30 C
Phnom Penh

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ គ.ជ.ប.ថ្មី ត្រូវបាន​ព្រាង​រួច​ហើយ​ និងត្រៀម​បញ្ជូន​ទៅ​រដ្ឋ​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​ការ​ងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ​​បាន​ជួប​ប្រជុំ​គ្នា​រយៈពេល​ខ្លី​នៅ​រដ្ឋសភា​កាលពី​ម្សិលមិញ ដោយចេញ​សេចក្ដី​ថ្លែង​ការណ៍​​មួយ​មាន​ខ្លឹម​សារ​ថា ​​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ត្រូវ​បាន​ជម្រះ​ដោយ​គណបក្ស​ទាំង​ពីរ​សម្រាប់​​ដាក់ជូនទៅរដ្ឋសភា​។

តាម​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ជំពូក​ទាក់​ទង​នឹង​ គ.ជ.ប.នៅ​ក្នុង​ច្បាប់​ដែល​មាន​ស្រាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​ ត្រូវ​បាន​ដក​ចេញ​ពី​លក្ខន្តិកៈ​ និង​ធ្វើឲ្យ​ទៅ​ជា​ច្បាប់​ជាក់​លាក់​មួយ​។

នៅ​ក្នុង​ការ​ចរចា​ដ៏អូស​បន្លាយ ដែល​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា និង​បាន​បញ្ចប់​នៅ​​ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ទៀត​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកានោះ ក្រុម​ការ​ងារ​កំណែទម្រង់​ការ​បោះ​ឆ្នោត​​មក​ពី​គណបក្ស​ទាំង​ពីរ​ពេល​នោះបាន​ខ្វែង​គំនិ​តគ្នា​ជុំវិញ​ព័ត៌​មាន​លម្អិត​នៃ​ច្បាប់​នេះ​ ដែល​គ្រោង​បង្កើត​​ គ.ជ.ប.ថ្មី និង​កំណែទម្រង់​គ.ជ.ប.។

ប៉ុន្តែ​ នៅ​ពេល​ចេញ​ពី​កិច្ច​ពិភាក្សា​កាល​ពី​ម្សិល​មិញ ក្រុម​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​លើក​ឡើង​ថា ឥឡូវ​នេះ​ច្បាប់​នេះ​ត្រូវ​បាន​ព្រាង​ចប់​សព្វ​គ្រប់​ហើយ ហើយ​ត្រៀម​បញ្ជូន​ទៅ​រដ្ឋសភា ហើយ​ថា ឥឡូវ​នេះ​កិច្ច​ពិភាក្សា​បាន​ចាប់​ផ្ដើម​ជុំវិញ​ការធ្វើវិសោធនកម្ម​​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ទូលំ​ទូលាយ។

លោក គួយ ប៊ុនរឿន សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​ព្រមព្រៀង​គ្នា​ទាំង​ស្រុង​​នៅ​ក្នុង​​សេចក្ដី​ព្រាង​ច្បាប់​​ចំពោះ​អត្ថន័យ​ដែលបាន​សរសេរនៅ​ក្នុង​ជំពូក​ចំនួន​ប្រាំពីរ និង​មាត្រា​ចំនួន​៦៦​ បន្ទាប់​មក​យើង​បាន​ចុះ​ហត្ថលេខាលើច្បាប់នេះ​នៅ​ថ្ងៃ​នេះ ដើម្បី​បង្ហាញ​ថា យើង​បាន​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទាំង​ស្រុង។

លោក​បាន​បន្ថែម​ថា “ទី២​ក្រុម​ការ​ងារ​នៅ​ថ្ងៃ​នេះ​បាន​បន្ត​ពិនិត្យ​ផែន​ការ​មេ​នៃ​សេចក្ដី​ព្រាង​ច្បាប់នេះ​ដែល​យើង​បាន​កែប្រែ​​​សម្រាប់​ប្រើ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​”។

លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន តំណាង​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​មាន​ប្រសា​សន៍​ថា ឥឡូវ​នេះ​គណបក្ស​កាន់​អំណាច​កំពុង​ពិនិត្យ​មើល​ជំពូក​ទី​១៣​ថ្មី ដែល​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​បន្ថែម​ទៅ​ក្នុង​សេចក្ដី​​ព្រាង​ច្បាប់​បោះ​ឆ្នោតដែលបាន​ធ្វើ​វិសោធនកម្ម​​​។

លោក​ ប៊ិន ឈិន បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ខ្ញុំ​បាន​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​របស់​ពួក​គេ​នៅ​ថ្ងៃ​នេះ ពួកគេ​បាន​បន្ថែម​ជំពូក​មួយ​ទៀត​ទាក់​ទង​គណៈកម្មាធិការ​សន្តិសុខ​សម្រាប់​ការ​បោះ​ឆ្នោត ដូច្នេះ​ខ្ញុំ​បាន​សួរ​ថា តើ​មាន​ប្រយោជន៍​អ្វីក្នុងការ​​ដាក់​បញ្ចូល​ចំណុច​នេះ​ទៅ​​ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នោះ​”។

លោក ប៊ិន ឈិន បាន​មាន​ប្រសាសន៍​ថា ​សន្តិសុខ​​សម្រាប់ការ​បោះ​ឆ្នោត​ត្រូវ​បាន​ចែង​រួច​ហើយ​នៅ​ក្នុង​មាត្រា​២៩​ នៃ​ច្បាប់​បោះ​ឆ្នោត​ ហើយ​ថា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បាន​តម្រូវរួចហើយ​ឲ្យ​សហការ​ជាមួយ​ គ.ជ.ប. ​។​​

លោក គួយ ប៊ុនរឿន និង​លោក ប៊ិន​ ឈិន បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ច្បាប់​បោះ​ឆ្នោត​ត្រូវ​បាន​ព្រាង​រួច​រាល់​អំឡុង​ដំណាច់​ខែ​កុម្ភៈ លក្ខន្តិកៈ​ព្រាង​ទាំង​ពីរ​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​ពិនិត្យ​ និង​អនុម័ត​៕ សារុន​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស