30 C
Phnom Penh

លោក ហ៊ុន សែន និយាយ​​​ថា លោក សម រង្ស៊ី មិន​​​អាច​​​បញ្ជា​​​កងទ័ព​​​បាន​​​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​ សម រង្ស៊ី មេ​​​ដឹក​​​នាំ​គណបក្ស​ប្រឆាំង​​នឹង​មិន​ទទួល​បាន​អំណាច​​ដូច​​​គ្នា​​​ដែល​​​លោក​​​មាន​​​​​ក្នុង​​​នាម​​​ជា​ប្រមុខ​​​រដ្ឋា​​​ភិ​​បាល​​​​ក្នុង​ប្រទេស​កម្ពុជា​ទេ បើ​ទោះ​ណា​​​ជា​ការ​តែង​តាំង​លោក សម រង្ស៊ី នៅ​ពេល​ខាង​មុខ​​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​ក្នុង​សភា​ “មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី” ក៏ដោយ។

ថ្លែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​​អំឡុង​ពិធី​ប្រគល់​សញ្ញា​​​បត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​មួយ​​​ លោក ហ៊ុន សែន មួយ​បាន​មាន​ប្រសាសន៍​ថា ការ​តែង​តាំង​លោក​ សម រង្ស៊ី នៅ​​​ពេល​ខាង​មុខ​គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ទូលំទូលាយ​​​​​ដែល​នៅ​ថ្ងៃ​ណាមួយ​គេ​​​អាច​​​​ឃើញ​ថ្នាក់​ដឹក​នាំ​គណបក្ស​ដទៃ​​​ទៀត​នៅ​​ក្នុង​សភា​បាន​ទទួល​ស្គាល់​ជា​​​ផ្លូវ​ការ​​​ផង​​​ដែរ​។

លោក​​​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​គណបក្ស​ណាមួយ​មាន​អាសនៈ​៥​​​ភាគ​​​រយ​នៅ​ក្នុង​​​​សភា គេ​អាច​បង្កើត​​ប្រធាន​ក្រុម​របស់​ខ្លួន​បាន​ ទាំង​គណបក្ស​ក្នុង​រដ្ឋា​​​ភិ​​​បាល និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​​ត្រូវ​តែ​ជ្រើស​រើស​ប្រធាន​ក្រុម​របស់​ខ្លួន​”។ ​លោក​បាន​បន្ថែម​ថា “ទោះ​ជា​​​យ៉ាង​ណា ប្រធាន​ក្រុម​សមាជិក​សភា​ដែល​មាន​សំឡេង​ឆ្នោត​២៥ភាគរយ​នឹង​ត្រូវ​ចាត់​ទុក​ថា ជា​ចំនួន​​​​ធំជាង​គេ ហើយ​​​ជា​ដៃគូ​សន្ទនា​សម្រាប់​ប្រមុខ​រដ្ឋ​អំពី​បញ្ហា​ជាតិ ដោយមាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី”។

ប៉ុន្តែ​លោក ហ៊ុន សែន បាន​កត់​សម្គាល់​ថា លោក សម រង្ស៊ី មិន​មែន​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​​​ព្រៀង​ចែក​រំលែក​អំណាច​ដូច​​កិច្ច​ព្រមព្រៀង​ដែល​លោក ហ៊ុន សែន បាន​​​សម្រប​​​សម្រួល​​​ជា​មួយ​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី១ឡើយ​ មុន​ពេល​បណ្ដេញ​ព្រះ​​​អង្គ​​​ចេញ​ក្នុង​ការ​​ប្រយុទ្ធ​គ្នា​​​ប្រដាប់​​​អាវុធ​​​កាលពី​ឆ្នាំ​១៩៩៧​។

លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា ព្រះ​អង្គ​​​ម្ចាស់​ រណឫទ្ធិ ដែល​​​សព្វ​​​ថ្ងៃ​​​នេះ​​​មិន​មាន​តួនាទី​​​ជាប់​​​ឆ្នោត​​​ ប៉ុន្តែ​នៅ​មាន​តួនាទី​មួយ​ដែល​គ្មាន​អំណាច​នោះ “មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី” ដូច​តួនាទី​ដែល​លោក សម រង្ស៊ី នឹង​មាន​នៅ​ពេល​ឆាប់ៗ​នេះ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​ជា​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​​​នោះ ក៏​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ដែរ ប៉ុន្តែ​មិន​អាច​បញ្ជា​កម្លាំង​ប្រដាប់​អាវុធ ឬ​បញ្ជា​ផ្នែក​រដ្ឋបាល​បាន​ឡើយ​”។ លោក​បាន​បន្ថែម​ថា “នេះ​គ្រាន់​តែ​ជា​ឋានៈ​កិត្តិយស​ និង​ពិធីការ​តែ​ប៉ុណ្ណោះ គាត់​មិន​អាច​ធ្វើការ​​​ជំនួស​នាយក​រដ្ឋមន្ត្រី​បាន​ឡើយ​”។

តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មី​របស់​សភា ដែល​ត្រូវ​​​បាន​​​​សម្រប​សម្រួល​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក សម រង្ស៊ី នឹង​មាន​​ “ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី” ដើម្បី​អនុញ្ញាត​ឲ្យ​លោក​មាន​តួនាទី​ស្មើ​គ្នា​អំឡុង​ការ​ពិភាក្សា​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​​​មិញ​​​ថា “នេះ​ជា​​​ការ​បង្កើត​វប្បធម៌​នៃ​ការ​សន្ទនា ជំនួស​​ឲ្យ​ការ​ដើរ​ជេរ​ប្រមាថ​គ្នា​តាម​ចិញ្ចើម​ផ្លូវ ឬ​​​ស្រែក​​​តាម​​​ផ្លូវ​​​” ដោយ​លោក​សំដៅ​​​ដល់​​​ការ​ហែ​​​ក្បួន​ប្រឆាំង​​រដ្ឋា​​​​​​ភិបាល​ ដែល​លោក សម រង្ស៊ី បាន​ដឹក​នាំ​ទូទាំង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​​​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​​​ចម្រូង​​​ចម្រាស​កាលពី​ឆ្នាំមុន​។

លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ប្រើ​ប្រាស់​សុន្ទរកថា​របស់​លោក​ព្រមាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ជា​អនុប្រធាន​រដ្ឋសភា​ដែរ​នោះ​ ប្រឆាំង​​​ការ​​​និយាយ​​​ជា​សាធារណៈ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​​​គណបក្ស​ទាំង​ពីរ​កំពុង​សហការ​គ្នា​។

លោក ហ៊ុន​ សែន បាន​មាន​ប្រសាសន៍​ថា “ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ខ្ញុំ​ឮ​​​ដែរ​ថា គាត់​បាន​ជេរ​ពី​កន្លែង​ណាមួយ​។ សូម​ជេរ​ទៀត​ចុះ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​​​ជេរ​ខុស​ក្បួន​ឲ្យ​សោះ។ ខ្ញុំ​បារម្ភ​ថា សំឡេង​ភាគច្រើន​នឹង​​​ជំ​​​រុញ​ឲ្យ​ធ្លាក់​វិញ​។

អំឡុង​សុន្ទរកថា​ទៅ​កាន់​អ្នក​គាំទ្រ​ប្រហែល​២៥០​នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ថ្ងៃ​អាទិត្យ លោក កឹម សុខា ​បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​គ្មាន​ក្រម​​​សីល​​​ធម៌​​​ឡើយ”។

លោក កឹម សុខា បាន​ប្រាប់​អ្នកចូលរួម​ថា “យើង​ស្គាល់​សវ​​​តារ​របស់​ពួក​​​គេ​​​ហើយ​​​ថា ពួកគេ​គឺ​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​ធ្លាប់​សម្លាប់​មនុស្ស​ ហើយ​ថា ពួកគេ​នឹង​បន្ត​សម្លាប់​មនុស្ស​ដោយ​គ្មាន​​​ការ​​​ស្ទាក់​​​ស្ទើរ​​​ឡើយ​”។

លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា “លោក កឹម សុខា គួរ​​​បង្វែរ​​​ការ​រិះគន់​បែប​នេះ​​តាម​រយៈ​លោក សម រង្ស៊ី វិញ ពីព្រោះ​លោក សម រង្ស៊ី គឺ​ជា​ដៃគូ​សន្ទនា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ ហើយ​លោក​ កឹម សុខា មាន​​តួនាទី​មួយ​ទៀត​ក្នុង​សភា​។ លោក​​​បាន​​​បន្ថែម​​​ថា  “កុំ​ភ្លេច​តួនាទី​របស់​អ្នក​ឲ្យ​សោះ គេ​ឲ្យ​អ្នក​ធ្វើ​ជា​​​​អនុ​​​ប្រធាន​សភា​…។ជា​អ្នក​សម្រប​សម្រួល​រវាង​សមាជិក​សភា​ គេ​​​មិនអនុញ្ញាត​​​ឲ្យ​​​អ្នក​ជេរ​ប្រមាថ​នរណា​​​ម្នាក់​​​ឡើយ​”៕សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស