នគរបាលបានឲ្យដឹងថា បុរសអាយុ៣៥ឆ្នាំម្នាក់នៅក្នុងខេត្តស្វាយរៀង ត្រូវបានចោទប្រកាន់ពីបទឆបោកកាលពីម្សិលមិញ បន្ទាប់ពីជននេះបានសារភាពថា ខ្លួនបានឆបោកប្រាក់រាប់រយដុល្លារពីមន្ត្រីនគរបាលនៅក្នុងខេត្តមួយចំនួន ដោយក្លែងបន្លំថាខ្លួនធ្វើការនៅនាយកដ្ឋានផ្គត់ផ្គង់នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
យោងតាមលោក កែវ សុថា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា រូ សិទ្ធ អាយុ៣៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ខណៈកំពុងចាំយកប្រាក់ពីជនរងគ្រោះចុងក្រោយ គឺលោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី។
កាលពីព្រឹកថ្ងៃអង្គារ ជនឆបោកឈ្មោះ រូ សិទ្ធ នេះបានហៅទូរស័ព្ទទៅឧត្ដមសេនីយ៍ត្រី ងួន គឿន ដោយប្រាប់ថា ខ្លួនឈ្មោះ សេង ទៀង អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់នៅទីស្ដីការគណៈរដ្ឋមន្ត្រី ហើយបានស្នើប្រាក់ចំនួន២៥០ដុល្លារ ដែលជននេះលើកឡើងថា នឹងត្រូវយកទៅសាងសង់វត្តថ្មីមួយ។ លោក សុថា បានឲ្យដឹងទៀតថា រូ សិទ្ធ បានស្នើឲ្យមានការប្រគល់ប្រាក់តាមកន្លែងផ្ទេរលុយវីង។
លោកបានមានប្រសាសន៍ថា “លោក ងួន គឿន បាននិយាយថា លោកគិតថា សំឡេងដែលហៅទូរស័ព្ទមកស្ដាប់ទៅទំនងជាឆបោក ហេតុដូច្នេះលោកបានស្នើឲ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទឆែកលេខរបស់ជនសង្ស័យ”។ លោកបានបន្ថែមថា បន្ទាប់មកឧត្ដមសេនីយ៍ត្រី ងួន គឿន បានជូនដំណឹងដល់នគរបាល។
លោក សុថា បានលើកឡើងបន្តថា បន្ទាប់មកមន្ត្រីបានរៀបអន្ទាក់ចាប់ រូ សិទ្ធ ដោយប្រាប់ឲ្យឧត្ដមសេនីយ៍ត្រី ងួន គឿង វេរប្រាក់ត្រឹមតែ១០ដុល្លារបានហើយ។ នៅពេលជនសង្ស័យមកដកប្រាក់នៅកន្លែងវេរលុយវីងក្នុងខេត្តស្វាយរៀង នគរបាលក៏សម្រុកចូលតែម្ដង។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងបានចាប់ខ្លួនជនសង្ស័យនៅពេលជននេះរង់ចាំដកប្រាក់ពីសាខាផ្ទេរលុយវីង ហើយតុលាការបានចោទប្រកាន់ជននេះពីបទឆបោកនៅព្រឹកនេះ”។
លោក សុថា បានលើកឡើងថែមទៀតថា រូ សិទ្ធ បានសារភាពថា ពិតជាបានព្យាយាមឆបោកប្រាក់ពីឧត្ដមសេនីយ៍ត្រី ងួន គឿន មែន ហើយថាខ្លួនបានបោកមន្ត្រីនគរបាលចំនួនបីនាក់ផ្សេងទៀតដោយជោគជ័យនៅក្នុងខេត្តផ្សេងៗគ្នា ដោយប្រើឈ្មោះរបស់លោក សេង ទៀង រាល់លើក។ លោកបានមានប្រសាសន៍ថា “រាល់លើក ជនសង្ស័យបានស្នើប្រាក់ពី២០០ដុល្លារទៅ៣០០ដុល្លារ”។
លោក សេង ទៀង ពិតប្រាកដបានលើកឡើងកាលពីម្សិលមិញថា លោកមិនបានដឹងថា ជនឆបោកប្រើឈ្មោះរបស់លោកឡើយ ហើយបានអំពាវនាវឲ្យតុលាការផ្ដន្ទាទោស រូ សិទ្ធ។ លោកបានមានប្រសាសន៍ថា “បុរសនេះគួរតែត្រូវបានផ្ដន្ទាទោសដោយច្បាប់ ព្រោះជននេះប្រើឈ្មោះខ្ញុំដើម្បីឆបោកគេ”៕ ស៊៊ុយឈាង