29 C
Phnom Penh

តុលាការ​ដោះលែង​បុរស​ពីរ​នាក់​​ក្នុង​ចំណោម​បុរសបីនាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ធ្វើ​ឃាត​អ្នក​កាសែត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រចេះ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ដោះ​លែង​បុរស​ពីរ​នាក់​ក្នុង​ចំណោម​បុរស​បី​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ឃាត​លោក តាំង ទ្រី អ្នក​យក​ព័ត៌មាន​អាយុ​៤៩​ឆ្នាំ​​កាលពី​ខែ​តុលា​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​បុរស​ទី៣​បាន​ប្រាប់​តុលាការ​ថា ខ្លួន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នេះ​តែ​ម្នាក់​ឯង។

យោង​តាម​សាក្សី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក តាំង ទ្រី ដែល​ជា​អ្នក​សរសេរ​ព័ត៌មាន​ឲ្យកាសែត​ក្នុង​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ក្រចេះ ត្រូវ​គេ​បាញ់​ចំ​ថ្ងាស​នៅ​ម៉ោង​ប្រហែល​១រំលង​អធ្រាត្រ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ក្នុង​ស្រុក​ស្នួល ខណៈ​កំពុង​ស៊ើបអង្កេត​លើ​​ការ​ផ្ដល់​ព័ត៌មាន​​ដែល​ថា មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នោះ​។

២ថ្ងៃ​ក្រោយ​មក​ តុលាការ​បាន​ដាក់​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​លើ​បុរស​បី​នាក់ ដែល​មាន​ដូច​ជា នាយ​ប៉ុស្តិ៍​​នគរ​បាល​ឃុំ​ម្នាក់ មន្ត្រី​កង​រាជអាវុធ​ហត្ថ​ម្នាក់ និង​ទាហាន​​ម្នាក់ ហើយ​បាន​ឃុំ​ខ្លួន​ពួកគេ​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​។ អំឡុង​សន្និសីទ​កាសែត​ក្នុង​ខេត្ត​ក្រចេះ​មួយ​ថ្ងៃ​បន្ទាប់ពី​អ្នក​យកព័ត៌មាន​រូប​នេះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ បុរស​ទាំង​បី​នាក់​នេះ​បាន​សារភាព​​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ​។

តែ​ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ​លោក ទី សុវិនថាល់ អគ្គ​ព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​ថា ទាហាន​រូប​នេះ​​​ដែល​មាន​ឈ្មោះ ឡា ណារ៉ុង អាយុ​៣២​ឆ្នាំ មក​ពី​ខេត្ត​មណ្ឌលគិរី ​បាន​ប្រាប់​តុលាការ​អំឡុង​ការ​សាកសួរ​ថា ខ្លួន​​បាន​ធ្វើ​រឿង​នេះ​តែ​ម្នាក់ឯង​។

លោក សុវិន​ថាល់ បាន​បដិសេធ​មិន​ប្រាប់​​ពី​ពេល​វេលា​នៃ​ការ​សារភាព​នេះ​​ទេ ប៉ុន្តែ​ថា ក្រោយ​មក​​លោក​បាន​ចុះ​ហត្ថលេខា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក បែន ហា៊ង អាយុ​៣១​ឆ្នាំ ជា​អតីត​នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ស្រែឈូក ខេត្ត​មណ្ឌលគិរី និង​លោក ឃឹម ភក្ដី អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​ឈរ​ជើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ពួកគេ​ទាំង​ពីរ​នាក​់​ត្រូវ​បាន​​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​កាលពី​សប្ដាហ៍មុន។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ដោះលែង​ពួកគេ​ឲ្យ​នៅ​ក្រៅឃុំ ព្រោះ​ចៅក្រម​ស៊ើបសួរ​របស់​យើង​​បាន​រក​ឃើញ​ថា ពួកគេ​មាន​ជាប់ពាក់ព័ន្ធ​ [តែ​] នៅ​ក្នុង​​បទ​ល្មើស​ស្រាល​ប៉ុណ្ណោះ​ ព្រោះ​ថា យើង​បាន​រក​ឃើញ​សាក្សី​មួយ​ចំនួន​ដែល​បាន​​ឮពួកគេ​ព្យាយាម​​ឃាត់​​ខ្មាន់​កាំភ្លើង​ ដោយ​និយាយ​ថា ‘ កុំធ្វើ​អ្វី​ចំពោះ​គាត់​’”។ លោក​បាន​ពន្យល់​ថា ការ​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​ស្រាល​​នេះ​​ គឺ​ដោយ​សារ​តែ​ការ​ពិត​ថា ពួកគេ​​គឺ​គ្រាន់​តែ​ជា​ម្ចាស់​រថយន្ត​ និង​កាំភ្លើង​ដែល​​លោក ណារ៉ុង បាន​ប្រើ​ប៉ុណ្ណោះ​។

លោក សុវិនថាល់ បាន​មាន​​ប្រសាសន៍​បន្ថែម​ថា “នៅ​ក្នុង​ប្រទេស​កម្ពុជា​មានមនុស្ស​ច្រើន​ណាស់​ដែល​ឲ្យ​​គ្មាខ្ចី​​រថយន្ត​ និង​កាំភ្លើង​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក​ សូម្បី​តែ​រថយន្ត​របស់​ខ្ញុំ​ក៏ដោយ ក៏​​មិត្ត​របស់​ខ្ញុំ​ធ្លាប់​ខ្ចីដែរ​ ហេតុ​ដូច្នេះ​ហើយ​ករណី​នេះ​ចាំបាច់​ត្រូវ​តែ​ពិចារណា​ឡើង​វិញ”។

អគ្គព្រះរាជ​អាជ្ញា​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា លោក ហ៊ាង និង​លោក ភក្ដី បាន​ជួយ​ប៉ូលីស​ក្នុង​ការ​​ចាប់​ខ្លួន​លោក ណារ៉ុង ហើយ​ថា ​​ជំនួយ​ដល់​នគរ​បាល​នេះ​ជា​ហេតុ​នាំ​ឲ្យ​មាន​សេចក្ដី​សម្រេច​ដោះលែង​ពួកគេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “បុរស​ទាំង​ពីរ​នាក់​នេះ បាន​សហការ​​ជាមួយ​កង​កម្លាំង​នគរ​បាល​របស់​យើង​ ដើម្បី​បញ្ចុះ​បញ្ចូល​ខ្មាន់​កាំភ្លើង​​ឲ្យ​មក​​កាន់​ស្នងការ​នគរ​បាល​​​ដើម្បី​ចាប់​ខ្លួន​ជននេះ ហើយ​ពួកគេ​មាន​មេធាវី​មក​ពី​រាជ​ធានី​ភ្នំពេញ ហេតុ​ដូច្នេះ យើង​បាន​សម្រេច​ដោះលែង​ពួកគេ​​ឲ្យ​នៅ​ក្រៅឃុំ ហើយ​ពួកគេ​អាច​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ប្រពន្ធ​របស់​ជន​រងគ្រោះ​”។ លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ខ្មាន់​កាំភ្លើង​​ដែល​ឈ្មោះ ណារ៉ុង នេះ ក៏​បាន​សារភាព​ដែរ​ថា បុរស​ទាំង​ពីរ​នាក់​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​ការធ្វើ​ឃាត​លោក តាំង ទ្រី ឡើយ​”។

កញ្ញា ហ៊ាន ជាវគុណ អ្នក​ឃ្លាំមើល​នៅ​អង្គការ​សិទ្ធមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​​ក្រចេះ​​​​បាន​​លើក​ឡើង​ថា លោក ហ៊ាង និង​លោក ភក្ដី​ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ពុធ។ កញ្ញា​បាន​លើក​ឡើង​ទៀត​ថា ការ​ដោះ​លែង​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង​​ខណៈ​សាលា​ដំបូង​ខេត្ត​ជិត​នឹង​ចាប់​ផ្ដើម​ការ​សាកសួរ​អ្នក​កាសែត​ចំនួន​ប្រាំបី​នាក់ ដែល​​ធ្វើ​ជា​សាក្សី​ចំពោះ​ឃាតកម្ម​លើ​លោក តាំង​ ទ្រី ដោយ​គ្រោង​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃសុក្រ។ កញ្ញា​បាន​និយាយ​​ថា​ “សំណុំរឿង​នេះ គឺ​ខុសពី​ធម្មតា”។

អ្នកស្រី ឈឹម មុំ ប្រពន្ធ​របស់​លោក​ តាំង ទ្រី បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នកស្រី​មិន​​សប្បាយ​ចិត្ត​នឹង​ការ​ដោះលែង​បុរស​ទាំង​ពីរ​នាក់​នេះ​ទេ ប៉ុន្តែ​ថា ដោយ​សារ​តែ​គ្មាន​ប្ដី​ជាមេ​គ្រួសារ​​នោះ​ អ្នកស្រី​គ្មាន​ធនធាន​អ្វី​ទៅ​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ​ឡើយ​។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​​​មិន​ដឹង​ថា ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅឃុំ​នោះ​​ទេ ហើយ​ខ្ញុំ​តក់​ស្លុត​យ៉ាង​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ​។ ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ភាព​លំបាក​ខ្លាំង​ណាស់​ ព្រោះ​ខ្ញុំ​គ្មាន​សមាជិក​​ជា​មនុស្ស​ប្រុស​នៅ​ក្នុង​គ្រួសារ​ ដែល​អាច​​​ជំទាស់​នឹង​​ [​ការ​សម្រេច​បែប​នេះ​​] នៅ​ក្នុង​សំណុំ​រឿង​របស់​ប្ដី​ខ្ញុំ”៕ ស៊ុយឈាង​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស