27 C
Phnom Penh

អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​ព្រមាន​​​មន្ត្រី​​​ពីរ​​​រូប​​ពាក់ព័ន្ធ​​​ការ​​​ចំណាយ​​​ថវិកា​​​មិន​​​ប្រក្រតី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​សប្ដាហ៍​មុន អង្គភាព​ប្រឆាំង​អំពើ​ពុក​​​រលួយ​បាន​បញ្ជូន​លិខិត​ពីរ​ច្បាប់​ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​​​ច្បាស់​​​លាស់​​​ទៅ​លើ​មន្ត្រី​រដ្ឋា​​​​​​ភិបាល​ពីរ​រូប ដោយ​​​ព្រមាន​​​ពួកគេ​​ឲ្យ​រាយការណ៍​ពី​ការ​ចំណាយ​ថវិកា​​​របស់​​​ខ្លួន​​​​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ បើ​មិន​ដូច្នោះ​ទេ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​​ពី​​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

នៅ​ក្នុង​លិខិត​ដែល​​​បាន​​​ផ្ញើ​​​​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​​ជូន​​​លោក ហុក គឹមចេង​ ប្រធាន​មជ្ឈ​​​មណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​លើក​ឡើង​ថា លោក គឹមចេង មិន​បាន​ដាក់​ជូន​ថវិកា​របស់​មជ្ឈមណ្ឌល​លោកទាន់​ពេល​វេលា ទេ ហើយ​ថា ប្រសិន​បើ​គាត់​នៅ​យឺត​យ៉ាវ​ទៀត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​។

លិខិត​ដដែល​នោះ​​ដែល​ត្រូវ​បាន​បង្ហោះ​​​នៅ​​​ក្នុង​គេហ​​​ទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មាន​ខ្លឹម​សារ​ថា ” លោក ហុក គឹមចេង…​ត្រូវ​បញ្ឈប់​សកម្មភាព​មិន​សម​​​រម្យទាំង​អស់​ចាប់​ពី​ឥឡូវ​នេះ​ទៅ​ បើ​មិន​ដូច្នោះ​ទេ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​នឹង​ចាត់វិធានការ​”។

លិខិត​ដដែល​នេះ​លើក​ឡើង​ទៀត​ថា លោក គឹមចេង ត្រូវ​តែ​ “សហការ​ឲ្យ​បាន​សកម្ម​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​អំពី​ករណ​ី​មិន​ប្រក្រតី​​ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ”។ លិខិត​នេះ​បន្ថែម​​​ទៀត​ថា លោក​ត្រូវ​រាយការណ៍​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​រៀងរាល់​បី​ខែម្តង​សម្រាប់​ឆ្នាំ​ក្រោយ​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក ឆាយ សាវុធ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​​​អំពី​ “អំពើ​ពុករលួយ​” ដែល​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​នេះ​ទេ។ លោក​ សាវុធ ​បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​ព្រមាន​គាត់​ដើម្បី​រំឭក​គាត់​ឲ្យ​បំពេញ​ការ​ងារ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ” ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ។

លោក គឹមចេង បាន​​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​មិន​បារម្ភ​អំពី​ការ​​ព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ទេ ពីព្រោះ​ការ​ដាក់​ជូន​​ថវិកា​យឺត​យ៉ាវ​គឺ​​​ដោយសារ​​​​កំហុស​​ក្នុង​ការ​ងារ​ស្មៀន​​​តែ​ប៉ុណ្ណោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​បញ្ហា​តូច​តាច​។ ខ្ញុំ​មិន​ខ្វល់​អំពី​ការ​ព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ទេ ពីព្រោះ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​”។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ក៏​បាន​ចេញ​លិខិត​មិន​​​ច្បាស់​​​លាស់​​​ស្រដៀង​គ្នា​នេះ​​​ផង​​​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ផ្ញើ​​​ជូន​លោក ភី ឡងឌី ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​ប៉ៃលិន ដោយ​ព្រមាន​លោក​ឲ្យ​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​បន្ថែម​ទៀត​​ក្នុង​ការ​ធ្វើ​របាយការណ៍​ស្ដីពី​ការ​ចំណាយ​របស់​មន្ទីរ​លោក​។ លិខិត​នេះ​មាន​ខ្លឹមសារ​ថា “លោក​ ឡងឌី ត្រូវ​គោរព​កាតព្វកិច្ច​ឲ្យ​បាន​តឹង​រ៉ឹង​ ​ត្រឹម​ត្រូវ និង​​​ហ្មត់ចត់​​​​ ហើយ​កុំ​ចំណាយ​ថវិកា​​​​ខុស​គោល​ដៅ​ឲ្យសោះ​”។ លិខិត​ដដែល​នេះ​មាន​ខ្លឹម​សារ​ទៀត​ថា ប្រសិន​បើ​លោក ឡងឌី មិន​​​គោរព​​​ទេ​​​នោះ” អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​នឹង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​”។ លោក ឡងឌី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ទេ​​​កាលពី​​​ម្សិលមិញ​៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស