចាប់តាំងពីពេលនោះមកត្រូវបានកាត់បន្ថយមកត្រឹមប្រហែល១២០ហិកតា តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមហ៊ុនចិនយ៉ាងតិចចំនួនពីរដែលចាប់ដៃគូជាមួយក្រុមហ៊ុនស៊ូកាគូអុីន ដើម្បីអភិវឌ្ឍតំបន់នេះបានដកខ្លួនចេញរួចហើយ។ តំបន់បឹងកក់នេះ ឥឡូវទើបតែមានផ្លូវប៉ុន្មានខ្សែប៉ុណ្ណោះ។ ក្រុមហ៊ុនចុងក្រោយគឺក្រុមហ៊ុន Erdos Hongjun Investment Corporation ដែលបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល មានគម្រោងបណ្ដាក់ទុនជាង២ពាន់លានដុល្លារ ដើម្បីប្រែក្លាយតំបន់នេះជាតំបន់ដែលមានភូមិគ្រឹះប្រណីតៗ ខុនដូ អគារការិយាល័យខ្ពស់ៗ និងសណ្ឋាគារផ្កាយ៥។
កាលពីម្សិលមិញ លោកស្រី ពីឡៃ បានលើកឡើងថា ក្រុមហ៊ុនស៊ូកាគូអុីននៅមិនទាន់រកឃើញអ្នកផ្សេងមកជំនួសក្រុមហ៊ុន Erdos នៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុននៅតែឆ្ពោះទៅមុខជានិច្ច ដែលប្រើមូលនិធិផ្ទាល់ខ្លួន ដើម្បីសាងសង់ប្រព័ន្ធលូ និងអគារការិយាល័យ ដែលមានកម្ពស់ប្រាំជាន់ ដោយគ្រោងនឹងចាប់ផ្ដើមនៅដំណាច់ឆ្នាំនេះ។ លោកស្រីបានលើកឡើងទៀតថា ក្រុមហ៊ុនស៊ូកាគូអុីនក៏រំពឹងថា នឹងទទួលបានការយល់ព្រមក្នុងពេលឆាប់ៗពីសាលារាជធានីដើម្បីបង្កើតសួនសាធារណៈមួយផងដែរ។
លោកស្រីបានលើកឡើងបន្ថែមទៀតថា ផែនការមេថ្មីសម្រាប់គម្រោងនេះត្រូវបានអនុម័តយល់ព្រមដោយសាលារាជធានីកាលពីដើមខែនេះ។
ការបណ្ដេញចេញដោយបង្ខំដែលបើកផ្លូវសម្រាប់គម្រោងនេះ បានធ្វើឲ្យមានការតវ៉ារាប់សិបបានផ្ទុះឡើងក្នុងចំណោមអ្នកភូមិ ដែលមានកំហឹងយ៉ាងខ្លាំងកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ហើយអ្នកតវ៉ាភាគច្រើនត្រូវបានបំបែកដោយហិង្សាពីសំណាក់នគរបាល និងកងសន្តិសុខរបស់រដ្ឋាភិបាល។
កាលពីខែមុន នគរបាលបានចាប់ខ្លួនស្ត្រីសកម្មជនមកពីសហគមន៍បឹងកក់ចំនួនប្រាំពីរនាក់ ពីបទយកគ្រែទៅដាក់ចំកណ្ដាលមហាវិថីព្រះមុនីវង្ស ដើម្បីតវ៉ាចំពោះការជន់លិចម្ដងហើយម្ដងទៀតនៅតំបន់របស់ពួកគាត់ ដោយពួកគាត់បានបន្ទោសលើក្រុមហ៊ុនស៊ូកាគូអុីន ដែលបានបូមខ្សាច់ចាក់លុបបឹងកក់ដែលជាកន្លែងស្តុកទឹកដ៏សំខាន់អំឡុងរដូវវស្សា។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ពួកគាត់ពីបទរាំងស្ទះចរាចរណ៍នៅថ្ងៃបន្ទាប់ ហើយបានផ្តន្ទាទោសពួកគាត់ឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល១ឆ្នាំ។ មេធាវីរបស់ពួកគាត់បានប្ដឹងទាស់កាលពីសប្ដាហ៍មុន៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)