លោក សំ សុផល ប្រធានពន្ធនាគារខេត្តព្រះសីហនុ បានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកទោសជនជាតិរុស្សីម្នាក់ដែលកំពុងរង់ចាំការជំនុំជម្រះនៅពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យបានព្យាយាមរត់គេចតាមដំបូលមណ្ឌលសុខភាពរបស់ពន្ធនាគារបន្ទាប់មកបានប៉ុនប៉ងធ្វើអត្តឃាតនៅពេលផែនការបរាជ័យ។
លោក សុផល បានមានប្រសាសន៍ថា កាលពីថ្ងៃសៅរ៍ រ៉ូសាន គូវ៉ាន់ឌីកូវ អាយុ៣១ឆ្នាំ ដែលកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាការនេះដោយចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនានោះ បានត្អូញត្អែរពីការឈឺស្មា ហើយត្រូវបានបញ្ជូនទៅស្នាក់នៅក្នុងមណ្ឌលសុខភាពរបស់ពន្ធនាគារមួយយប់។
លោកបានមានប្រសាសន៍ថា នៅម៉ោងប្រហែល៣រំលងអធ្រាត្រថ្ងៃអាទិត្យ គូវ៉ាន់ឌីកូវ បានឡើងលើពិដានបន្ទប់ ដែលស្ថិតនៅជិតបរិវេណពន្ធនាគារ ហើយបានចេញតាមប្រហោងស័ង្កសី។
លោក សុផល បានមានប្រសាសន៍ថា នៅពេលជននេះព្យាយាមលោតចុះពីដំបូល ហើយផ្លោះរបងព័ទ្ធជុំវិញបរិវេណនោះ គាត់បានធ្លាក់មកដី ធ្វើឲ្យសន្តិសុខដែលយាមនៅខាងក្រៅទ្វារភ្ញាក់។ លោកបានមានប្រសាសន៍ថា ប៉ុន្តែ មុនពេលសន្តិសុខចូលទៅជិត គូវ៉ាន់ឌីកូវ បានយកបំណែកកញ្ចក់ដែលគាត់បានធ្វើឲ្យបែកនៅពេលគាត់ធ្លាក់នោះ មកអារករបស់ខ្លួន។
លោក សុផល បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាអ្នកទោសរូបនេះព្យាយាមធ្វើអត្តឃាតទេ។ ខ្ញុំគិតថា ដោយសារជននេះរត់គេចខ្លួនមិនបានសម្រេចហើយមើលទៅ”។ លោកបានបន្ថែមថា ជនជាតិរុស្សីរូបនេះកំពុងសម្រាកព្យាបាលរបួសរបស់ខ្លួននៅមន្ទីរពេទ្យខេត្ត។
លោក អេ ឃាង ចៅក្រមសាលាដំបូងខេត្តបានមានប្រសាសន៍ថា គូវ៉ាន់ឌីកូវ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា ពីបទយកកាំបិតចាក់បុរសជនជាតិខ្មែរម្នាក់ឲ្យរងរបួសស្រាល អំឡុងការវាយតប់គ្នានៅរង្គសាលមួយ៕សារុន