28 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​ ខណៈ​អង្គរក្ស​ឧកញ៉ា​ ថោង សារ៉ាត់ អះអាង​ថា ខ្លួន​គ្មានទោស​​កំហុស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​បាន​លើក​ឡើង​ថា ឧកញ៉ា ថោង សារ៉ាត់ ដែល​កំពុង​លាក់​ខ្លួន​​បន្ទាប់ពី​ជាប់​ចោទ​ពីបទ​បញ្ជា​ឲ្យ​សម្លាប់​ឧកញ៉ា​មួយ​រូប​កាលពី​ខែ​មុន ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​​ដោយ​កំបាំង​មុខ​ ចំណែក​ឯ​អង្គរក្ស​បួន​នាក់​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​អនុវត្ត​ការ​ធ្វើ​ឃាត​នេះ​។

តាម​ការ​ចោទ​ប្រកាន់​ថា ឧត្ដមសេនីយ៍​ទោ ថោង សារ៉ាត់ ​ដែល​ជា​អនុប្រធាន​ខុទ្ទកាល័យ​​នៅ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​មាន​មុខ​របរ​ជាច្រើន​​ដូច​ជា ការ​សាង​សង់​បុរី​ជាដើម បាន​បញ្ជា​ឲ្យ​អង្គរក្ស​របស់​ខ្លួន​ធ្វើ​ឃាត​ឧកញ៉ា អុឹង ម៉េងជឺ ប្រធាន​ក្រុម​ហ៊ុន Shimmex Group ដែល​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ខាង​ក្រៅ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ចំការមន​កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

ពេល​នេះ​គេ​មិន​ទាន់​ដឹង​ពី​តម្រុយ​លាក់​ខ្លួន​របស់​ឧកញ៉ា​រូប​នេះ​នៅ​ឡើយ​ទេ បន្ទាប់ពី​គាត់​​បាន​គេច​ខ្លួន​ពេល​នគរ​បាល​​ឡោមព័ទ្ធ​វីឡា​របស់​គាត់​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​អង្គរក្ស​របស់​គាត់​​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​រង់ចាំ​សវនាការ​។

ចៅក្រម​ស៊ើបសួរ​ លី សុខឡេង បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​​កាលពី​ថ្ងៃ​សុក្រ​ថា “ខ្ញុំ​​បាន​ចោទ​ប្រកាន់​បុរស​ទាំង​បួន​នាក់​នេះ ពីរ​នាក់​ពីបទ​មនុស្ស​ឃាតគិត​ទុក​ជាមុន និង​ពីរ​នាក់​ទៀត​ពីបទ​សមគំនិត ហើយ​ខ្ញុំ​បាន​​​សម្រេច​បញ្ជូន​​​ពួកគេ​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ព្រៃស”។

ចៅក្រម​រូប​នេះបាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​​ថា តើ​លោក​បាន​ចោទ​ប្រកាន់​ឧត្ដម​សេនីយ៍​ទោ ថោង សារ៉ាត់ ពីបទ​ឧក្រិដ្ឋ​ឬយ៉ាង​ណា​នោះ​ឡើយ​។ ទោះ​ជាយ៉ាង​ណា ព្រះរាជ​អាជ្ញារង​ កែវ សុជាតិ បាន​បញ្ជាក់​ថា ឧត្ដមសេនីយ៍​ដែល​កំពុង​រត់​គេច​ខ្លួន​រូប​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា “សៀង វាសនា និង លី សៅ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្សឃាត​គិត​ទុក​​ជាមុន ហើយ​បុរស​ពីរ​នាក់​ទៀត​ឈ្មោះ មាស សម្បត្តិ និង​ កុយ ច័ន្ទថុល​ ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​មនុស្ស​ឃាតគិត​ទុក​ជាមុន​នេះ​។ ឧកញ៉ា [ថោង សារ៉ាត់] ក៏​ត្រូវ​បាន​ចោទ​ប្រកាន់ដែរ​​ពីបទ​បញ្ជា​​អំពើ​មនុស្ស​ឃាត​គិត​ទុក​ជាមុន​”។

យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា សៀង វាសនា និង​ លី សៅ បាន​សារភាព​ថា ខ្លួន​បាន​បើក​ម៉ូតូ​មួយគ្រឿង​ទៅ​កាន់ហាង​​ផ្លែឈើ​ កន្លែង​​ដែល​ សៀង វាសនា បាន​បាញ់​ទៅ​លើ​​ដង​ខ្លួន​របស់​ឧកញ៉ា អុឹង​ ម៉េងជឺ ចំនួន​ប្រាំមួយ​គ្រាប់​ នៅ​ពេល​លោក​ចេញ​​ពី​រថយន្ត​ស៊េរី​ទំនើប​របស់​ខ្លួន​។ នគរ​បាល​និយាយ​ថា មាស សម្បត្តិ និង​ កុយ ច័ន្ទថុល បាន​សារភាព​ថា ពួកគេ​​បាន​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ចាំ​បិទ​គូទ​។

ប៉ុន្តែ​ពេល​និយាយ​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ អង្គរក្ស​ទាំង​នេះ​បាន​អះ​អាង​ថា ការ​សារភាព​របស់​ពួកគេ​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បង្ខំ​ ហើយ​បាន​បដិសេធ​ថា ខ្លួន​មិន​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​មនុស្សឃាត​នេះ​ទេ។

លី សៅ បាន​និយាយ​នៅ​ខាង​ក្រៅ​​សាល​ជំនុំជម្រះ​​ថា ” ប៉ូលីស​វ៉ៃ​ខ្ញុំ ហើយ​បាន​បង្ខំ​ឲ្យ​ខ្ញុំ​សារភាព​ ពួកគេ​បាន​បំបាក់​ជើង​ស្ដាំ​របស់​ខ្ញុំ”។ គាត់​និយាយ​ទៀត​ថា គាត់​​មិន​នៅ​កន្លែង​កើត​ហេតុ​ទេ។

​គាត់​បាន​និយាយ​បន្ត​ថា ​”នៅ​ពេល​ហេតុការណ៍​នេះ​កើត​ឡើង​ ខ្ញុំ​ និង​លោក ថោង ប៊ុនណា បង​ប្រុស​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​ហូប​សាច់​គោអាំង​នៅ​ភោជនីយដ្ឋាន​សាច់​អំាង​ភូមិ​យើង ជិត​ស្ថានទូត​រុស្ស៊ី ហើយ​កាមេរ៉ា​សុវត្ថិភាព​​នៅ​ភោជនីយដ្ឋាន​នោះ​បង្ហាញ​ថា ​ខ្ញុំ​បាន​នៅ​ទីនោះ​ពីម៉ោង​​៧​យប់​រហូត​ដល់​ម៉ោង​៩:៣០​នាទីយប់”។

ជន​ជាប់​​ចោទ​ម្នាក់​ទៀត​​​ឈ្មោះ កុយ ច័ន្ទថុល ​បាន​និយាយ​ថា ខ្លួន​ក៏​ស្ថិត​នៅ​កន្លែង​ផ្សេង​ដែរ​​នៅ​ពេល​ករណី​មនុស្សឃាត​នេះ​កើត​ឡើង​។ សំដៅ​ដល់​បុរី​ដែល​ចៅហ្វាយ​របស់​ខ្លួន​បាន​អភិវឌ្ឍឡើង​ គាត់​បាន​និយាយ​ទៀត​ថា “ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ទេ ហើយ​ខ្ញុំ​មិន​ដឹង​ពីវា​ឡើយ​ ពីព្រោះ​ពេល​នោះ​ខ្ញុំ​នៅ​ជាមួយ​ [ជនសម​គំនិត] មាស សម្បត្តិ លេង​បៀ​នៅ​​ជិត​បុរី៩៩៩​​នៅ​សង្កាត់​ចាក់​អង្រែក្រោម​”។

សៀង វាសនា ​ដែល​​តាម​ការ​ចោទ​ប្រកាន់​ថា បាន​បាញ់​សម្លាប់​លោក អុឹង ម៉េងជឺ ​បាន​គ្រវី​ក្បាល​នៅ​ពេល​សួរ​ថា តើ​ខ្លួន​មាន​ទោស​ពីបទ​ល្មើស​នេះ​ឬយ៉ាង​ណា។ ប្រពន្ធ​របស់​ជន​សង្ស័យ​ដែល​មាន​វត្ត​មាន​នៅ​តុលាការ​ដែរ​កាលពី​ថ្ងៃ​សុក្រ បាន​អះអាង​ថា ប្ដី​របស់​ខ្លួន​គ្មាន​ទោស​កំហុស​នោះ​ទេ។

អ្នកស្រី ប៉ុក សន អាយុ​៣២​ឆ្នាំ​ ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ កុយ ច័ន្ទថុល និយាយ​ថា​ “ប្ដី​របស់​ខ្ញុំ​បាន​នៅ​ជាមួយ​ខ្ញុំ​ពេញ​មួយ​ថ្ងៃ​សៅរ៍ នៅ​ពេល​គាត់​លេងបៀ​ចប់​ យើង​​​បាន​ចម្អិន​អាហារ​ពេល​ល្ងាច​ ហើយ​បន្ទាប់​មក​​យើង​បាន​ចូលដេក​ ដូច្នេះ​ខ្ញុំ​អាច​ធានា​បាន​ថា ប្ដី​របស់​ខ្ញុំ​មិន​ជាប់​ពាក់​ព័ន្ធ​នោះ​ទេ​”។

ទោះបី​ជា​ពួកគេ​បន្ត​​ប្រឆាំង​តវ៉ា​ចំពោះ​ភាព​គ្មាន​ទោស​កំហុស​របស់​ខ្លួន​ក្ដី ក៏​មេធាវី​​ ចុង អ៊ាវហេង​ តំណាង​ឲ្យ​អង្គរក្ស​ទាំង​បួន​នាក់នេះ​ ​បាន​មាន​ប្រសាសន៍​ថា មាន​តិច​តួច​ណាស់​ដែល​លោក​អាច​ធ្វើ​បាន​​ ពីព្រោះ​ពួកគេ​បាន​សារភាព​ទទួល​កំហុស​​របស់​ខ្លួន​រួច​ទៅ​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” ពួកគាត់​បាន​សារភាព​រួច​រាល់​ហើយ។ តើ​​ឲ្យ​ខ្ញុំ​តវ៉ា​ក្ដី​ម៉េច​នឹង​កើត​ នៅ​ពេល​តុលាការ​មិន​បាន​បង្ខំ​​​កូនក្ដី​​របស់​ខ្ញុំ​ឲ្យ​ផ្ដល់​ចម្លើយ​”។

លោក ជួន ណារិន ស្នង​ការ​រង​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា វា​​ធម្មតា​ទេ​ដែល​​​​​​​​​​​​​ជន​សង្ស័យ​ក្នុង​ករណី​មនុស្សឃាត​​​អះអាង​ជា​សាធារណៈ​​ថា​ ខ្លួន​គ្មាន​ទោសពៃរ៍​។ លោក​បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​កាលពី​ថ្ងៃ​សុក្រ​ថា “ជា​ធម្មតា​ ជនសង្ស័យ​​តែង​តែ​បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​សាក​សួរ​ដែរ​​ ហើយ​យើង​មិន​បាន​វាយ​ដំពួកគេ​ ឬ​បង្ខំ​ពួកគេ​ឲ្យ​សារភាព​ឡើយ​​”។

លោក​ ថោង ចំរើន អាយុ​៦៥​ឆ្នាំ និង​លោកស្រី កែវ សារី អាយុ​៥៥​ឆ្នាំ ដែល​ត្រូវ​ជា​ឪពុក​ម្ដាយ​បង្កើត​របស់​ឧត្ដមសេនីយទោ ថោង សារ៉ាត់ ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ ​បន្ទាប់ពី​​ធ្វើ​សន្និសីទ​កាសែត​​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ដើម្បី​បញ្ជាក់​ថា ពួកគាត់​បាន​ប្រាប់​កូន​ប្រុស​របស់​ខ្លួន​ឲ្យ​លាក់​ខ្លួន​។

យោង​តាម​លោក អេង សោភា ​នាយ​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​ពីរ​​ក៏​ត្រូវ​ទទួល​ការ​ចោទ​ប្រកាន់​ដែរ​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​​គ្មាន​ពេល​​គ្រប់គ្រាន់​​ដើម្បី​​​ត្រៀម​រៀបចំ​សំណុំ​រឿង​របស់​ពួកគេ​។ លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា “យើង​នឹង​បញ្ជូន​ពួកគេ​ទៅ​កាន់​តុលាការ​នៅ​ព្រឹក​​ [ថ្ងៃសៅរ៍]”៕ សុខុម​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស