ពលរដ្ឋខ្មែររាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឲ្យមានការដោះលែងសកម្មជនមួយចំនួន ដែលកំពុងជាប់ពន្ធនាគារក្នុងរាជធានីភ្នំពេញពីបទចូលរួមនៅក្នុងការតវ៉ាផ្សេងៗ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងទៅដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេលបួនថ្ងៃ ដើម្បីចូលរួមជំនួបកំពូលនៃមេដឹកនាំក្នុងតំបន់។
ក្នុងចំណោមអ្នករៀបចំការតវ៉ាកាលពីថ្ងៃអាទិត្យ គឺលោក យឹម ស៊ីណន ប្រធានចលនាយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ។ ពេលនិយាយតាមទូរស័ព្ទពីទីក្រុងសេអ៊ូល កាលពីម្សិលមិញ លោក ស៊ីណន បាននិយាយថា អ្នកតវ៉ាដែលមានចំនួនប្រហែល៥០០នាក់គឺធ្វើបាតុកម្មក្នុងគោលបំណងទាញចំណាប់អារម្មណ៍មេដឹកនាំក្នុងតំបន់ ដែលនឹងទៅចូលរួមក្នុងជំនួបកំពូលឲ្យចាប់អារម្មណ៍អំពីបញ្ហានេះ ហើយនឹងនាំគ្នាតវ៉ាម្តងទៀតអំឡុងជំនួបកំពូល ប្រសិនបើសកម្មជនមិនត្រូវបានដោះលែងទេនោះ។
លោក ស៊ីណន ដែលធ្វើការនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្ត បាននិយាយថា “យើងតវ៉ាព្រោះយើងចង់បង្ហាញអន្តរជាតិជាពិសេសមេដឹកនាំប្រទេសសមាជិកអាស៊ានឲ្យឃើញថា មេដឹកនាំកម្ពុជាកំពុងតែឃុំខ្លួនអ្នកដែលគ្មានទោសពៃរ៍”។
លោក ស៊ីណន បានលើកឡើងទៀតថា អ្នកតវ៉ាចង់ឲ្យ លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលើកឡើងពីការទាមទាររបស់ពួកគេជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលលោកទៅដល់ទីនោះ។ លោកបាននិយាយទៀតថា “ប្រសិនបើគ្មានអន្តរាគមន៍ [ពីឯកអគ្គរាជទូត] ទេនោះ យើងនឹងប្រមូលផ្តុំគ្នាតវ៉ាម្តងទៀត អំឡុងការបំពេញទស្សនកិច្ចរបស់លោក ហ៊ុន សែន”។
លោក ស៊ុត ឌីណា ដែលគេក៏ទាក់ទងតាមទូរស័ព្ទផងដែរកាលពីម្សិលមិញ បានលើកឡើងថា លោកគ្មានបំណងដោះស្រាយការទាមទាររបស់អ្នកតវ៉ាដែលលោកប៉ាន់ប្រមាណថា មានគ្នាប្រហែល២០០នាក់នេះឡើយ។ លោកបានលើកឡើងទៀតថា អ្នកតវ៉ាគឺគ្រាន់តែជា “ឧបករណ៍” របស់អ្នកនយោបាយតែប៉ុណ្ណោះ តែទោះជាយ៉ាងណា លោកបានបដិសេធមិនបញ្ជាក់ថា ជានរណាឡើយ។
លោកបានមានប្រសាសន៍ថា “បញ្ហានយោបាយត្រូវតែត្រូវបានដោះស្រាយជាមួយនយោបាយ ប៉ុន្តែ ការតវ៉ានេះគឺជាបញ្ហាស្របច្បាប់មួយ ហើយត្រូវតែដោះស្រាយជាមួយច្បាប់រដ្ឋ។ ខ្ញុំមិនព្រួយបារម្ភចំពោះការតវ៉ានេះទេ ព្រោះខ្ញុំគ្រាន់តែបំពេញការងាររបស់ខ្ញុំជាឯកអគ្គរាជទូតតែប៉ុណ្ណោះ”។
ក្នុងចំណោមមនុស្សទាំង១៧នាក់ដែលត្រូវបានបញ្ជូនទៅពន្ធនាគាររួមមាន ព្រះសង្ឃ សកម្មជនមកពីគណបក្សសង្គ្រោះជាតិ និងស្ត្រីចំនួនប្រាំពីរនាក់មកពីតំបន់បឹងកក់ ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលមួយឆ្នាំកាលពីខែមុន ពីបទយកគ្រែដាក់ចំកណ្តាលមហាវិថីព្រះមុនីវង្ស អំឡុងការតវ៉ាមួយចំពោះទឹកជំនន់ដែលជន់លិចផ្ទះសំបែងរបស់ពួកគាត់ម្តងហើយម្តងទៀត។
កាលពីម្សិលមិញ សកម្មជនប្រឆាំងការបណ្តេញចេញប្រហែល២០នាក់បាននាំគ្នាធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដើម្បីជំរុញឲ្យលោក សម រង្ស៊ី ប្រធានគណបក្សនេះស្នើសុំលោក ហ៊ុន សែន ឲ្យដោះលែងសកម្មជនដែលកំពុងជាប់ពន្ធនាគារ។
នៅក្នុងវីដេអូឃ្លីបមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី បានប្រាប់ថា លោកបានជួបជាមួយសកម្មជនមួយចំនួនកាលពីថ្ងៃអាទិត្យ ហើយលោកនឹងព្យាយាម ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងសកម្មជនទាំងនោះ៕ស៊ុយឈាង