26 C
Phnom Penh

នគរ​បាល​​ចុះ​ត្រួត​ពិនិត្យ​ Router និង​ឯកសារ​របស់​បណ្ដា​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ និង​អុីនធើណិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ខែ​តុលា នគរ​បាល​បាន​ចុះ​ទៅ​​កាន់​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ និង​​អុីនធើណិត​ទាំង​អស់​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​​ពិនិត្យ​មើល​ Router និង​ឧបករណ៍​ផ្សេងៗ​ទៀត​ និង​ដើម្បី​ពិនិត្យ​មើល​​ឯកសារ​ទូទាត់​វិក្កយបត្រ​​ និង​ Data Log របស់​ក្រុម​ហ៊ុន​​ទាំង​នោះ​ នេះ​បើ​យោង​តាម​ឯកសារ​ទទួល​បាន​កាលពី​ខែ​មុន និង​បទ​សម្ភាស​ជាមួយ​មន្ត្រី​​នគរ​បាល​ជាន់​ខ្ពស់​មួយ​រូប​។

នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី៧ ខែ​តុលា លោក ម៉ៅ ចរិយា ​នាយក​បញ្ញត្តិករ​​ទូរគមនាគមន៍​កម្ពុជា​​ (TRC) បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ និង​អុីនធើណិត​ទាំង​អស់​បើក​ទ្វារ​ស្វាគមន៍​មន្ត្រី​ស៊ើបអង្កេត​មក​ពី​នាយក​ដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​ក្រសួង​មហាផ្ទៃ​ ដើម្បីផ្ដល់​លទ្ធភាព​​​ឲ្យ​ពួកគេ​អាច​ “សិក្សា​លម្អិត​អំពី​ឧបករណ៍​បច្ចេកទេស​របស់​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទាំង​អស់​នោះ”។​

លិខិត​នេះ​បាន​ណែនាំ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នោះ ត្រៀម​ឯកសារ​ទុក​ជាមុន​សម្រាប់​នគរ​បាល​ស៊ើបអង្កេត​ត្រួត​ពិនិត្យ រួម​មាន​ទាំង​ព័ត៌មាន​ទូទាត់​វិក្កយបត្រ​ និង​ Data Log ផង​ដែរ​។ ក្រុម​ហ៊ុន​​ទាំង​នោះ​ក៏​ត្រូវ​បាន​​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ ជូន​ដំណឹង​​ឲ្យ​ត្រៀម​អ្នក​បច្ចេកទេស​របស់​ខ្លួន​សម្រាប់​ការ​សាកសួរ​ និង​ដើម្បី​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចូល​ទៅ​ពិនិត្យ​មើល​ផ្នែក​សំខាន់ៗ​នៃ​បណ្ដាញ​របស់​ពួកគេ​ ដែល​អាច​ប្រមូល​ព័ត៌មាន​អ្នក​ប្រើ​ប្រាស់​ឯកជន​តាម​រយៈ​នោះ​ផង​ដែរ​។

នៅ​ក្នុង​ករណី​ខ្លះ​ លិខិត​នេះ​មាន​អម​ដោយ​កម្រង​សំណួរ​កម្រាស់​២៥ទំព័រ​ ដែល​​បាន​ស្នើ​សុំ​ព័ត៌មាន​​លម្អិត​អំពី​រចនា​សម្ព័ន្ធ​បណ្ដាញ​របស់​ក្រុម​ហ៊ុន​។

លោក ម៉ៅ ចរិយា បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​​កំពុង​នៅ​​ក្រៅ​ប្រទេស​ ហើយ​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ ប៉ុន្តែ​លោក ឆៃ ស៊ីណារិទ្ធ ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខបាន​បញ្ជាក់​កាលពី​សប្ដាហ៍​មុន​ថា ពិត​ជាមាន​ការ​ចុះ​ធ្វើ​អធិការកិច្ច​​បែប​នេះ​មែន។

ឧត្ដម​សេនីយ៍​ឯក​ ឆៃ ស៊ីណារិទ្ធ បាន​មាន​ប្រសាសន៍​ថា ប្រតិបត្តិការ​​នេះ​ធ្វើ​ឡើង​ដើម្បី​​តាម​ប្រមាញ់​ជនឆបោក​​ ដែល​ប្រើ​ប្រាស់​​ប្រព័ន្ធ​សំឡេង​ VoIP ដើម្បី​ជំរិត​ទារ​ប្រាក់​តាម​អុីនធើណិត​។ ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​មក​នេះ ជនជាតិ​ចិន​ ចិន​តៃវ៉ាន់ និង​កូរ៉េខាង​ត្បូង​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពីបទ​ដំណើរ​ការ​​ប្រព័ន្ធ​​ VoIP ដើម្បី​ឆបោក​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។ លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា “យើង​ពិនិត្យ​មើល​ VoIP ពីព្រោះ​​ក្នុង​ករណី​លើក​មុនៗ​ ជា​ធម្មតា​បទ​ល្មើស​អុីនធើណិត​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ដើម្បី​ជំរិត​ទារ​ប្រាក់។ យើង​ចង់​ដឹង​វិធី​ដែល​ក្រុម​ទាំង​នេះ​កំពុង​ប្រើ​ប្រាស់​”។

លោក​បាន​បញ្ជាក់​ថា អធិការកិច្ច​ទាំង​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​អនុវត្ត​​តាម​សារាចរ​មួយ​​កាល​ពី​ឆ្នាំ​២០១២​របស់​អន្តរក្រសួង​ ដែល​គូស​បញ្ជាក់​​ពី​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ចល័ត​ VoIP និង​អុីនធើណិត​​ដោយ​បុគ្គល​ដែល​បាន​​​ “ប្រព្រឹត្ត​អំពើ​ភេរវកម្ម បទ​ល្មើស​ឆ្លង​ដែន ប្លន់ ចាប់​ជំរិត មនុស្សឃាត ជួញដូរ​គ្រឿង​ញៀន ជួញដូរ​មនុស្ស និង​បទ​ល្មើស​សេដ្ឋកិច្ច”។

លោក​បាន​លើក​ឡើង​បន្ត​ថា រដ្ឋាភិបាល​គ្មាន​បំណង​​​​សិក្សា​បន្ថែម​ទៀត​លើ​ទិន្នន័យ​អ្នក​ប្រើ​​ប្រាស់ ឬ​ព័ត៌មាន​ផ្សេង​ទៀត​​ដែល​អាច​​រក​ឃើញ​វិញ​ពី​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​បណ្ដាញ​របស់​ក្រុម​ហ៊ុន​ឡើយ។ លោក​មាន​ប្រសាសន៍​ថា “អ្វី​ដែល​យើង​ធ្វើ​ គឺ​ផ្អែកលើ​ច្បាប់​។ យើង​មិន​អាច​ស៊ើប​អង្កេត​ ឬស្ដាប់​ការ​សន្ទនាឯកជន​បាន​ទេ ពីព្រោះ​វា​បំពាន​សិទ្ធិ​ឯកជន​របស់​បុគ្គល”។

នាយកប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន​ពីរ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ​មន្ត្រី​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល​បាន​​ចុះ​ទៅកាន់​​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​កាល​ពី​ខែ​តុលា ដើម្បី​ធ្វើ​អធិការកិច្ច​ ប៉ុន្តែ​មិន​និយាយ​លម្អិត​​ថា ឧបករណ៍​អ្វី​ខ្លះ​ត្រូវ​បាន​ត្រួត​ពិនិត្យ​នោះ​ទេ។

លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​តុលា ដែល​បញ្ជា​ឲ្យ​ក្រុម​ហ៊ុននានា​ទទួល​យក​ការ​ធ្វើ​អធិការកិច្ច​នេះ បាន​កើត​មានឡើង​បួន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ឧបនាយករដ្ឋមន្ត្រី សុខ អាន ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​​ជា​ផ្លូវ​ការ​ចំពោះ​ក្រុម​​បង្ក្រាប​បទ​ល្មើស​តាម​អុីនធើណិត​ ជា​អង្គភាព​មួយ​របស់​រដ្ឋាភិបាល​​​ដែល​ទទួល​បន្ទុក​​ពិនិត្យ​តាម​ដាន​​អុីនធើណិត​ និងបណ្ដាញ​ទំនាក់​ទំនង​សង្គម​ ដើម្បី​ ” ការ​ពារ​ជំហរ​ និង​កិត្យានុភាព​របស់​រដ្ឋាភិបាល​”។

លោក​ ម៉ាក រ៉ាស (Mark Rasch)​ អតីត​ប្រធាន​អង្គភាព​បទ​ល្មើស​កុំព្យូទ័រ​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក និង​​ជា​​អនុប្រធាន​​ក្រុម​ហ៊ុន​ Science Applications International Corporation ជាក្រុម​ហ៊ុន​​ទទួល​កិច្ច​សន្យា​ស៊ើប​អង្កេត​របស់​សហរដ្ឋអាមេរិក ​បាន​មាន​ប្រសាសន៍​ថា ការ​ត្រួត​ពិនិត្យ​ឧបករណ៍​​បណ្ដាញ​ គឺ​ជាវិធី​ស្រប​ច្បាប់​ដើម្បី​កម្ចាត់​ក្រុម​ VoIP ប៉ុន្តែ​​លើក​ឡើង​ថា ការ​ធ្វើ​អធិការកិច្ច​បែប​នេះ​ក៏​អាច​​ផ្ដល់​ព័ត៌មាន​ដែល​តម្រូវ​ឲ្យ​ឃ្លាំ​មើល​បណ្ដាញ​ ដល់​រដ្ឋាភិបាល​ផង​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ធ្វើ​អធិការកិច្ច​ទាំង​នេះ​ ប្រៀប​បាន​នឹង​ការ​ពិនិត្យ​មើល​​​សោទ្វារ​អ៊ីចឹង​ដែរ​។ វា​​អាច​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា សោ​ទាំង​នោះ​មាន​សុវត្ថិភាព ប៉ុន្តែ​​វា​ក៏​អាច​ផ្ដល់​ព័ត៌មាន​ដែល​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​សោ​នៅ​ពេល​អនាគត​ផង​ដែរ​។

លោក​បាន​លើក​ឡើង​បន្ត​ថា “អ្វីដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​ថា ការ​អនុវត្ត​ច្បាប់ ឬ​បណ្ដា​​ទីភ្នាក់​ងារ​ស៊ើបអង្កេត​​ទំនង​ជា​អាច​ប្រមូល​បាន​​ព័ត៌មាន​​ដោយ​ខ្លួន​ឯង​។ អ្វី​ដែល​អ្នក​ត្រូវ​ការ​​គឺ​ការ​ធានា​ពី​រដ្ឋាភិបាល​ថា​វា​គ្មាន​ករណី​បែប​នេះ​កើត​ឡើង​។ ​វា​គឺ​ជា​តុល្យភាព​ដ៏រសើប​មួយ​នៅ​ក្នុង​សង្វៀន​សន្តិសុខ​ជាតិ​រវាង​ក្រុម​ហ៊ុន​ទូរគមនាគមន៍ ដែល​ត្រូវ​ធានា​សុវត្ថិភាព​ពីការ​វាយ​ប្រហារ​​របស់​បច្ចាមិត្ត​ និង​សម្រាប់​អ្នក​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​ការ​វាយ​ប្រហារ​ សូម្បី​ដោយ​រដ្ឋាភិបាល​ផ្ទាល់​ខ្លួន​របស់​ពួកគេ”៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ​ វណ្ណ រើន​)​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស