លោក កឹម សុខា អនុប្រធានរដ្ឋសភាបានស្នើសុំតែងតាំងលោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយល្បីឈ្មោះ និងជាអតីតសម្ពន្ធមិត្តនៅក្នុងចលនាតស៊ូប្រឆាំងរដ្ឋាភិបាល ដែលគាំទ្រដោយវៀតណាម នៅទសវត្សរ៍ឆ្នាំ១៩៨០ ធ្វើជាទីប្រឹក្សាផ្ទាល់របស់លោក នេះបើយោងតាមលិខិតមួយច្បាប់ផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា។
លោក មុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោក កឹម សុខា បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ការតែងតាំងនេះមិនទាន់ចប់សព្វគ្រប់នៅឡើយទេតាមរយៈព្រះរាជក្រឹត្យ ប៉ុន្តែថា ការជ្រើសតាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើ “គុណសម្បត្តិ ចំណេះដឹង និងបទពិសោធន៍របស់លោក ឡៅ ម៉ុងហៃ។
លោកបានមានប្រសាសន៍ថា “គាត់គឺជាឥស្សរជនល្បីឈ្មោះ ពីព្រោះគាត់បានធ្វើកិច្ចការយ៉ាងជ្រៅដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ គាត់គឺជាបុគ្គលមួយរូបដែលមានចំណេះដឹងបំផុត ដែលបានជួយលោក [លោក កឹម សុខា] ឲ្យទទួលបានអាណត្តិនៅរដ្ឋសភា”។
លិខិតចុះថ្ងៃទី៣ ខែធ្នូនេះ ដែលលោក កឹម សុខា បានផ្ញើជូនលោក ហេង សំរិន ក៏ស្នើសុំតែងតាំងលោក សាយ បូរី ជាមេធាវីដែលធ្លាប់ការពារក្ដី ខៀវ សំផន អតីតប្រធានរដ្ឋខ្មែរក្រហម ធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកផងដែរ។
លោក កឹម សុខា បានលើកឡើងនៅក្នុងលិខិតនោះថា “ខ្ញុំសូមជម្រាបជូនសម្ដេចប្រធានមេត្តាជ្រាបថា ដើម្បីបំពេញការងារជូនរដ្ឋសភាដែលជាស្ថាប័នកំពូលរបស់ជាតិឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ខ្ញុំស្នើសុំសម្ដេចប្រធានមេត្តាជួយសម្រួលឲ្យមានការតែងតាំងទីប្រឹក្សាផ្ទាល់ខ្លួនរបស់ខ្ញុំចំនួនពីររូបដូចខាងក្រោម៖ ទី១ បណ្ឌិត សាយ បូរី ជាទីប្រឹក្សា មានឋានៈស្មើរដ្ឋមន្ត្រី ទី២ បណ្ឌិត ឡៅ ម៉ុងហៃ ជាទីប្រឹក្សា មានឋានៈស្មើរដ្ឋមន្ត្រី”។
កាលពីខែកញ្ញា មិនយូរប៉ុន្មានបន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យធ្វើអនុប្រធានរដ្ឋសភា លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិដែរនោះ បានស្នើសុំតែងតាំងទីប្រឹក្សាចំនួន២១រូប។ លោក មុត ចន្ថា បានមានប្រសាសន៍កាលពីម្សិលមិញថា ទីប្រឹក្សាចំនួន១៤រូបត្រូវបានអនុម័តដោយព្រះរាជក្រឹត្យរួចហើយ។
លោក ងួន ញ៉ិល តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២នៃរដ្ឋសភា មានទីប្រឹក្សាចំនួន៦៣រូប ដែលត្រូវបានឡាយព្រះហត្តលេខាយល់ព្រមដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីខែតុលា។
លោក ឡៅ ម៉ុងហៃ អតីតនាយកប្រតិបត្តិវិទ្យាស្ថានខ្មែរ ដើម្បីប្រជាធិបតេយ្យ ដែលជាញឹកញាប់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេលើកឡើងថា ជាអ្នកវិភាគនយោបាយឯករាជ្យនោះ មិនអាចទាក់ទងបានទេកាលពីថ្ងៃសុក្រ។
ទាំងលោក ឡៅ ម៉ុងហៃ និងលោក កឹម សុខា សុទ្ធតែជាបុគ្គលសកម្មនៅក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោកតា សឺន សាន ដែលរួបរួមគ្នាជាមួយកងកម្លាំងដែលមានភក្ដីភាពចំពោះសម្ដេចឪ នរោត្តម សីហនុ និង ប៉ុល ពត បានប្រយុទ្ធតតាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលវៀតណាមបានលើកបន្តុប បន្ទាប់ពីផ្ដួលរំលំរបបខ្មែរក្រហម។
លោក ឡៅ ម៉ុងហៃ ដែលជាគ្រូបង្រៀននៅតាមជំរំគ្រប់គ្រងដោយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តាមបណ្ដោយព្រំដែនថៃ បានដឹកនាំក្រុមនេះនៅក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៩១។ លោក កឹម សុខា បានឈានជើងចូលរដ្ឋសភាជាលើកដំបូងក្នុងឋានៈជាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា របស់លោកតា សឺន សាន។
លើកឡើងពីលោក កឹម សុខា នៅមុនការបោះឆ្នោតជាតិកាលពីឆ្នាំមុន លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា អនុប្រធានគណបក្សប្រឆាំងរូបនេះមានភាពទាក់ទាញប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យលោក (ឡៅ ម៉ុងហៃ) ឃ្លាតឆ្ងាយពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ លោកបានមានប្រសាសន៍នៅពេលនោះថា “រវាងអ្នកទាំងពីរ សុខា មានភាពទាក់ទាញជាង។ គាត់និយាយភាសារបស់ប្រជាជនសាមញ្ញទូទៅ”៕ សុខុម