31 C
Phnom Penh

អ្នកភូមិ​ចារ៉ាយ​បដិសេធ​សំណើ​សហ​ប្រជាជាតិ​ក្នុង​ការ​ជួយ​ជនម៉ុងតាញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​អាជ្ញាធរ​មូលដ្ឋាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មិន​ព្រម​សហការ​ជាមួយ​តំណាង​អង្គការ​សហ​ប្រជាជាតិ ដែល​ចង់​ជួបជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​១៣​នាក់​កំពុង​លាក់​ខ្លួន​ក្នុង​ខេត្ត​រតនគិរី​នោះ អ្នកភូមិ​ចារ៉ាយ​ក្នុង​តំបន់​នោះ​បាន​និយាយ​ថា ពួកគាត់​បាន​បដិសេធ​សំណើ​ពី​គណៈ​ប្រតិភូ​ក្នុង​ការ​ជួយ​បញ្ជូន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន ព្រោះ​ការងារ​នេះ​គ្រោះ​ថ្នាក់​ណាស់។

ប៉ូលិស​បាន​និង​កំពុង​ស្វែងរក​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា ចាប់តាំងពី​ពួកគេ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​ជាង​៥​សប្តាហ៍​កន្លង​មកហើយ ដោយ​ចាត់​ទុក​ពួកគេ​ជា “អន្តោប្រវេសន៍​ខុស​ច្បាប់”។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​កាសែតកាលពី​សប្តាហ៍​មុន សមាជិក​ក្រុម​ជនជាតិ​ភាគតិច​ដែល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​េនះ​បាន​និយាយ​ថា ពួកគេ​នឹង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្លាំង ប្រសិនបើ​ពួកគេ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម ហើយ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​អង្គការ​សហ​ប្រជាជាតិ។

លោកស្រី Wan-Hea Lee ប្រធាន​​ការិយាល័យ​​ឧត្ដម​ស្នង​ការ​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) បាន​បញ្ជាក់​ថា មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​ជួប​ជាមួយ​ប៉ូលិស​ក្នុង​ខេត្ត​ភាគ​ខាង​ជើង​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី Lee​ បាន​ឲ្យ​ដឹង​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា “​ក្រុម​នេះ​បាន​ជួប​ជាមួយ​ប៉ូលិស​មូលដ្ឋាន​នៅ​រសៀល​នេះ។ ក្រៅ​ពី​នេះ មិន​មាន​ព័ត៌មាន​ថ្មី​បន្ថែម​ទេ”។ លោកស្រី​បាន​បន្ថែម​ថា ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ “បន្ត​ស្វះស្វែង​ឲ្យ​មាន​ការ​ធានា​សុវត្ថិភាព​ច្បាស់លាស់​ពី​អាជ្ញាធរ”។

លោក ជា ប៊ុនធឿន ស្នងការ​រង​នគរបាល​ខេត្ត​បាន​និយាយ​ថា លោក​បាន​ជួប​ជាមួយ​តំណាង​សហប្រជាជាតិ​៤​នាក់ រយៈពេល​ប្រហែល​២០​នាទី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ លោក​បាន​និយាយ​ថា “ពួកគេ​បាន​សួរ​ថាតើ​យើង​នឹង​សហការ​ជាមួយ​ពួកគេ​ដើម្បី​សង្គ្រោះ​មនុស្ស​១៣​ចេញ​ពី​ព្រៃ​ឬ​ទេ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​អភិបាល​ខេត្ត​សិន”។

លោក​អភិបាល​ខេត្ត ថង សាវ៉ុន បាន​អះអាង​ថា លោក​មិន​អាច​ជួប​ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​ទេ ពីព្រោះ​ពួកគេ​មិន​ទទួល​បាន​ការ​អនុញ្ញាត​សម្រាប់​បេសកកម្ម​របស់​ខ្លួន​ពី​ក្រសួង​មហាផ្ទៃ។

អ្នកភូមិ​ចារ៉ាយ​ម្នាក់​ដែល​ផ្តល់​បាយ​ទឹក​ដល់​ក្រុម​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​ចាប់តាំងពី​ពួកគេ​បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា បាន​និយាយ​ថា លោក​បាន​បដិសេធ​សំណើ​ពី​គណៈ​ប្រតិភូ​សហ​ប្រជាជាតិ ដែល​ចង់​ជួយ​បញ្ជូន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ចេញពី​តំបន់​នោះ។

អ្នកភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​សងសឹក​ពី​អាជ្ញាធរ​បាន​និយាយ​ថា “​ខ្ញុំ​មិន​គិត​ថា សហ​ប្រជាជាតិ​អាច​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​១៣​នាក់​បាន​ទេ ពីព្រោះ ពួកគេ​មិន​អាច​ធានា​សុវត្ថិភាព​អ្នក​ទាំង​នោះ ហើយ​អាជ្ញាធរ​មិន​ឲ្យ​ពួកគេ​ជួប​[ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា]”។ “ខ្ញុំ​ជឿ​ថា វត្តមាន​របស់​មន្ត្រី​សហ​ប្រជាជាតិ​ក្នុង​ខេត្ត​រតនគិរី នឹង​នាំ​មក​នូវ​បញ្ហា​លំបាក​ខ្លាំង​ដល់​អ្នក​ទាំង​១៣​នាក់ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​រកឃើញ​ពួកគេ​កាន់តែ​ឆាប់”៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស