31 C
Phnom Penh

ម្ចាស់​​​ភោជនីយ​​​ដ្ឋាន​​​ជន​​​ជាតិ​​​កូរ៉េ​​​ម្នាក់​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បើក​​​រថយន្ត​​​បុក​​​ហើយ​​​រត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគរបាល​​​ចរាចរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ពាណិជ្ជករ​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ម្នាក់​​​បាន​​​បើក​​​រថយន្ត​​​របស់​​​លោក​​​ម៉ាក Hyundai បុក​​​អ្នក​​​ជិះ​​​ម៉ូតូ​​​ម្នាក់​​​ឲ្យ​​​រង​​​របួស​​​កាលពី​​​ថ្ងៃសៅរ៍ បន្ទាប់មក​​​បាន​​​បើក​​​​​​រត់​​​គេច​​​ពី​​​កន្លែង​​​កើត​​​ហេតុ ហើយ​​​បើក​​​បាន​​​ចម្ងាយ​​​៣គីឡូម៉ែត្រ​​​មុន​​​ពេល​​​រថ​​​យន្ត​​​របស់​​​គាត់​​​ឆេះ ហើយ​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តែ​​​ម្តង។

យោង​​​តាម​​​លោក សេង ចាន់ថុន នាយរង​​​នគរបាល​​ផ្នែក​​​បទ​​​ល្មើស​​​ចរា​​​ចរណ៍​​​នៃ​​​នគរបាល​​​ចរាចរ​​​រាជធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក លី ស៊ុនហុង​​​ អាយុ​​​៣៤ឆ្នាំ ម្ចាស់​​​​​​ភោជនីយ​​​ដ្ឋាន​​​ទន្លេ​​​មេគង្គ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើក​​​បរ​​​រថយន្ត​​​នៅ​​​ក្នុង​​​សង្កាត់​​​ទឹក​​​ល្អក់​​​១ ខណ្ឌ​​​ទួលគោក​​​កាលពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ថ្ងៃសៅរ៍ ស្រាប់តែ​​​គាត់​​​បាន​​​បុក​​​ជាមួយ​​​លោក សាន រ៉ាស៊ី ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​ជន​​​រងគ្រោះ​​​ធ្លាក់​​​ពី​​​លើ​​​ម៉ូតូ បន្ទាប់​​​មក​​​ជន​​​នេះ​​​បាន​​​បន្ថែម​​​ល្បឿន​​​​​​យ៉ាង​​​លឿន​​​។

លោក ចាន់ថុន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា “គាត់​​​មិន​​​បាន​​​ឈប់​​​រថយន្ត​​​របស់​​​គាត់​​​ទេ ពីព្រោះ​​​គាត់​​​បាន​​​បាត់​​​បង់​​​ម្ចាស់ការ​​​ ដោយសារ​​​គាត់​​​ស្រវឹង​​​ស្រា​​​។ គាត់​​​ព្យាយាម​​​រត់​​​គេច​​​ខ្លួន”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​បុរស​​​ជន​​​ជាតិ​​​កូរ៉េ​​​រូប​​​នេះ​​​បើក​​​រត់​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​រថយន្ត​​​របស់​​​គាត់​​​បាន​​​អូស​​​ម៉ូតូ​​​ទៅ​​​ជាមួយ​​​ផង បណ្តាល​​​ឲ្យ​​​លេច​​​សាំង​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​យាន​​​យន្ត​​​ទាំង​​​ពីរ​​​គ្រឿង​​​ឆេះ​​​តែ​​​ម្តង។

លោក​​​ ចាន់ថុន បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​បាន​អូស​ម៉ូតូ​ពី​ត្រឡោក​​​បែក​ដល់​កាំកូ​​​ស៊ីធី​ចម្ងាយ​ប្រហែល​៣គីឡូម៉ែត្រ។ ម៉ូតូ​នោះ​ត្រូវ​បាន​អូស​ ហើយ​បាន​លេច​សាំង​។ ម៉ូតូ​បាន​ឆេះ ហើយ​រថយន្ត​ក៏​​​ឆេះ​ដែរ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ទីបំផុត​លោក លី បាន​បង្ខំចិត្ត​បោះបង់​ចោល​រថយន្ត​របស់​គាត់​នៅ​ពេល​ភ្លើង​ឆេះ​​​កាន់​​​តែ​​​ខ្លាំង​​​ ហើយ​​ត្រូវ​នគរ​បាល​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​កាំកូ​​​ស៊ីធី”។

យោង​តាម​លោក ទិន វណ្ណ​​​ស៊ី នាយ​នគរ​បាល​ចរាចរ​រាជ​ធានី​​​បាន​ឲ្យ​ដឹង​ថា លោក​ លី ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ម្សិលមិញ​ដើម្បី​ប្រឈម​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​ករណី​នេះ​។ មន្ត្រី​តុលាការ​មិន​អាច​ទាក់​ទង​បានទេ។

លោក រ៉ាស៊ី ដែល​ជា​ជនរងគ្រោះ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា លោក​បាន​​​យល់​ព្រម​មិន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក លី ទេ ពីព្រោះ​បុរស​ជនជាតិ​កូរ៉េ​រូប​នេះ​បាន​ផ្ដល់​ប្រាក់​សំណង​​​​​​ដល់​លោក​​​ចំនួន​​​​​១.៩០០​ដុល្លារ​ ដើម្បី​បញ្ចប់​ករណី​នេះ​។ លោក រ៉ាស៊ី បាន​និយាយ​ថា លោក​សន្លប់​បាត់​ស្មារតី​បន្ទាប់ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ត្រូវ​បាន​​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ត្រង់​​​មុខ និង​ស្មា មុន​ពេល​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស