35 C
Phnom Penh

នគរ​​​បាល​​​ខេត្ត​​​រតន​​​គិរី​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ម្នាក់​​​ពី​​​បទ​​​លួច​​​ដំឡូងមី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍ នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជន​​​ជាតិ​រុស្ស៊ី​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ឃើញ​លួច​ដំឡូង​មី​ពី​ចម្ការ​មួយ​ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ដោយ​សង្ស័យ​ថា ជន​​​នេះ​បាន​ឆ្លង​មក​ពី​ប្រទេស​វៀតណាម​​ដោយ​ថ្មើរ​ជើងចូល​​​មក​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។

លោក សុវណ្ណ ភិន អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​ចាប់​ខ្លួន​ជនជាតិ​រុស្ស៊ី​រូប​នេះ ដែល​នៅ​ក្នុង​លិខិត​ឆ្លង​ដែន​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​ថា គាត់​ឈ្មោះ វ៉ា​ស៊ីលី ​ដូរ៉ូខូវ អាយុ​៣៥​ឆ្នាំ បន្ទាប់ពី​អ្នក​ស្រុក​​នៅ​ឃុំ​ម៉ា​​​លិក ទាក់​ទង​មក​ដែល​​​ពួកគាត់​​​​បាន​ឃើញ​ជន​នេះ​កំពុង​ដក​ដំឡូង​មី​​​ច្រក​ក្នុង​បាវ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​មិន​ដឹង​ថា ជន​​​នេះ​មក​ពី​ណា​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​អ្នក​ភូមិ​បាន​ប្រាប់​យើង​ថា ជន​​​នេះ​បាន​ដើរ​មក​ទី​​​នេះ​​​ពី​​​ស្រុក​លំផាត់​មក”។ លោក​បាន​បន្ថែម​ថា នគរ​បាល​ជឿ​ថា ជនជាតិ​រុស្ស៊ី​រូប​នេះ​​​ដំបូង​​​​​​ទំនង​ជា​ចូល​ក្នុង​ប្រទេស​កម្ពុជា​តាម​ខេត្ត​មណ្ឌលគិរី។ លោក ភិន បាន​មាន​ប្រសាសន៍​ថា បន្ទាប់ពី​ការ​ចាប់​ខ្លួន ដូរ៉ូខូវ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​រតនគិរី​ដើម្បី​ធ្វើ​ការ​សាកសួរ។

លោក ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “ដូរ៉ូខូវ បាន​ប្រាប់​យើង​ថា គាត់​មក​ពី​​ខេត្ត​សៀមរាប ហើយ​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​អណ្ដូង​មាស​រយៈ​ពេល​ពីរ​បី​ថ្ងៃ​។ យើង​មិន​អាច​និយាយ​ពិត​ប្រាកដ​ថា តើ​គាត់​មក​​ពី​កន្លែង​ណា​បាន​ទេ ពីព្រោះ​វា​លំបាក​​ទទួល​​​បាន​​​​ព័ត៌មាន​ពី​ជន​​​នេះ​ណាស់ ពីព្រោះ​គាត់​ដូច​ជា​មនុស្ស​សរសៃ​ប្រសាទ​អ៊ីចឹង”។ លោក​ឧត្ដម​សេនីយ៍​ទោ ងួន គឿន បាន​មាន​ប្រសាសន៍​ថា ដូរ៉ូខូវ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​​អន្តោ​​​ប្រវេសន៍​ក្រសួង​មហាផ្ទៃនៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស