31 C
Phnom Penh

ការ​ស្លាប់​នៅ​មជ្ឈមណ្ឌល​​ព្រៃស្ពឺ​ធ្វើ​ឲ្យ​មាន​ការ​អំពាវ​នាវ​​ឲ្យ​បិទ​មជ្ឈ​មណ្ឌល​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ និង​អង្គការ​​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​បានជំរុញ​ម្ដង​ទៀត​ឲ្យ​រដ្ឋាភិបាល​​បិទ​​មណ្ឌលកែប្រែ​បន្ថែម​របស់​ខ្លួន​ បន្ទាប់ពី​បុរស​​អនាថា​​​ម្នាក់​បាន​ស្លាប់​​នៅ​ក្នុង​មណ្ឌល​កែប្រែ​មួយ​បែប​នេះ​កាលពី​ចុង​ខែ​មុន។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​ អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​ថា អាជ្ញាធរ​បាន​ចាប់​បុរស​ម្នាក់​ដែល​​គេ​ស្គាល់​ឈ្មោះ​ត្រឹម​តែ ភា នៅ​ក្នុង​កា​របោស​សម្អាត​​ជន​អនាថា​​ក្នុង​រាជ​ធានី​ភ្នំពេញ​​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ហើយ​បាន​បញ្ជូន​បុរស​រូប​នេះ​ទៅ​មជ្ឈមណ្ឌល​​សង្គម​កិច្ច​ព្រៃស្ពឺ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាទី​ដែល​បុរស​រូប​នេះ​​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា បុគ្គលិក​នៅ​មជ្ឈមណ្ឌល​​សង្គមកិច្ច​ព្រៃស្ពឺ និង​សាក្សី​ផ្សេងៗ​ទៀត​ដែល​ដឹង​អំពី​ករណី​នេះ​បាន​ប្រាប់​​​អ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថា បុរស​ឈ្មោះ​ ភា នេះ​​ត្រូវ​បាន​គេ​ឃើញ​ថា មាន​ជំងឺ​នៅ​ពេល​​​គាត់​ត្រូវ​បាន​បញ្ជូន​ដល់​មណ្ឌល​កែប្រែ​ ដោយ​មាន​របួស​នៅ​ជើង​ និង​ផ្នែក​ខ្លះ​នៃ​ដង​ខ្លួន​របស់​គាត់​។ សាក្សី​​បាន​និយាយ​ថា គេ​មិន​បាន​ផ្ដល់​ការ​ព្យាបាល​ដល់​គាត់​ឡើយ​​នៅ​ទីនោះ​​ ហើយ​ក៏​បដិសេធ​មិន​ព្រម​យក​គាត់​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ដែរ​។

លោកស្រី​ ណាលី ពីឡូក ប្រធាន​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា “ការ​ដែល​នៅ​រក្សា​មណ្ឌល​កែប្រែ​ឲ្យនៅ​បើក​ទ្វារ​ គឺ​នៅ​តែ​មិន​អាច​បញ្ឈប់​អាជ្ញាធរ​មិន​ឲ្យ​រំលោភ​សិទ្ធិមនុស្ស​​លើ​ជន​ដែល​ត្រូវ​​បាន​ចាត់​ទុក​ថា​ជាជន​ល្មើស​នោះ​ឡើយ។ ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​លើ​អ្នក​ងាយ​រងគ្រោះ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​បាន​កើត​ឡើង​នៅ​តាម​មណ្ឌល​កែប្រែ​ទាំង​នេះ​ ហើយ​រដ្ឋាភិបាល​គួរ​តែ​បិទ​មណ្ឌល​កែប្រែ​បែប​នេះ​ជា​បន្ទាន់​”។

លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​បាន​បញ្ជាក់​​ពី​ការ​ស្លាប់​របស់​បុរស​ឈ្មោះ ភា នេះ​នៅ​ក្នុង​មណ្ឌលកែប្រែ​ ប៉ុន្តែ​ថា លោក​មិន​ចាំ​ថ្ងៃ​ច្បាស់​លាស់​ទេ។ លោក​ សុផល បាន​លើក​ឡើង​ទៀត​ថា បុរស​​ឈ្មោះ​ ភា នេះ​មាន​ជំងឺ​រ៉ាំរ៉ៃ​នៅ​ពេល​​ត្រូវ​​បាន​បញ្ជូន​មក​ដល់​ ប៉ុន្តែ​ថា លោក​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ទេ។ លោក​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​​ថា គេ​មិន​ព្យាបាល​បុរស​នេះ​។ លោក​បានមាន​​ប្រសាសន៍​ថា “យើង​បាន​បញ្ជូន​គាត់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ ប៉ុន្តែ​គាត់​បាន​ស្លាប់​​ដោយ​សារ​គាត់​ឈឺ​ធ្ងន់​”។

លោក សុផល បាន​លើក​ឡើង​​បន្ត​ថា មណ្ឌល​កែប្រែ​​តែង​តែ​បញ្ជូន​អ្នក​ជាប់​ឃុំ​ដែល​មាន​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ ហើយ​លោក​ច្រាន​ចោល​ការ​អំពាវ​នាវ​របស់​អង្គការ​សិទ្ធិមនុស្ស​ដែល​ស្នើ​​ឲ្យ​បិទ​មណ្ឌល​កែប្រែ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​គឺ​ជា​យោបល់​របស់​ពួកគេ ហើយ​ការ​រិះគន់​បែប​នេះ​​មិន​មែន​ជា​លើក​ទី១នោះ​ទេ​”។

លោក នេត សុវីរៈ ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​​រាជ​ធានី​​ភ្នំពេញ ជា​ទីដែល​លោក សុផល ​បាន​អះអាង​ថា បុរស​ឈ្មោះ​ ភា ត្រូវ​បាន​បញ្ជូន​ទៅ​ទីនោះ​​បាន​លើក​ឡើង​ថា មាន​អ្នក​ជំងឺ​ច្រើន​ណាស់​ដែល​មក​​មន្ទីរ​ពេទ្យ​ ដែល​ជាហេតុ​​ធ្វើ​ឲ្យ​លោក​មិន​ចាំ​អ្នក​ជំងឺ​​ណា​ម្នាក់​ឡើយ ហើយ​ថា លោក​មិន​អាច​បញ្ជាក់​ឬក៏​បដិសេធ​ចំពោះ​ការ​លើក​ឡើង​​​របស់​លោក សុផល បាន​ឡើយ​។

អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា បុគ្គលិក​នៅ​​មជ្ឈមណ្ឌល​​សង្គមកិច្ច​ព្រៃស្ពឺ​បាន​ប្រាប់​អង្គការ​ថា បុរស​ឈ្មោះ​ ភា នេះ​មិន​ដែល​​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​មជ្ឈមណ្ឌល​នេះ​ឡើយ។

លោកស្រី ណាលី ពីឡូក បាន​លើក​ឡើង​តាម​រយៈ​អុីម៉េល​មួយ​ថា “បុគ្គលិក​​នៅ​មណ្ឌល​កែប្រែ​ម្នាក់​​បាន​ប្រាប់​អ្នក​ស៊ើបអង្កេត​របស់​យើង​ថា ពួកគេ​រវល់​ខ្លាំង​ណាស់​​​មិន​អាច​​​មើល​ថែទាំ​​​ខុសភាព​ដ៏​ដុន​ដាប​របស់​បុរស​ឈ្មោះ ភា នេះ​​បាន​ទេ​ ខណៈ​គាត់​​ត្រូវ​បាន​ឃុំខ្លួន​​ដោយ​ខុស​ច្បាប់​។ យោង​តាម​ការ​ស៊ើបអង្កេត​របស់​យើង​ បុរស​ឈ្មោះ​ ភា នេះ​គឺ​ចាំបាច់​​ត្រូវ​តែ​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​ ជាទី​ដែល​គាត់​មិន​ត្រូវ​បាន​បញ្ជូន​​ទៅ​ឡើយ​​អស់​រយ​ៈ​ពេល​ជាច្រើន​សប្ដាហ៍​មុន​ពេល​គាត់​ស្លាប់​”។

លោកស្រី​បាន​លើក​ឡើង​ទៀត​ថា អង្គការ​លីកាដូ​​មិន​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​បុរស​ឈ្មោះ​ ភា នេះ​​ទេ ព្រោះ​សព​របស់​គាត់​ត្រូវ​បាន​គេ​បូជា​នៅ​​ក្នុង​វត្ត​មួយ​ភ្លាមៗ​បន្ទាប់ពី​គាត់​បាន​ស្លាប់​ ហើយ​គេ​មិន​ដែល​ធ្វើ​កោសល្យ​វិច័យ​ឡើយ។

តាម​ផ្លូវ​ការ​នោះ មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ​គឺ​ជា​កន្លែង​​​ដើម្បី​ស្ដារ​សម្បទា​ជន​ដែល​ត្រូវ​គេ​ឃុំឃាំង ហើយ​ផ្ដល់​វគ្គបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​ពួកគេ។ ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា មណ្ឌល​នេះ​មិន​ដែល​ធ្វើ​ដូច្នោះឡើយ​ ហើយ​​​បែរ​ជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​​ឃុំ​ខ្លួន​ជន​អនាថា​ ស្ត្រី​​រកស៊ី​ផ្លូវ​ភេទ និង​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដែល​តែង​តែ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត និង​ដោយ​ខុស​ច្បាប់​​មុន​ព្រឹត្តិការណ៍​​ធំៗ​​ផ្សេងៗ​ក្នុង​គោល​បំណង​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឬ​បុគ្គល​ពិសេស​ៗ​មក​លេង​ក្នុង​រាជធានី​ឲ្យ​បាន​ច្រើន​ទៅ​វិញ​។

លោក ប្រេដ អាដាម ប្រធានអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាលពី​ម្សិលមិញ​ថា “អាជ្ញាធរ​កម្ពុជា​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា ខ្លួន​មិន​អាច​ប្រែក្លាយ​មជ្ឈមណ្ឌល​សង្គម​កិច្ចព្រៃស្ពឺ​ និង​មណ្ឌល​​កែប្រែ​ស្រដៀង​ៗ​នេះ​​ទៅ​ជា​ស្ថាប័ន​ដែល​គោរព​សិទ្ធិមនុស្ស​បាន​ឡើយ​”។ លោក​បាន​បន្ថែម​ថា “ការ​ស្លាប់​ថ្មីបំផុត​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នេះ គួរ​តែ​ជា​រឿង​អាក្រក់​​​ចុង​ក្រោយ​​ដាស់​តឿន​ដល់​ម្ចាស់​ជំនួយ​ ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​នានា​ ដែល​គួរ​តែ​រួម​គ្នា​​ទាម​​ទារ​ឲ្យ​មាន​ការ​បិទ​​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នេះ​”។

អង្គការ​លីកាដូ​ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​​ក៏​កំពុង​តែ​បើក​ដំណើរ​មណ្ឌល​កែប្រែ​ពីរ​ផ្សេង​ទៀត​ស្រដៀង​នេះ​ដែរ ដោយ​បន្ថែម​លើ​មណ្ឌល​កែប្រែ​ចំនួន​ប្រាំមួយ​ ដែល​ឃុំ​ខ្លួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

កាលពី​ឆ្នាំ​២០១០​ បន្ទាប់ពី​កិច្ច​សម្ភាស​ជាមួយ​អតីត​អ្នក​ដែល​​ត្រូវ​គេ​ឃុំខ្លួន​មួយ​ចំនួន​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទាំង​នេះ រួម​ទាំង​មជ្ឈមណ្ឌល​សង្គម​កិច្ច​​ព្រៃ​ស្ពឺ​ផង​នោះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​បាន​លើក​​ឡើង​ថា ការ​វាយ​ដំធ្ងន់ធ្ងរ រំលោភ​បូក​ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ផ្សេងៗ​ទៀត ដែល​ប្រព្រឹត្ត​ដោយ​បុគ្គលិក​នៅ​មណ្ឌល​កែប្រែ​ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។

កាលពី​ម្សិលមិញ លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ប្រចាំ​​តំបន់​អាស៊ី បាន​លើក​ឡើង​ថា រឿង​ស្រដៀង​ៗ​នេះ​​កំពុង​បន្ត​លេច​ឡើង​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​បាន​បន្ត​​​សាក​សួរ​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​ ដែល​បន្ទាប់​មក​បាន​រត់​គេច​ខ្លួន​នោះ​ ហើយ​យើង​​កំពុង​តែ​ទទួល​បាន​​ព័ត៌មាន​នៃ​ការ​វាយ​ដំ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត​ជា​បន្ត​បន្ទាប់”៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស