28 C
Phnom Penh

សមា​ជិក​សភា​គណបក្ស​ស​ង្គ្រោះ​ជាត​ិ​ម្នាក់​មិន​បោះបង​់​អាសនៈ​សភារបស់ខ្លួន ​ឲ្យ​សហ​សេវិក​ដែល​ជាប់​ពន្ធ​នាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក យន្ត ថារូ សមាជិក​​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា លោក​នឹង​មិនបោះ​បង់​អាសនៈ​សភា​របស់​លោក​ដើម្បី​បើក​ផ្លូវ​​សម្រាប់​លោក មាជ សុវណ្ណរ៉ា មន្ត្រី​គណបក្ស​​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​ឡើយ ដោយ​លើក​ឡើង​ថា ក្នុង​នាម​ជា​សមា​ជិក​សភា​​ខ្មែរ​ក្រោម​តែ​ម្នាក់​គត់​ លោក​គួរ​នៅជា​​តំណាង​ផល​ប្រយោជន៍​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​​។

បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក មាជ សុវណ្ណរ៉ា កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ដោយ​ចោទ​ប្រកាន់​ពីបទ​ “កុបកម្ម​” មក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ស្នើ​ជា​សាធារណៈ​ថា​ លោក យន្ត ថារូ អាចលាលែង​​ដើម្បី​អនុញ្ញាត​មន្ត្រី​ដែល​ជាប់​ពន្ធនាគារ​កាន់​កាប់​អាសនៈ​របស់​លោក និងមាន​អភ័យ​​ឯកសិទ្ធិ​សភា​រួចផុតពីការ​ផ្ដន្ទាទោស​ទាក់​ទង​នឹងករណី​នេះ​។

ប៉ុន្តែ​លោក យន្ត​ ថារូ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្នុង​នាម​ជា​សំឡេងក្នុង​សភា​​តែ​មួយ​គត់តំណាង​ឲ្យ​ខ្មែរ​ក្រោម​​ ជាជនជាត​ិ​ដើម​ភាគតិចខ្មែរ​​ដែល​រស់​នៅ​ក្នុង​​​អតីត​ខេត្ត​ខ្មែរ​ក្នុង​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង​ លោក​មិន​​អាចបោះ​បង់​អាសនៈ​របស់​ខ្លួន​ឲ្យ​លោក មាជ សុវណ្ណរា៉ បាន​ទេ​។

លោក យន្ត​ ថារូ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​បន្ទាប់ពី​សួរ​សុខទុក្ខ​សហសេវិក​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ថា “ខ្ញុំ​នឹង​មិន​លាលែង​ដើម្បី​ផ្តល់តួនាទីនេះដល់​គាត់​ឡើយ​ ពីព្រោះ​ខ្ញុំ​ជា​សមាជិក​សភា​ខ្មែរ​ក្រោម​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​តំណាង​ឲ្យ​សំឡេង​ខ្មែរ​ក្រោម​នៅ​សភា”។ លោក យន្ត ថារូ បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ខ្ញុំ​ជួប​ជាមួយ​គាត់​នៅ​ពន្ធនាគារ​ យើង​មិន​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ឯក​ឧត្ដម សម រង្ស៊ី បានទាក់​ទង​មក​ខ្ញុំ​​ ដែល​លោក​បាន​សុំ​ឲ្យ​ខ្ញុំ​លាលែង​​ ប៉ុន្តែ​​ខ្ញុំ​បាន​ប្រាប់​លោក​ថា ខ្ញុំ​នឹង​មិន​លាលែង​ទេ ពីព្រោះ​ប្រជា​ជន​ខ្មែរ​ក្រោម​ត្រូវ​ការ​សំឡេង​របស់​ខ្ញុំ​”។ លោក​បាន​បន្ថែម​ថា “ចាប់​តាំង​ពី​ពេល​នោះ​មក វា​បាន​ស្ងប់​ស្ងាត់ ហើយ​គ្មាន​នរណា​ម្នាក់​មក​សួរ​ខ្ញុំ​អំពី​បញ្ហា​នេះ​ទៀត​ទេ​”។

លោក យន្ត ថារ៉ូ​ ធ្លាប់​បាន​ដឹក​​នាំ​សមាគម​ខ្មែរក្រោមដើម្បី​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍន៍​​ មុន​​ពេល​​​ធ្វើ​ជា​សមាជិក​សភា​គណបក្ស​ សម រង្ស៊ី ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៣។

នៅ​ពេល​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ លោក​ត្រូវ​បាន​ជាប់ឆ្នោត​ជា​សមា​ជិក​សភា​​មណ្ឌល​បន្ទាយ​មានជ័យ​ម្ដង​ទៀត ហើយ​ពេល​នេះ​ក្នុង​នាម​ជា​បេក្ខ​ជន​លេខ​រៀង​ទី២​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​សម្រាប់​ខេត្ត​នេះ។

លោក មាជ សុវណ្ណរា៉ ជា​បេក្ខជន​លេខរៀង​ទី៣​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ទទួលបាន​អាសនៈ​របស់​លោក យន្ត ថារូ ដោយ​ស្វ័យ​ប្រវត្តិ​ប្រសិន​បើលោក​បាន​លាលែង​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ក្រៅ​ពី​ផល​ប្រយោជន៍​នេះ ការ​​លាលែង​របស់​លោក យន្ត ថារូ អាច​ផ្ដល់​​ឱកាសដល់​លោក មាជ សុវណ្ណរា៉ នោះ​ លោក​ក៏​ចង់​ឲ្យ​សមាជិក​សភា​រូប​នេះ​លះ​បង់​អាសនៈ​សភា​របស់​លោកដែរ ពីព្រោះ​​កាល​​ពី​ពេល​ថ្មីៗ​នេះ​លោក​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា “ខ្ញុំ​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ ប៉ុន្តែ​ទាក់​ទង​លោក យន្ត ថារូ យើង​ត្រូវ​បន្តធ្វើ​ដោយសន្សឹមៗ ពីព្រោះ​គាត់​មាន​សុខភាព​មិន​ល្អ។ គាត់​មាន​​ជំងឺ​ដាច់​សរសៃ​​ឈាម​​ក្នុង​ខួរ​ក្បាល ហើយ​យើង​មិន​ចង់​សួរ​គាត់​ខ្លាំងៗនោះ​ទេ”។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា បញ្ហា​សុខភាព​របស់​លោក យន្ត ថារូ ធ្ងន់ធ្ងរ​ណាស់សម្រាប់គាត​់​​មិន​អាច​បន្ត​ធ្វើជា​សមាជិក​សភា​បាន​ឡើយ​ ទោះ​បី​ក្រោយ​ការ​ពិចារណា​ពីការ​ពិត​ដែល​ថា លោក យន្ត ថារូ ជា​សមាជិក​សភា​តំណាង​​ខ្មែរ​ក្រោម​តែ​ម្នាក់​គត់​ក៏ដោយ។

ប៉ុន្តែ​លោក យន្ត ថារូ បាន​មាន​ប្រសាសន៍​ថា លោក​មិន​លាលែង​តាម​សំណើរបស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​បាន​អះអាង​ថា លោក​នៅ​តែ​បន្ត​ការងារ​​របស់​លោក​ដដែល​។ លោក​ យន្ត ថារូ បាន​សង្កត់​ធ្ងន់​ថា “ខ្ញុំ​មាន​សុខភាព​ល្អ។ ខ្ញុំ​អាច​ចុះ​ទៅ​តាម​ភូមិ​ ជួប​ប្រជា​ជន​ និង​ធ្វើ​ការ​ងារ​របស់​ខ្ញុំ​នៅ​រដ្ឋសភា​បាន​។ ខ្ញុំ​មិនមានបញ្ហា​សុខភាព​ឡើយ​”៕ សារុន​ (រាយ​ការណ៍​​បន្ថែម​ដោយ Alex Willemyns)​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស