ពីរថ្ងៃបន្ទាប់ពីត្រូវបានដោះលែងពីការឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស មេគ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ឃុន សៀ បានប្តេជ្ញាកាលពីថ្ងៃអាទិត្យ ថានឹងតស៊ូដើម្បីទ្រព្យសម្បត្តិរបស់ខ្លួន។

លោក លី ស្រា៊ងខេង អាយុ៥៨ឆ្នាំ និងកូនស្រីរបស់ខ្លួនឈ្មោះ លី សៀវមិញ អាយុ២៣ឆ្នាំ ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសកាលពីថ្ងៃទី១៨ខែវិច្ឆិកា បន្ទាប់ពីជាប់ចោទក្រោមច្បាប់ដីធ្លីរបស់ប្រទេសកម្ពុជា ពីបទប្រើអំពើហិង្សាលើម្ចាស់អចលនទ្រព្យម្នាក់។
លោក ស៊្រាងខេង ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃសុក្រ ប៉ុន្តែកូនស្រីរបស់គាត់នៅជាប់ឃុំនៅឡើយ។ ភរិយានិងកូនប្រុសរបស់គាត់ ដែលត្រូវគេតាមចាប់ពីបទចោទដូចគ្នា កំពុងតែលាក់ខ្លួន។ លោក ស៊្រាងខេង បាននិយាយកាលពីថ្ងៃអាទិត្យថា “ពួកគេបានចាប់ខ្លួនខ្ញុំ និងដាក់គុកខ្ញុំដោយគ្មានមូលហេតុទេ។ ខ្ញុំមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយទេ។ ក្រុមហ៊ុននេះបានប្រើតុលាការបង្ខំខ្ញុំឲ្យចាកចេញពីដីរបស់ខ្ញុំ”។
គ្រួសារនេះមានជម្លោះជូរចត់ជាមួយក្រុមហ៊ុន ឃុន សៀ របស់ឧកញ៉ា ឃុន សៀ ចាប់តាំងពីពួកគេបដិសេធមិនទទួលយកសំណង១៥.០០០ដុល្លារ ដើម្បីឲ្យចាកចេញពីដីរបស់ខ្លួនក្នុងខណ្ឌទួលគោក ក្រុងភ្នំពេញ ជាងមួយឆ្នាំមកហើយ។
តាំងពីពេលនោះមក គ្រួសារនេះបានក្លាយជាជនរងគ្រោះពីការវាយប្រហារជាច្រើនលើក ដែលពួកគេនិយាយថា ប្រព្រឹត្តឡើងដោយសន្តិសុខក្រុមហ៊ុន។
កាលពីខែតុលាឆ្នាំមុន ពស់វែកជាច្រើនក្បាលត្រូវគេបោះចូលតាមបង្អួចផ្ទះរបស់់គ្រួសារនេះ។
លោក ស៊្រាងខេង ដែលបានវិលត្រឡប់ទៅផ្ទះចាស់នោះវិញ ដែលគាត់បានកាន់កាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីការដោះលែងកាលពីថ្ងៃសុក្រ បាននិយាយថា “បើទោះជាក្រុមហ៊ុននេះប្រើតុលាការដាក់សម្ពាធលើខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែតស៊ូរហូតទាល់តែខ្ញុំស្លាប់ដើម្បីទទួលបានសំណងសមរម្យ”។ “ខ្ញុំនៅមើលផ្ទះរបស់ខ្ញុំ និងការពារដីរបស់ខ្ញុំ ប៉ុន្តែកូនប្រុសនិងភរិយារបស់ខ្ញុំកំពុងលាក់ខ្លួនដើម្បីសុវត្ថិភាព”។
លោកបាននិយាយថា បើលោកទទួលបានប្រាក់សំណងមិនតិចជាង២៥០.០០០ដុល្លារទើបព្រមចាកចេញ។ គ្រួសាររបស់លោក ស៊្រាងខេង ជាគ្រួសារមួយក្នុងចំណោមបីគ្រួសារដែលមិនព្រមបើកផ្លូវសម្រាប់ការអភិវឌ្ឍដែលគ្រោងទុករបស់លោក ឃុន សៀ រហូតដល់ខែកញ្ញា ដែលពេលនោះពីរគ្រួសារផ្សេងទៀតបានទទួលយកសំណងនិងព្រមចាកចេញទៅ។
ផ្ទះរបស់លោកនៅជាប់នឹងអគារមួយដែលកាលនោះជាការិយាល័យអាជ្ញាធរមូលដ្ឋាន និងការិយាល័យគណបក្សប្រជាជនកម្ពុជា ហើយដែលក្រុមហ៊ុននេះទទួលបានពីសាលាក្រុងក្នុងការដោះដូរដីកាលពីឆ្នាំ២០១០៕មានិត